អន្តរជាតិ
អ៊ីស្រាអែល ត្រៀមផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៤ ដល់ក្រុមមនុស្សងាយរងគ្រោះ
22, Dec 2021 , 8:29 pm        
រូបភាព
ប្រជាជនអ៊ីស្រាអែល ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបភាព៖ Flash90
ប្រជាជនអ៊ីស្រាអែល ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបភាព៖ Flash90
អ៊ីស្រាអែល នៅថ្ងៃទី២១ ខែធ្នូ បានប្រកាសថា រដ្ឋាភិបាល នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ទៅដល់ក្រុមមនុស្សមានអាយុច្រើនជាង ៦០ឆ្នាំ និងគ្រូពេទ្យ។ ការប្រកាសផ្តល់វ៉ាក់សាំងដូសទី៤ បែបនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលមានករណីស្លាប់ ១នាក់ ដែលមានពាក់ព័ន្ធនឹងវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង។

 
ក្រសួងសុខាភិបាលអ៊ីស្រាអែល នៅថ្ងៃទី២១ ខែធ្នូ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួនអូមីក្រុង ចំនួន ៣៤០ករណី នៅក្នុងប្រទេស។ ក្នុងថ្ងៃដដែលនោះ អ៊ីស្រាអែល ក៏បានប្រកាសពីករណីស្លាប់ ១នាក់ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងលើកដំបូងដែរ។ អ្នកស្លាប់នោះ គឺជាបុគ្គល ដែលមានជំងឺប្រចាំកាយជាច្រើន។ 
 
ដោយបារម្ភពីហានិភ័យមួយចំនួន ក្រុមអ្នកជំនាញក្រសួងសុខាភិបាល បានស្នើឱ្យអ៊ីស្រាអែលផ្តល់វ៉ាក់សាំងដូសទី៤ ដល់គ្រូពេទ្យ ក្រុមមនុស្សមានវ័យលើពី ៦០ឆ្នាំឡើង និងក្រុមមនុស្សងាយរងគ្រោះផ្សេងទៀត។ ប៉ុន្តែអ្នកទាំងនោះ ត្រូវរង់ចាំរយៈពេល ៤ខែ បន្ទាប់ពីចាក់ដូសទី៣។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel។ 
 
សំណើចាក់ដូសទី៤ នេះ បានទទួលស្វាគមន៍ពីលោកនាយករដ្ឋមន្រ្តី Naftali Bennett យ៉ាងខ្លាំង ដោយលោក បានបញ្ជាឱ្យមន្រ្តីត្រៀមរៀបចំផ្តល់វ៉ាក់សាំង។ «នេះជាព័ត៌មានដ៏អស្ចារ្យមួយ ដែលជួយយើងឆ្លងកាត់រលកឆ្លងវីរុសអូមីក្រុង»។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ។ 
 
ជាមួយនឹងផែនការនេះ អ៊ីស្រាអែល នឹងក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ។ 
 
នៅក្នុងសប្តាហ៍នេះ អ៊ីស្រាអែល បានហាមឃាត់ការធ្វើដំណើរទៅ និងមកពីប្រទេសមួយចំនួនបន្ថែមទៀត ក្នុងនោះមានដូចជា អាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី តួកគី និងកាណាដា ដើម្បីទប់ស្កាត់ករណីឆ្លងវីរុសអូមីក្រុង។ ទន្ទឹមនោះ រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានកាត់បន្ថយវត្តមានបុគ្គលិករដ្ឋនៅកន្លែងធ្វើការផងដែរ។ 
 
មកទល់ពេលនេះ អ៊ីស្រាអែល បានផ្តល់វ៉ាក់សាំងដូសជំរុញដល់ប្រជាជនជាង៤លាននាក់ ក្នុងចំណោមប្រជាជនសរុបប្រមាណ ៩,៣លាននាក់។ ចំណែកករណីឆ្លងសរុបមានចំនួនជាង ១,៣លានករណី និងអ្នកស្លាប់មានជាង ៨ពាន់នាក់៕ 

Tag:
 អ៊ីស្រាអែល
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com