កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់១០រូប ដែលស្លាប់នៅលើទីលានប្រកួត
26, Dec 2021 , 7:39 am        
រូបភាព
ការប្រកួតកីឡាបាល់ទាត់ បានបន្សល់ទុកឱ្យកីឡាករ និងអ្នកទស្សនានូវពេលវេលាមិនអាចបំភ្លេចបាន ទាំងជ័យជម្នះ បរាជ័យ និងសេចក្តីរីករាយ។ ទោះយ៉ាងណាកីឡាបាល់ទាត់ ពេលខ្លះក៏បានបន្សល់ទុកភាពសោកសៅផងដែរ។ ខាងក្រោមនេះសារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នកអំពីបញ្ជីឈ្មោះកីឡាករចំនួន១០រូបដែលបានស្លាប់អំឡុងពេលប្រកួត ដោយក្នុងនោះភាគច្រើនកើតឡើងដោយសារបញ្ហាបេះដូង និងប៉ះទង្គិចក្បាល។

 

១ Antonio Puerta
កីឡាកររបស់ Sevilla បានស្លាប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧ ៣ថ្ងៃបន្ទាប់ពីការប្រកួតលីគ La Liga រវាង Sevilla និង Getafe។ អំឡុងពេលប្រកួត កីឡាករអេស្ប៉ាញអាយុ២២ឆ្នាំ រូបនេះបានដួលសន្លប់នៅលើទីលានដោយសារជំងឺខួរក្បាល។


២ Miklos Feher
Feher បានស្លាប់នៅថ្ងៃទី២៥ នៃខែមករា ឆ្នាំ២០០៤ នៅអាយុ ២៤ឆ្នាំ ខណៈពេលរូបគេលេងឱ្យ Benfica ទល់នឹង Vitoria de Guimaraes។ កីឡាករហុងគ្រីរូបនេះ បានដួលនៅលើទីលាន ដោយសារជំងឺស្ទះសួត។


៣ Marc-Vivien Foe
Foe អតីតសមាជិកក្រុម Man City បានស្លាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៣ អំឡុងពេលលេងឱ្យជម្រើសជាតិកាមេរ៉ូនទល់ក្រុមកូឡុំប៊ី នៅប្រទេសបារាំង។ Foe ដែលកាលនោះមានវ័យ២៨ឆ្នាំ បានដួលភ្លាមៗនៅលើទីលានប្រកួត ដោយសារគាំងបេះដូង និងរលាកបំពង់ខ្យល់។
 


៤ Piermario Morosini
Morosini បានស្លាប់នៅអាយុ២៥ឆ្នាម នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ ក្រោយដូលលើទីលានក្នុងការប្រកួតរវាង Livorno និង Pescara ដោយសារគាំងបេះដូង។ Morosini ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែគ្រូពេទ្យមិនអាចសង្គ្រោះជីវិតគេបានឡើយ។
 


៥ Jose Antonio Gallardo
អ្នកចាំទីអេស្ប៉ាញ រងរបួសចំក្បាលអំឡុងពេលប្រកួតរវាង Celta Vigo និង Malaga នៅ La Liga។ Gallardo ដែលកាលនោះមានវ័យ២៥ឆ្នាំ បានជាសះស្បើយហើយ ប៉ុន្តែ១៧ថ្ងៃក្រោយ រូបគេបានសន្លប់ដោយសារតែសំឡេងផ្ទុះខា្លង។ មួយសប្តាហ៍ក្រោយមកទៀត ពោលនៅថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៩៨ Gallardo បានទទួលមរណភាព។


៦ Marcio Dos Santos
Santos បានស្លាប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០២ ក្រោយចូលរួមប្រកួតឱ្យ Deportivo Wanka ទល់ Alianza Lima ទាំងមានអារម្មរណ៍មិនល្អ។ មុនពេលការប្រកួតនោះ គ្រូពេទ្យរបស់កីឡាករប្រេស៊ីលរូបនេះលេបថ្នាំបំបាត់ឈឺក្បាល ប៉ុន្តែទីបំផុតរូបគេបានស្លាប់ដោយគាំងបេះដូង។
 


៧ Alen Pamic
កីឡាករក្រូអាស៊ី បានគាំងបេះដូងស្លាប់ពេលលេងក្នុងជំនួបមិត្តភាពជាមួយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣។ Pamic មានបញ្ហាបេះដូងយូរមកហើយ ហើយមិនមែនជាលើកទីមួយទេដែលរូបគេបានដួលនៅលើទីលាន។ គ្រូពេទ្យបានអនុញ្ញាតឱ្យ Pamic បន្តអាជីពនេះរហូតអស់ជីវិតដោយសារបញ្ហាបេះដូងនៅអាយុ២៣ឆ្នាំ។ 


៨ Peter Biaksangzuala
ខ្សែបម្រើវ័យ២៣ឆ្នាំ របស់ក្រុម Bethlehem Vengthlang នៃលីគកំពូលឥណ្ឌា បានស្លាប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៤។ កីឡាករឥណ្ឌារូបនេះ មានបញ្ហាធ្ងន់ធ្ងរត្រង់ឆ្អឹងខ្នង បន្ទាប់ពីរឡាតខុសបច្ចេកទេសដើម្បីអបអរគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីជ័យជម្នះរបស់ខ្លួន។


៩ Cristian Gomez
កីឡាករអាហ្សង់ទីន វ័យ២៧ឆ្នាំ បានស្លាប់ភ្លាមៗ អំឡុងដួលលើទីលាន ក្នុងជំនួបរវាង Atletico Parana ទល់នឹង Boca Unidos នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥។
 


១០ Serhiy Perkhun
អ្នកចាំទីសញ្ជាតិអ៊ុយក្រែន របស់ក្រុម CSKA Moscow នៃលីគកំពូលរុស្ស៊ីបានស្លាប់ ក្រោយ១០ថ្ងៃបន្ទាប់ពីសន្លប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០០១ ដោយសារប៉ះទង្គិចក្បាល៕ 
 

Tag:
 កីឡាករបាល់ទាត់ស្លាប់លើទីលាន
© រក្សាសិទ្ធិដោយ thmeythmey.com