អន្តរជាតិ
ចិនតបទៅG7៖ ហុងកុងក្រោមការគ្រប់គ្រងរបស់អង់គ្លេស គ្មានប្រជាធិបតេយ្យទេ
22, Dec 2021 , 11:20 am        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ។ រូបភាព៖ ក្រសួងការបរទេសចិន
ហុងកុងដែលស្ថិតនៅក្រោមអាណានិគមអង់គ្លេស មិនមែនប្រជាធិបតេយ្យទាល់តែសោះ ហើយប្រជាជន ក៏មិនធ្លាប់ទទួលបានប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពពិតប្រាកដអ្វីឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឆ្លើយតបបែបនេះទៅក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ដែលបានចេញសេចក្តីថ្លែងការណ៍រួមរិះគន់ការធ្លាក់ចុះប្រជាធិបតេយ្យ និងការបោះឆ្នោតនៅហុងកុង។

 
 
ការបោះឆ្នោតសភានៅហុងកុង ត្រូវបានប្រទេសលោកខាងលិចរិះគន់យ៉ាងខ្លាំង។ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជុំវិញការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ការបន្ថយចំនួនបេក្ខភាពសមាជិកសភាដែលត្រូវជ្រើសរើសដោយប្រជាជន និងពិនិត្យយ៉ាងម៉ត់ចត់លើបេក្ខភាពឈរឈ្មោះជាសមាជិកសភាជាដើម។ 
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានជំទាស់សេចក្តីថ្លែងការណ៍ក្រុមប្រទេសG7 យ៉ាងខ្លាំង ដោយចាត់ទុកជាកាយវិការមិនទទួលខុសត្រូវ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហុងកុង។ មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ ក៏រំលឹកពីបញ្ហាដែលហុងកុង ធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសដែរ។ 
 
«ក្រោមអាណានិគមអង់គ្លេស គ្មានប្រជាធិបតេយ្យទាល់តែសោះនៅហុងកុង»។ លោក Zhao បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា ប្រជាជនរស់នៅក្នុងទីក្រុង មិនធ្លាប់ទទួលបានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពពិតប្រាកដឡើយ។ ដោយឌឺដងដាក់ក្រុមប្រទេស G7 អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្តថា ប៉ុន្តែវាមិនមានការលើកឡើងពីការព្រួយបារម្ភពីបញ្ហាលទ្ធិប្រជាធិបតេយ្យឡើយ ក្នុងពេលនោះ។ 
 
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក Zhao បានអះអាងទៀតថា នៅពេលហុងកុងមានការកែលម្អ ដោយមានការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ក្រុមប្រទេសលោកខាងលិច បានបង្ហាញពីក្តីបារម្ភលើការបោះឆ្នោតនៅក្នុងដែនរដ្ឋបាលរបស់ចិនដោយមិនខ្មាសអៀន និងចោទប្រកាន់ពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅហុងកុង។ ក្នុងន័យនេះ លោក Zhao បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 មានការលាក់ពុត ដោយធ្វើឱ្យមានអស្ថិរភាពនៅហុងកុង និងការអភិវឌ្ឍរបស់ចិន។ 
 
សូមបញ្ជាក់ថា ហុងកុង ធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសចាប់ពីឆ្នាំ ១៨៤១ បន្ទាប់ពីចាញ់ចិនចាញ់សង្រ្គាមអាភៀនលើកទីមួយ រហូតដល់ឆ្នាំ ១៩៩៧។ មុនអង់គ្លេស ប្រគល់ហុងកុងមកចិនវិញ ប្រទេសទាំងពីរ បានចេញសេចក្តីប្រកាសរួមមួយ នៅក្នុងឆ្នាំ១៩៨៤ ៕

អត្ថបទទាក់ទង
 

Tag:
 ចិន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com