ជាតិ
អួតសម្ញែង​ទ្រព្យតាមបណ្តាញសង្គម អាចនាំគ្រោះ​ដល់ខ្លួន!
22, Dec 2021 , 2:30 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក្នុងសម័យបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដេញសង្គម ដូចជាហ្វេសប៊ុក TikTok និងInstagram ជាដើម បាននិងកំពុងសម្ញែងភាពមានបានរបស់ខ្លួន នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នេះ។ ពួកគេទាំងនោះ ទំនងជាភ្លេចគិតពីបច្ច័យអាក្រក់ ដែលអាចនាំគ្រោះថ្នាក់ដល់ខ្លួន តាមរយៈសកម្មភាពបទល្មើស ពីសំណាក់ក្រុមទុច្ចរិត ដែលអាចកើតមានឡើង នៅពេលណាមួយហើយមើលទៅ។



ក្លាយខ្លួនពីអ្នកលក់ឡេ ទៅជាឧកញ៉ា , ជីវិតពីកម្មករគេ ទៅជាសេដ្ឋី និងក្លាយជាអ្នករកស៊ីមានទ្រព្យសម្បត្តិហូរហៀរ សុទ្ធសឹងតែត្រូវបានលាតត្រដាង នៅលើបណ្ដាញសង្គម ជាងការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មានទៅទៀត។ ពីមុនអ្នកមានទ្រព្យសម្បត្តិហូរហៀរ សេដ្ឋី ឬឧកញ៉ានានា គឺចេញពីព័ត៌មានផ្សព្វផ្សាយ ប៉ុន្តែបច្ចុប្បន្ននេះ សឹងតែមិនបាច់ទេ គឺពួកគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក TikTok និង Instagram ដោយខ្លួនឯងបាន។ 
 
មិនត្រឹមតែបង្ហោះពីកេរ្តិ៍ឈ្មោះ ឬកិត្តិនាមខ្លួននៅតាមបណ្ដាញសង្គមប៉ុណ្ណោះទេ តែសេដ្ឋី និងអ្នកមានទ្រព្យទាំងនោះ ថែមបង្ហោះរូបភាពសម្ញែងពីទ្រព្យសម្បត្តិ និងលុយដុល្លារវាល់លានរបស់ខ្លួន នៅតាមបណ្ដាញសង្គមទាំងនោះទៀតផង។ ចុះបើសួរថា សេដ្ឋី អ្នកមានសម្បតិ្តស្ដុកស្ដម្ភ បង្ហោះរូបភាពបែបនេះ ខុសមែនទេ? វាពិតជាមិនខុសនោះទេ ព្រោះវាជាលុយកាក់ទ្រព្យសម្បត្តិ ដែលកើតចេញពីកម្លាំងញើសឈាមរបស់ពួកគេ ដែលខំប្រឹងរកតាំងពីបាតដៃទទេ ក្រលំបាកតោកយ៉ាក ទម្រាំមានជីវិតថ្លៃថ្នូរបែបនេះ។ ហើយម្យ៉ាងទៀត ពួកគេក៏ចង់បណ្ដុះផ្នត់គំនិតយុវជន និងពលរដ្ឋទូទៅ ដែលជួបការលំបាកនោះ ឱ្យចេះប្រឹងប្រែងប្រកបរបររកស៊ី និងបង្កើនចំណេះដឹង ដើម្បីរកលុយតាមចំណេះជំនាញ និងអាចវិវត្តន៍ខ្លួន ទៅជាសេដ្ឋី និងមានទ្រព្យសម្បត្តិដូចពួកគេ។
 
តែយ៉ាងណា សកម្មភាពបង្ហោះរូបភាពសម្ញែងពីទ្រព្យសម្បត្តិ និងលុយដុល្លារវាល់លានរបស់សេដ្ឋី និងអ្នកមានទាំងនោះ មិនគួរត្រូវបានលើកទឹកចិត្តឱ្យធ្វើបែបនេះឡើយ ព្រោះវាបង្កើតឱ្យមានរូបភាពមិនល្អ នៅក្នុងសង្គមដូចជា ធ្វើឱ្យអ្នកក្រកាន់តែតូចចិត្តនឹងវាសនាខ្លួនឯង ដែលខិតខំប្រឹងប្រែងធ្វើការ និងរកស៊ីទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកហើយ នៅតែមិនមានទ្រព្យសម្បត្តិដូចគេ, ធ្វើឱ្យអ្នកក្រខ្លះ មានអារម្មណ៍មិនសប្បាយចិត្ត ដែលឃើញរូបភាពសម្ញែងភាពមានបាន និងហ៊ឺហាឡូយឆាយ របស់ក្រុមសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិទាំងអស់នោះ។ ជាពិសេស វាកាន់តែធ្វើឱ្យអ្នកក្រស្អប់ក្រុមសេដ្ឋី និងអ្នកមានទាំងនោះទៀតផង។
 
