អន្តរជាតិ
ប្រទេសពីរប៉ុណ្ណោះ រាយការណ៍ករណីស្លាប់ដោយសារវីរុសអូមីក្រុង
21, Dec 2021 , 10:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ត្រូវបានបណ្តាប្រទេសជាច្រើនប្រកាសរកឃើញករណីឆ្លងជាបន្តបន្ទាប់។ ស្របគ្នានោះ អង្គការសុខភាពពិភពលោក បានព្រមានថា វីរុសបំប្លែងខ្លួន អូមីក្រុង បានរីកសាយយ៉ាងរហ័ស និងអាចធ្វើឱ្យអ្នកចាក់វ៉ាក់សាំងធ្លាក់ខ្លួនឈឺ ឬអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ធ្លាក់ខ្លួនឈឺឡើងវិញ។

 
 
បើទោះមានប្រទេសជាច្រើនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង ប៉ុន្តែវាមានករណីស្លាប់តិចតួចណាស់ដែលត្រូវបានប្រកាសបណ្តាប្រទេសមួយចំនួន។ ស្របពេលមានករណីស្លាប់តិចតួចបែបនេះ អ្នកជំនាញអង្គការសុខភាពពិភពលោក បានព្រមានថា មិនត្រូវមើលស្រាលលើវីរុសអូមីក្រុងឡើយ ព្រោះវាមិនទាន់មានទិន្នន័យជាក់លាក់។ 
 
តើករណីស្លាប់ដោយសារវីរុសអូមីក្រុងមានប៉ុន្មានករណី? ហើយតើប្រទេសណាខ្លះ បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង? 
 
អង់គ្លេស ជាប្រទេសមួយ ដែលបានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង ដំបូងគេបំផុត។ គិតត្រឹមថ្ងៃទី២០ ខែធ្នូ អ្នកស្លាប់ដោយសារវីរុសអូមីក្រុងនៅចក្រភពអង់គ្លេស បានកើនដល់១២នាក់ ខណៈករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ មានប្រមាណជាង ១២០០០ករណី។ អ្នកជំនាញ បានព្រមានថា អង់គ្លេស អាចនឹងមានករណីឆ្លងវីរុសអូមីក្រុងច្រើនជាងនេះក្នុងមួយថ្ងៃ។ 
 
ឯអាម៉េរិកវិញ នៅថ្ងៃទី២០ ខែធ្នូ បានរាយការណ៍ករណីស្លាប់១នាក់ ដោយសារជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងលើកដំបូង។ ករណីស្លាប់នេះ កើតមាននៅតំបន់Harris ក្នុងរដ្ឋTexas។ តាមការបញ្ជាក់របស់អាជ្ញាធរតំបន់ បុរសដែលបានទទួលមរណភាពនោះ មិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទេ។ 
 
ករណីស្លាប់នេះ កើតឡើងស្របពេលមន្រ្តីសុខាភិបាលអាម៉េរិក បានព្រមានថា ករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង អាចមានរហូតដល់ ៧៣,២ភាគរយឯណោះ នៃករណីឆ្លងថ្មី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ៕

Tag:
 កូវីដ-១៩
  អង់គ្លេស
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com