អន្តរជាតិ
លោក មូន ចេអ៊ីន លើកលែងទោស​ អតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ
24, Dec 2021 , 11:45 am        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺន ហេ ។ រូបថត Xinhua
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺន ហេ ។ រូបថត Xinhua
កូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែធ្នូ បានប្រកាសលើកលែងទោសពិសេសសម្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២២ឆ្នាំ។ ការលើកលែងទោសនេះ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកថា នឹងជួយពង្រឹងការឯកភាពជាតិ។

 
អ្នកស្រី ប៉ាក ហ្គឺនហេ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ មក បន្ទាប់ពីលោកស្រីត្រូវបានដកចេញពីតំណែង ពីបទអំពើពុករលួយ និងទទួលប្រាក់ជាច្រើនលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ 
 
តាមបញ្ជីឈ្មោះនៃអ្នកដែលត្រូវបានលើកឡើងទោស និងដោះលែងឱ្យមានសេរីភាពនៅក្នុងឱកាសឆ្នាំថ្មីខាងមុខចំនួន ៣០៩៤នាក់ អ្នកស្រី ប៉ាក ក៏មានវត្តមានដែរ។ ការលើកលែងទោសលើអតីតប្រធានាធិបតីរូបនេះ ធ្វើឡើងដោយផ្អែកលើហេតុផលបញ្ហាសុខភាព។ នៅក្នុងឆ្នាំ ២០២១ នេះ អ្នកស្រី Park ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួន៣លើក ដោយសារជំងឺឈឺស្មា និងខ្នងរាំរ៉ៃ។ នៅក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីកូរ៉េខាងត្បូងពីឆ្នាំ២០១៣-២០១៧ រូបនេះ បានទទួលការវះកាត់ស្មាថែមទៀត។  
 
អ្នកតាមដាននយោបាយកូរ៉េខាងត្បូង បានរំពឹងថា ការដោះលែងអ្នកស្រី ប៉ាក នឹងជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តទៅ នៅខែមីនា ខាងមុខ។ កន្លងមក អ្នកនយោបាយបក្សអំណាចប្រជាជន (PPP) ដែលជាបក្ស បានអំពាវនាវឱ្យដោះលែងលោកស្រី ប៉ាក មុនការបោះឆ្នោតប្រធានាធិបតី។ បក្សអំណាចប្រជាជន មានប្រជាជនគាំទ្រច្រើននៅក្នុងទីក្រុង Daegu និងខេត្ត North Gyeongsang។ 
 
យ៉ាងណាមិញ អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ គឺ លោក លី ម្យុងបាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៧ឆ្នាំ មិនត្រូវបានលើកលែងទោសឡើយ។ ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង លោក Park Beom-kye បានអះអាងថា ស្ថានភាពក្នុងការលើកឡើងទោស រវាងអ្នកស្រី ប៉ាក និងលោក លី គឺខុសគ្នា ប៉ុន្តែរដ្ឋាភិបាល នឹងពិនិត្យបន្ថែមទៀតលើការលើកលែងទោសនោះ៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com