មិនតែប៉ុណ្ណោះរូបភាពសម្ញែងទ្រព្យសម្បត្តិរបស់ក្រុមសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិទាំងនេះ ក៏អាចបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម តាមរយៈបទល្មើសនានា ដូចជាករណីលួច ប្លន់ ឬចាប់ជំរិតទារប្រាក់ ពីសំណាក់ក្រុមទុច្ចរិតផ្សេងៗ ដែលតាមដានលើក្រុមសេដ្ឋីទាំងនោះផងដែរ។
 
នៅត្រង់ចំណុចនេះ យើងធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រវត្តិសាស្រ្ត និងស្ថានការណ៍ល្វីងជូរចត់ និងរងគ្រោះជាច្រើនហើយនៅកម្ពុជា។ ជាក់ស្ដែងដូចនៅក្នុងរបបខ្មែរក្រហម ដែលកើតឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ស្រាប់។ មេដឹកនាំរបបខ្មែរក្រហមភាគច្រើន កើតចេញពីគ្រួសារកសិករនៅតាមខេត្តនានា ដែលមានចិត្តចងគំនុំជាមួយអ្នកមាន និងសេដ្ឋី ។ ទស្សនៈរបស់មេដឹកនាំទាំងនោះ យល់ឃើញដូចៗគ្នា ពួកសេដ្ឋី អ្នកមានទ្រព្យ និងអ្នកមានអំណាច គឺជិះជាន់ និងកេងប្រវ័ញ្ច លើញើសឈាមរបស់កសិករ និងប្រជាពលរដ្ឋក្រីក្រ នៅតាមស្រុកស្រែចម្ការ។ ដូច្នេះក្រោមហេតុផលនេះហើយ ទើបមេដឹកនាំខ្មែរក្រហម ដែលបានក្ដោបក្ដាប់អំណាចរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ បានជម្លៀសក្រុមសេដ្ឋី អ្នកមានទ្រព្យសម្បត្តិ មានអំណាចបុណ្យសក្ដិ និងពលរដ្ឋទូទៅ ពីក្រុងភ្នំពេញ បញ្ជូនទៅធ្វើស្រែចម្ការនៅតាមតំបន់ភូមិស្រុកនានា ឱ្យរស់ក្រោមដំបូលតែមួយ ដោយគ្មានការបែងចែកវណ្ណៈអ្នកមាន និងក្រ។
 
រឿងមួយទៀតដែលគេនៅចាំបានរហូតដល់បច្ចប្បន្ន គឺក្រុមចោរចាប់ជំរិតឧកញ៉ា សេដ្ឋី ថៅកែ និងអ្នកមានទ្រព្យសម្បត្តិ ទាំងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញនោះ ឈ្មោះថា «អារ៉ាស្មាច់» និងហួត រ៉ាវុធ និងបក្ខពួកផ្សេងទៀត ។ ក្រុមរ៉ាស្មាច់ និង ហួត រ៉ាវុធ នេះ បានធ្វើសកម្មភាពប្លន់ និងចាប់ជំរិតសេដ្ឋី ថៅកែ និងអ្នកមានទ្រព្យសម្បត្តិយ៉ាងកក្រើក នៅចន្លោះឆ្នាំ១៩៩៧ ដល់២០០០ មុនត្រូវបានកងកម្លាំងប្រដាប់អាវុធបង្ក្រាបបាន។ ដោយក្នុងនោះ រ៉ាស្មាច់ ត្រូវបានកងកម្លាំងបាញ់សម្លាប់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយ ហួត រ៉ាវុធ ត្រូវបានចាប់ខ្លួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០០០។ សកម្មភាពរបស់ក្រុមចោរទាំងនេះ បានធ្វើឱ្យអ្នកមានទ្រព្យស្ដុកស្ដម្ភ ភ័យបាក់ស្បាតមិនតិចទេ នៅជំនាន់នោះ។
 
