ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លើកមុនតែងខ្លួនជាអប្សរាចូលតុលាការ លើកនេះ ស្លៀកពាក់ជាបុរសវិញម្តង
28, Dec 2021 , 5:29 pm        
រូបភាព
អ្នកនាង សេង ធារី ស្លៀកពាក់ជាបុរសចូលសវនាការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុក Ron Chanty រុន ចន្ធី)។ អ្នកនាង កោរសក់ និងតុបតែងខ្លួនជាអប្សរា ចូលសវនាការកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ (រូបដោយសហការី)។
អ្នកនាង សេង ធារី ស្លៀកពាក់ជាបុរសចូលសវនាការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុក Ron Chanty រុន ចន្ធី)។ អ្នកនាង កោរសក់ និងតុបតែងខ្លួនជាអប្សរា ចូលសវនាការកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ (រូបដោយសហការី)។
ដោយ: ថ្មីៗ
លើកទី៣ តើអ្នកនាង សេង ធារី នឹងតែងខ្លួនដូចម្តេច?



អ្នកនាង សេង ធារី ជាអ្នកធ្វើការតាមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ បានបង្កើតឲ្យមានភាពប្លែក២លើកហើយ នៅពេលអ្នកនាង ទៅចូលរួមសវនាការនៃតុលាការភ្នំពេញ។ ភាពប្លែកទាំង២លើកនេះ កើតឡើង ដោយសារការតុបតែងខ្លួនរបស់អ្នកនាង។
 
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង សេង ធារី បានទៅចូលរួមសវនាការសាជាថ្មី។ លើកនេះ អ្នកនាង ទៅតែម្នាក់ឯងប៉ុណ្ណោះ តាមការកំណត់របស់តុលាការ ដែលខុសពីលើកមុនៗ ដែលអ្នកនាង បានទៅចូលរួមសវនាការជាមួយសកម្មជនជាច្រើននាក់ផ្សេងទៀត។ មានសកម្មជន និងប្រជាពលរដ្ឋមួយចំនួន នាំគ្នាទៅមុខតុលាការ ដើម្បីលើកទឹកចិត្តដល់អ្នកនាង។ ក្នុងចំណោមស្រ្តី ដែលទៅលើកទឹកចិត្តដល់អ្នកនាង មានមួយចំនួន ស្លៀកពាក់ជាបុរសដែរ។ 
 
ចូលរួមសវនាការលើកនេះ អ្នកនាង បានពាក់អាវធំពណ៌ខ្មៅបែបបរទេសពីខាងក្រៅ (Man Suit) ដែលជាសម្លៀកបំពាក់បុរស ជាមួយនឹងក្រវាត់ក៣ពណ៌ចម្រុះគ្នា គឺក្រហម ស និង ត្នោត។ អ្នកនាង ស្លៀកពាក់សម្លៀកបំពាក់បុរសបែបនេះ គឺព្រោះតែអ្នកនាង យល់ថា តុលាការកម្ពុជា ជាតុលាការល្ខោននយោបាយ ដែលត្រូវបានរៀបចំឡើង ដើម្បីសម្តែងឈុតឆាកនយោបាយ។ នេះជាហេតុផលរបស់អ្នកនាង។ អ្នកនាង នៅតែអះអាងថា ការចោទប្រកាន់លើអ្នកនាង គឺគ្មានមូលដ្ឋានច្បាប់ និងគ្មានមូលដ្ឋានអង្គហេតុឡើយ។ 
 
អ្នកនាង និយាយមុនចូលសវនាការដូច្នេះថា៖«ខ្ញុំ ហៅថា ជាល្ខោននយោបាយ មិនមែនជាសវនាការ មិនមែនជាតុលាការទេ ជាការសម្តែង ដែលគេ បានជំរុញឲ្យខ្ញុំ បានចូលល្ខោននយោបាយ អ៊ីចឹងបានជាខ្ញុំសម្តែង។ លើកមុន ខ្ញុំជាស្ត្រីខ្មែរ ពាក់ឈុតអប្សរា គេ ថាអត់សមរម្យ ថ្ងៃហ្នឹង ខ្ញុំ សម្របសម្រួលតាមគេ»។ 
 
