ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
Share ចែកគ្នាស្អាត! ៥ គន្លឹះងាយៗជួយឱ្យ សាច់ចាំ សម្រស់ក្មេងជាងវ័យ
25, Dec 2021 , 10:59 pm        
រូបភាព
ចង់បានសម្រស់មើលទៅស្រស់ស្អាតក្មេងជាងវ័យមែនទេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗចំនួន ៥ជួយឱ្យអ្នកមើលទៅក្មេងជាងវ័យ ​៖

 
១. គេងឱ្យបានគ្រប់គ្រាន់
 
ស្បែកតែងជួសជុលខ្លួនឯងនៅពេលយប់ ដូច្នេះប្រសិនបើអ្នកគេងមិនបានច្រើនគ្រប់គ្រាន់ទេនោះ វានឹងជះផលប៉ះពាល់លើសម្រស់ជាមិនខាន។ ចូរគេងឱ្យបានយ៉ាងហោចណាស់ចន្លោះពី ៧ ទៅ ៩ម៉ោងក្នុងមួយយប់ដើម្បីមិនត្រឹមតែរក្សាសម្រស់ទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាំបាច់សម្រាប់សុខភាពរាងកាយផងដែរ។
 
២. ទទួលទានបន្លែឱ្យបានច្រើន
 
អ្នកដែលរស់នៅបានយូរនិងមានសម្រស់ក្មេងជាងវ័យ គឺជាអ្នកដែលទទួលទានបន្លែបៃតង​, សណ្ដែក និងគ្រាប់ធញ្ញជាតិបានច្រើនគ្រប់គ្រាន់ជាប្រចាំ ហើយមិនសូវជាទទួលទានសាច់ក្រហមឡើយ។
 
៣. ឧស្សាហ៍ញញឹម
 
ការញញឹមឱ្យបានញឹកញាប់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបន្ថយភាពតានតឹងក្នុងអារម្មណ៍។ នេះក៏ព្រោះតែការញញឹមអាចបណ្ដាលឱ្យរាងកាយបញ្ចេញអ័រម៉ូន endorphins ដែលប្រឆាំងទប់ទល់នឹងអ័រម៉ូនស្ត្រេស cortisol។ ហើយភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ភាពស្ត្រេសអាចជះផលប៉ះពាល់ប៉ុណ្ណាចំពោះសម្រស់ និងសុខភាព។ អ្នកជំនាញជាច្រើននិយាយថាភាពតានតឹងក្នុងអារម្មណ៍ពេកសឹងតែជាប្រចាំពន្លឿនដំណើរការនៃភាពចាស់តាមវ័យ។
 
៤. សម្អាតស្បែកឱ្យបានត្រឹមត្រូវ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម
 
ការរក្សាសំណើមនិងសម្អាតស្បែកបានត្រឹមត្រូវអាចជួយការពារ ក៏ដូចជារក្សាសុខភាពល្អនៃស្បែក។ អ្នកអាចប្រើប្រាស់ផលិតផលលាងសម្អាតស្បែកកម្រិតស្រាលដែលមិនជះឥទ្ធិពលលើសំណើមនៃស្បែក។ កុំភ្លេចជ្រើសរើសប្រើប្រាស់ផលិតផលផ្ដល់សំណើមដែលមានគុណភាពល្អទាំងថ្ងៃ និងយប់ផង។
 
៥. កុំខ្ជិលនឹងប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ
 
ការប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ គឺល្អណាស់សម្រាប់រក្សាភាពក្មេងជាងវ័យនៃស្បែក។ ការដែលប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចជះផលអាក្រក់ច្រើនជាងល្អ។ ពន្លឺព្រះអាទិត្យលើសលប់អាចបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យនិងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យដែលមានផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេលចេញក្រៅក្រោយម៉ោង ១០ ព្រឹកនិងមុនម៉ោង ៤ ល្ងាច។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com