ងាកមកសម័យបច្ចុប្បន្នវិញ គេក៏ឃើញកើតមានករណីប្លន់ឧកញ៉ាដែរ។ កាលពីថ្ងៃទី១៩ ធ្នូ ២០២១ មានករណីក្រុមចោរមួយក្រុម ដែលបន្លំខ្លួនជាមន្ត្រីមានសមត្ថកិច្ចពីក្រសួង ចូលទៅប្លន់ផ្ទះឧកញ៉ាម្នាក់ ឈ្មោះ អ៊ាន សៀវ ម៉ី ដែលគេស្គាល់ថា ជាសេដ្ឋីនីរកស៊ីលក់ឡេតាមអនឡាញ ដ៏ល្បីល្បាញម្នាក់ក្នុងសង្គម។ ក្រុមចោរប្លន់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានមនុស្ស១៣នាក់ និងអាវុធ៥ដើម នាយប់ថ្ងៃទី២០ ធ្នូ ២០២១ ដោយក្នុងនោះរួមមាន លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។ ប្រធានគណបក្សខ្មែរក្រោករូបនេះ បានសារភាពថា ខ្លួនពិតជាបានដឹកនាំប្រតិបត្តិការប្លន់ផ្ទះ ស្ត្រី អ៊ាន សៀវម៉ី ដោយផ្ទាល់។ មេបក្សខ្មែរក្រោករូបនេះ អះអាងថា ការធ្វើសកម្មភាពនេះ ដផយសារឃើញជនរងគ្រោះបង្ហោះ និងសម្ញែងទ្រព្យសម្បត្តិខ្លួន នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ញឹកញាប់ខ្លាំងពេក។ នេះបើតាមវីដេអូបង្ហោះពីការសួរចម្លើយមេបក្សខ្មែរក្រោក ពីសំណាក់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលថ្ងៃទី២១ ខែធ្នូ ២០២១។
 
ដោយឡែកកាលពីឆ្នាំ២០២០ ក៏មានករណីចោរចូលគាស់ផ្ទះ សេដ្ឋីនី រកស៊ីលក់ឡេតាមអនឡាញម្នាក់ដែរ ខណៈថៅកែឡេរូបនេះ ធ្វើដំណើរកម្សាន្តទៅខេត្ត។ 
 
ដូច្នេះសរុបមក ទោះបីស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ពោរពេញទៅដោយសុខសន្ដិភាព ស្ថិរភាព ហើយកម្លាំងសមត្ថកិច្ចជំនាញ មានសមត្ថភាពទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាបែបណាក៏ដោយ ក៏ក្រុមឧកញ៉ា សេដ្ឋី ថៅកែ និងអ្នកមានទ្រព្យសម្បត្តិ គប្បីមិនគួរបង្ហោះរូបភាព សម្ញែងពីទ្រព្យសម្បត្តិ និងលុយដុល្លារវាល់លានរបស់ខ្លួន ដែលអាចនាំបច្ច័យអាក្រក់ និងគ្រោះថ្នាក់ដល់ខ្លួន តាមរយៈសកម្មភាពបទល្មើស ពីសំណាក់ក្រុមទុច្ចរិត ដែលអាចកើតមានឡើងជាយថាហេតុនៅពេលណាមួយឡើយ ។ ពីព្រោះថា បើក្រុមទុច្ចរិតទាំងនោះ ប្លន់យកតែទ្រព្យសម្បត្តិនោះ វាមិនអីទេ ប៉ុន្តែបើវាជ្រុលដៃផ្ដាច់សង្ខារវិញនោះ វានឹងធ្វើឱ្យយើងលែងបានចាយវាយមាសប្រាក់ ទ្រព្យសម្បត្តិ ដែលខំប្រឹងរកដោយកម្លាំងញើសឈាមលំបាកនោះហើយ។
 
មួយវិញទៀត ក្រុមឧកញ៉ា សេដ្ឋី ថៅកែ និងអ្នកមានទ្រព្យសម្បត្តិនៅកម្ពុជា ក៏អាចមើលគំរូសេដ្ឋីៗបរទេសដទៃ ដូចជា Jack Ma សហស្ថាបនិក និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba , Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុន Meta (អតីតFacebook) និងលោក Bill Gates ដែលជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ជាដើម។ ពួកគេមិនដែលអួតអាងបង្ហោះ និងបង្ហាញទ្រព្យសម្បត្តិ នៅតាមបណ្ដាញសង្គមឡើយ ខណៈលុយរបស់សេដ្ឋីទាំងអស់នេះ មានរាប់រយពាន់លានដុល្លារ។ 
 
ក្រុមមហាសេដ្ឋីបរទេសទាំងនេះ សុខចិត្តចែករំលែកចំណេះដឹង និងបទពិសោធន៍ រួមទាំងការអប់រំដល់យុវជន តាមរយៈវេទិកា ឬបង្ហោះលើបណ្ដាញសង្គម ជាជាងបង្ហោះរូបភាពលុយវាល់លានរបស់ពួកគេ។ បន្ថែមពីនេះ ប្រាក់ដែលមហាសេដ្ឋីទាំងនេះ រកបានមក ក៏មានការចែករំលែកទៅមូលនិធិកុមារកំព្រា និងមនុស្សធម៌ជាប្រចាំខែ ក្នុងទំហំផ្នែកណាមួយ នៃប្រាក់ចំណូលរបស់ពួកគេផងដែរ។ ទង្វើរបស់មហាសេដ្ឋីទាំងនេះ បង្ហាញពីភាពថ្លៃថ្នូរ ដែលស័ក្តសមនឹងកិត្តិយស និងកិត្តិនាមជាមហាសេដ្ឋីពិត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tag:
 ទស្សនៈ
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com