អ្នកនាង និយាយបន្តទាំងអស់សំណើចថា៖«ល្ខោនមែនទែនតាម៉ង! យើង ពាក់ខោអាវបែបនេះមកពីគេ ថា ពេលយើង ស្លៀកពាក់ខោអាវឈុតជាស្រ្តីខ្មែរ អត់ត្រឹមត្រូវ អ៊ីចឹង យើងទាំងអស់គ្នា ពាក់ខោអាវបុរសបរទេស»។


ក្រុមស្រ្តី ដែលទៅលើកទឹកចិត្តអ្នកនាង សេង ធារី (ពាក់អាវធំពណ៌ខ្មៅ) ថតជាមួយអ្នកនាង នៅមុខតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (រូបពីគណនីហ្វេសប៊ុក Pan Sat)។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកការតុបតែងខ្លួនបែបប្លែកៗរបស់អ្នកនាង សេង ធារី ថាជារបៀបបញ្ចេញមតិ១របស់អ្នកនាង។ តែលោក ជឿងថា អ្នកនាង នៅមានវិធីល្អៗជាច្រើនទៀត ក្នុងការសម្តែងមតិ និងការតស៊ូមតិជាមួយតុលាការ ក្រៅពីការតុបតែងខ្លួនបែបប្លែកៗ។ 
 
ចំពោះលោក ការតុបតែងខ្លួនប្លែកបែបនេះ គឺមិនសូវសមរម្យ និងមិនសូវថ្លៃថ្នូរនោះទេ។ លោក យល់ថា អ្នកនាង ទៅចូលរួមសវនាការ ដោយការតុបតែងខ្លួនប្លែកបែបនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍។ លោក បន្ថែមថា អ្នកនាង ក៏ជាអ្នក ធ្លាប់រៀនជំនាញច្បាប់ពីប្រទេសស៊ីវិល័យដែរ ដូច្នេះ មិនគួរធ្វើបែបនេះឡើយ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងដូច្នេះថា៖«រឿងក្តី រឿងយុត្តិធម៌ ជារឿងដាច់ដោយឡែក មិនមែនគ្រាន់តែជាឆាកកំប្លុកកំប្លែងទេ។... មិនគួរអ្នកយល់ដឹង ដែលធ្លាប់រស់នៅអរិយប្រទេស មកធ្វើអាឡិអាឡក់អ៊ីចឹងទេ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មើលឃើញថា ជារឿងធម្មតា ដែលអ្នកនាង សេង ធារី ក្នុងនាមជាជនជាប់ចោទ បានចោទប្រកាន់តុលាការបែបនេះ ឬបែបនោះ។ ប៉ុន្តែ លោក បញ្ជាក់ថា  ដើម្បីការពារខ្លួនបាន និងដើម្បីដោះបន្ទុក អ្នកនាង ត្រូវបង្ហាញភស្តុតាងរឹងមាំ។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ អធិប្បាយមកកាន់សារព័ត៌មានថ្មីៗបែបនេះថា៖«កោរសក់ ឬមិនកោរសក់ ស្លៀកពាក់ខោអាវយ៉ាងម៉េច ជារឿងរបស់គាត់ តែជាគោលការណ៍ច្បាប់ វា មិនអាចមានឥទ្ធិពលអីតាមផ្លូវច្បាប់ ឬអាចការពារខ្លួនតាមច្បាប់នោះទេ»។ 
 
