អន្តរជាតិ
ចិនថា តៃវ៉ាន់ គឺជា«អ្នកត្រាច់ចរគ្មានគោលដៅ»ម្នាក់ ដែលនឹងវិលត្រឡប់មកផ្ទះវិញ
26, Dec 2021 , 9:19 am        
រូបភាព
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ចូលរួម​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ចូលរួម​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ
ដោយ: VOA
ទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ — ប្រមុខការទូតកំពូលរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា កោះតៃវ៉ាន់ប្រៀបបាននឹង «អ្នកត្រាច់ចរគ្មានគោលដៅ» ម្នាក់ ដែលនឹងវិលត្រឡប់មកផ្ទះវិញនៅពេលណាមួយ ហើយមិនមែនជាកូនអុកដែលប្រទេសផ្សេង ត្រូវប្រើប្រាស់នោះទេ។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
ប្រទេសចិនតែងតែអះអាងថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានបង្កើនសម្ពាធយោធា និងការទូតលើកោះតៃវ៉ាន់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យតៃវ៉ាន់មានការខឹងសម្បា ហើយសហរដ្ឋអាមេរិកមានការព្រួយបារម្ភ។
 
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងក្នុងទីក្រុងប៉េកាំងថា មូលហេតុនៃភាពតានតឹងបច្ចុប្បន្ន គឺដោយសារតែការប៉ុនប៉ងរបស់រដ្ឋាភិបាលតៃវ៉ាន់នៅក្នុងការ«ពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ឯករាជ្យភាព»របស់ខ្លួន និងដោយសារតែសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតព្យាយាម«ប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងប្រទេសចិន»។
 
លោកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ប្រទេសចិនបានចាត់ «វិធានការខ្លាំងក្លាតបតវិញ» ដើម្បី «បំបាក់ភាពក្រអឺតក្រទម» របស់ប្រទេសណាដែលចង់ឲ្យតៃវ៉ាន់មានឯករាជ្យភាពជាផ្លូវការ។
 
លោក Wang Yi បានបន្ថែមថា៖ «កោះតៃវ៉ាន់ ប្រៀបបាននឹងអ្នកត្រាច់ចរគ្មានគោលដៅម្នាក់ដែលនឹងវិលត្រឡប់មកផ្ទះវិញនៅពេលណាមួយ ហើយមិនមែនជាកូនអុកដែលត្រូវប្រើដោយប្រទេសផ្សេងនោះទេ។ ប្រទេសចិន នឹងត្រូវតែរួបរួមគ្នាឡើងវិញនៅពេលណាមួយ»។
 
ក្រុមប្រឹក្សាកោះតៃវ៉ាន់ទទួលបន្ទុកកិច្ចការគោលនយោបាយចិនដីគោក បានតបតទៅវិញថា កោះតៃវ៉ាន់មិនដែលស្ថិតនៅជាផ្នែកណាមួយរបស់ប្រទេសចិននោះឡើយ។
 
ក្រុមប្រឹក្សានេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កោះតៃវ៉ាន់មិនមែនជាអ្នកត្រាច់ចរគ្មានគោលដៅ ហើយក៏មិនមែនជាកូនអុកនោះដែរ»។
 
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សានោះបានបន្ថែមថា៖ «មានតែប្រជាពលរដ្ឋតៃវ៉ាន់ទាំង ២៣ លាននាក់តែប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចអំពីអនាគតរបស់តៃវ៉ាន់ ហើយពួកគេ នឹងប្រាកដជាមិនទទួលយកជាដាច់ខាតនូវការគូសវាសផ្លូវណាមួយសម្រាប់ខ្លួនដើរ ដោយប្រព័ន្ធនយោបាយផ្តាច់ការ [របស់ប្រទេសចិន] នោះឡើយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com