កីឡាអន្តរជាតិ
អន្តរជាតិ
Premier League មានករណីឆ្លងកូវីដ-១៩ ជាកំណត់ត្រា១០៣នាក់ នៅសប្តាហ៍មុន
28, Dec 2021 , 10:32 am        
រូបភាព
កីឡាករ និងបុគ្គលិក Premier League ឆ្លងកូវីដ-១៩ ជាកំណត់ត្រាដល់ទៅ១០៣នាក់ ត្រឹមរយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ។ ករណីឆ្លងដ៏ច្រើននេះ បានធ្វើឱ្យការប្រកួតជាច្រើនគូកាលពីសប្តាហ៍មុនត្រូវផ្អាកផងដែរ។



ចំនួនករណីឆ្លងដ៏ច្រើននេះ រកឃើញក្រោយការធ្វើតេស្តលើកីឡាករ និងបុគ្គលិកសរុបចំនួន ១៥១៨៦នាក់ នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ស្របពេល Premier League បានណែនាំឡើងវិញនូវការធ្វើតេស្តប្រចាំថ្ងៃ ចាប់តាំងពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងរាតត្បាត។
 
ចំនួនអ្នកឆ្លងកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៅរយៈពេលចុងក្រោយ បានធ្វើឱ្យការប្រកួតនៅលីគកំពូលអង់គ្លេសចំនួន១៥គូ ត្រូវបានលុបចោលក្នុងអំឡុងខែធ្នូ។ បើទោះមានករណីឆ្លងច្រើន ប៉ុន្តែ Premier League នឹងមិនផ្អាកលីគទាំងមូលឡើយ ដោយសុខចិត្តឱ្យមានការពន្យារពេលប្រកួតសម្រាប់ក្រុម ដែលមានករណីឆ្លងច្រើនប៉ុណ្ណោះ។
 
ស្ងាប័ន Premier League ទទូចឱ្យកីឡាករ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់បង្កើនវិធានការការពារឡើងវិញ ដូចជាការពាក់ម៉ាស់ ឬរបាំងមុខទាំងនៅផ្ទះ និងចេញក្រៅ រួមទាំងរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាការបង្កើនការធ្វើតេស្តជាប្រចាំផងដែរ។
 
«លីគបន្តធ្វើការជាមួយក្លិបនានាដើម្បីរក្សាសុវត្ថិភាពកីឡាករ បុគ្គលិកដោយជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ-១៩ នៅក្នុងក្រុមរបស់ពួកគេ។ យើងក៏កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកគាំទ្រដើម្បីណែនាំឱ្យពួកគេបង្កើនការការពារខ្លួនឡើងវិញ»។ នេះជាការលើកឡើងរបស់ Premier League៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com