អន្តរជាតិ
ថៃ ចាប់ផ្តើមអនុវត្តវិធានចត្តាឡីស័កឡើងវិញ ដោយសារបារម្ភពីករណីឆ្លងវីរុសអូមីក្រុង
22, Dec 2021 , 5:59 pm        
រូបភាព
អ្នកដំណើរមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ។ រូបភាព៖ AP
អ្នកដំណើរមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ។ រូបភាព៖ AP
ថៃ នៅថ្ងៃទី២២ ខែធ្នូ បានចាប់ផ្តើមអនុវត្តវិធានចត្តាឡីស័កឡើងវីញ បន្ទាប់ពីរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងស្រុក។ ប៉ុន្តែអ្នកដំណើរ ដែលត្រូវបានអនុញ្ញាតឱ្យចូលថៃ មុនការប្រកាសអនុវត្តវិធានការនេះ មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើង ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។

 
 
ថៃ នៅថ្ងៃទី២០ ខែធ្នូ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង នៅក្នុងស្រុក ១ករណីលើកដំបូង។ ចំណែកករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង ដែលនាំចូល ត្រូវបានថៃរកឃើញជាច្រើនករណី។ មួយថ្ងៃបន្ទាប់ពីរាយការណ៍ករណីឆ្លងក្នុងស្រុក ថៃបានប្រកាសលុបចោលវិធានមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែធ្នូ។ 
 
ការអនុវត្តវិធានចត្តាឡីស័កឡើងវិញបែបនេះ នឹងធ្វើឡើងរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅពេលរដ្ឋាភិបាលថៃត្រូវពិនិត្យលើស្ថានការណ៍ជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាថ្មី។ អ្នកដំណើរមកថៃ ត្រូវធ្វើចត្តាឡីស័កពី ៧ថ្ងៃ ទៅ ១៤ថ្ងៃឡើងវិញ ដោយផ្អែកលើស្ថានភាពវ៉ាក់សាំង និងស្ថានភាពរបស់ប្រទេស។ 
 
ចំណែកអ្នកដំណើរ ដែលត្រូវបានអនុញ្ញាតឱ្យចូលមកថៃតាមរយៈកម្មវិធី Test and Go  មុនការការប្រកាសថ្ងៃទី២១ ខែធ្នូ មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ នៅពេលមកដល់ និងលើកទីពីរ បន្ទាប់ពីបានស្ថិតនៅក្នុងប្រទេសថៃ បានរយៈពេល ៥ថ្ងៃ ឬ៦ថ្ងៃ ឬអាចធ្វើមុនតេស្តពេលនោះ ប្រសិនបើចេញរោគសញ្ញា។ ការធ្វើតេស្តជាបន្ទុករបស់រដ្ឋាភិបាលថៃ។ 
 
តាមការបញ្ជាក់របស់អ្នកស្រី Sumanee Wacharasin ប្រធានទំនាក់ទំនងផលប៉ះពាល់នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានអះអាងថា អ្នកដំណើរដែលបានអនុញ្ញាតឱ្យចូលថៃ មុនវិធានការរឹតបន្តឹងនេះ មានចំនួនប្រមាណ ២០ម៉ឺននាក់។ បន្ថែមពីលើនេះ អ្នកដំណើរទាំងនោះ នឹងត្រូវបានតាមដានទាំងយប់ទាំងថ្ងៃ តាមរយៈកម្មវិធី MorChana។ 
 
ស្របគ្នានេះ រដ្ឋាភិបាលថៃ ក៏បានដាក់ចេញវិធានការមួយចំនួនផងដែរលើអ្នកដំណើរថៃ ដែលចង់ធ្វើដំណើរទៅបរទេស។ អ្នកស្រី Sumanee បានអះអាងថា មន្រ្តីរដ្ឋាភិបាល ត្រូវបានហាមឃាត់ក្នុងការដាក់ច្បាប់ ដើម្បីធ្វើដំណើរទៅបរទេស។ ចំណែកប្រជាជនថៃ ក៏ត្រូវបានស្នើឱ្យពន្យារពេលធ្វើដំណើរកម្សាន្តទៅតំបន់អឺរ៉ុប អាម៉េរិក អាហ្រ្វ៊ិក និងតំបន់មជ្ឈិមបូព៌ាផងដែរ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ បានជំរុញឱ្យបុគ្គលរដ្ឋ ធ្វើការពីផ្ទះ បន្ទាប់ពីថ្ងៃឈប់សម្រាកចុងឆ្នាំ។ 
 
នាពេលកន្លងទៅ ថៃបានរងគ្រោះយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន ដែលតា ស្របពេលនោះ កម្មវិធីចាក់វ៉ាក់សាំងថៃ មានសភាយឺត។ យ៉ាងណាមិញ ស្ថានភាពជំងឺកូវីដ-១៩ នៅថៃក្នុងពេលបច្ចប្បន្ន ហាក់ធូរស្បើយបន្តិច ដោយករណីឆ្លងប្រចាំថ្ងៃមានចំនួនជាង ២ពាន់ករណី និងអ្នកស្លាប់មាន ៣១នាក់។ ករណីឆ្លងសរុបរបស់ថៃ មានចំនួនជាង ២,១លានករណី និងអ្នកស្លាប់មានចំនួន ២១៤៧១នាក់៕ 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com