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង សេង ធារី បានបង្កើតឲ្យមានភាពភ្ញាក់ផ្អើល និងចម្លែកភ្នែកម្តងរួចមកហើយ គឺដោយសារអ្នកនាង កោរសក់ ហើយស្លៀកពាក់ឈុតអប្សរា ដើរចូលសវនាការ។ ការកោរសក់ និងការតុបតែងខ្លួនជាអប្សរា ដើរចូលសវនាការបែបនេះ ធ្វើឲ្យអ្នកនាង ទទួលបានការលើកទឹកចិត្តផង និងទទួលបានការសើចចំអកផង។ 
 
បច្ចុប្បន្ន អ្នកនាង មានវ័យ៥២ឆ្នាំ។ អ្នកនាង លើកឡើងថា អ្នកនាង ធ្លាប់ធ្វើការផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ អ្នកនាង រៀនជំនាញច្បាប់នៅអាម៉េរិក និងមានសញ្ជាតិអាម៉េរិក។ 
 
អ្នកនាង គឺជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ១៣៩នាក់ ដែលតុលាការភ្នំពេញដាក់ចូលក្នុងសំណុំរឿងតែ១។ ពួកគេភាគច្រើន គឺត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ តុលាការ រកឃើញថា ពួកគេ ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកា ទើបត្រូវចោទប្រកាន់ពីល្មើសទាំង២នេះ។ 
 
ផែនការ៩វិច្ឆិកា គឺជាផែនការរបស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលប្រកាសចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ។ សម្រាប់រដ្ឋាភិបាល ផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី គឺដើម្បីផ្តួលរំលំរដ្ឋាភិបាល។ 
 
កាលពីចុងឆ្នាំ២០២០ តុលាការភ្នំពេញ បានបើកសវនាការលើកដំបូងលើជនជាប់ចោទទាំង១៣៩នាក់នោះ តែពួកគេ ពុំបានចូលរួមសវនាការទាំងអស់គ្នានោះទេ។ ការទៅចូលរួមសវនាការលើកដំបូង អ្នកនាង សេង ធារី បានស្លៀកពាក់សម្លៀកបំពាក់ធម្មតា ដោយមិនមានលក្ខណៈប្លែកឡើយ។ 

ពេលនោះ តុលាការ បានបំបែកសំណុំរឿងជា២ ឬបំបែកជនជាប់ចោទទាំង១៣៩នាក់ ជា២ក្រុម ដោយ១ក្រុម មានគ្នា៤២នាក់ និង១ក្រុមទៀត មានគ្នា៩៧នាក់។ ដោយសារកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ តុលាការ ក៏ផ្អាកសវនាការលើពួកគេសិន។ 
 
រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តុលាការភ្នំពេញ ក៏សម្រេចលើកយកសំណុំរឿង ដែលមានគ្នា៤២នាក់ មកបើកសវនាការជំនុំជម្រះឡើងវិញ។ សំណុំរឿង ដែលមានគ្នា៤២នាក់នេះ ក៏ត្រូវបំបែកបន្តទៀត គឺត្រូវបំបែកទៅជា៣សំណុំរឿង។ សំណុំរឿង១ និងសំណុំរឿង២ សុទ្ធតែមានជនជាប់ចោទនៅជាមួយគ្នា ដោយលើកលែងតែសំណុំរឿង៣ប៉ុណ្ណោះ ដែលមានតែអ្នកនាង សេង ធារី ម្នាក់ឯង។ 
 
អ្នកនាង យល់ថា ការបំបែកសំណុំរឿងរបស់អ្នកនាង ឲ្យនៅដាច់ដោយឡែកពីគេបែបនេះ គឺតុលាការ មានបំណងដាក់អ្នកនាងឲ្យនៅឯកា។ ចំពោះសវនាការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានពន្យារពេល និងលើកទៅបន្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ពេលទៅចូលរួមសវនាការលើកក្រោយទៀត តើអ្នកនាង នឹងតែងខ្លួនដូចម្តេចវិញ?

Tag:
 សេង ធារី
  តុលាការ
  បទរួមគំនិតក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com