កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe និង Lewandowski ថា World Cup ២ឆ្នាំម្តង នឹងទៅជារឿងធម្មតា ហើយសាំញ៉ាំ
29, Dec 2021 , 8:29 am        
រូបភាព
Kylian Mbappe ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង និងខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បង្ហាញក្តីបារម្ភចំពោះគម្រោងរៀបចំ FIFA World Cup ២ឆ្នាំម្តង ជំនួសឱ្យ៤ឆ្នាំម្តង។ អ្នកទាំងពីរយល់ឃើញថា World Cup ២ឆ្នាំម្តង នឹងធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ធម្មតា និងសាំញ៉ាំទៅវិញ។


សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) តាមរយៈការបំផុសគំនិតរបស់លោក Arsene Wenger បានស្នើឱ្យមានការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តងវិញ។ 
 
ជុំវិញផែនការផ្លាស់ប្តូរកាលប្រកួតនេះលោក Wenger អតីតគ្រូ Arsenal ដែលសព្វថ្ងៃជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់របស់ FIFA ប្តេជ្ញាកាត់បន្ថយគម្លាតប្រាក់ឧបត្តម្ភរវាងប្រទេសអ្នកមាន និងក្រីក្រ រួមទាំងបង្កើនឱកាសឱ្យកីឡាករមកពីប្រទេសក្រីក្រដែលមានទេពកោសល្យ អាចអភិវឌ្ឍខ្លួនរហូតដល់កម្រិតពេញលេញមួយ។
 
លើសពីនេះទៅទៀតនោះ FIFA ថែមទាំងអះអាងថា ការរៀបចំការប្រកួត World Cup រៀងរាល់ពីរឆ្នាំម្តង នឹងបង្កើតប្រាក់ចំណូលបន្ថែម លើសពី៤ពាន់លានដុល្លារអាម៉េរិក លើសការធ្វើ៤ឆ្នាំម្តងទៀតផង។ 
 
បើទោះយ៉ាងណាក្តី Mbappe ខ្សែប្រយុទ្ធ Paris S​aint Germain មិនពេញចិត្តនឹងគម្រោងរបស់ FIFA ឡើយ។ Mbappe ដែលជួយក្រុមជម្រើសជាតិបារាំងលើកពាន World Cup ឆ្នាំ២០១៨ លើកឡើងថាពានរង្វាន់បាល់ទាត់ពិភពលោកគូររក្សាការរៀបចំ៤ឆ្នាំដដែល។
 
«ប្រសិនបើអ្នករៀប World Cup ពីរឆ្នាំម្តង នោះ World Cup នឹងក្លាយជាព្រឹត្តិការណ៍ធម្មតា។ យើងមានការប្រកួត Euro, World Cup ឥឡូវមាន Nations League ទៀត ពិតជាច្រើនប្រកួតណាស់។ យើងរីករាយក្នុងការលេង ប៉ុន្តែនៅពេលមានច្រើនប្រកួតពេកវានឹងក្លាយជាធម្មតាវិញ។ មួយវិញទៀតកីឡាករក៏ត្រូវការសម្រាកដែរ»។ នេះជាការបញ្ជាក់របស់កីឡាករវ័យ២៣ឆ្នាំដែលទើបឈ្នះពានរង្វាន់ Player of the Year ក្នុងកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃ ថ្ងៃទី២៧ ខែធ្នូ។
 
Lewandowski ខ្សែប្រយុទ្ធ Bayern Munich ក៏យល់ឃើញមិនខុសពី Mbappe ដែរ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ៣៣ឆ្នាំបានលើកឡើងក្នុងកម្មវិធី Globe Soccer Awards ថាប្រសិនបើ World Cup រៀប២ឆ្នាំម្តងមែន នោះកីឡាករដែលធ្លាប់លេងក្នុងកម្រិតខ្ពស់ នឹងធ្លាក់ចុះវិញ ហើយការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់កីឡាករផងដែរ។World Cup ធ្វើ២ឆ្នាំ នឹងធ្វើឱ្យកីឡាបាល់ទាត់សាំញ៉ាំ។
 
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) រួមទាំងលីគធំៗនៅអឺរ៉ុប និងស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង (Conmebol) បានជំទាស់នឹងផែនការរបស់លោក Wenger។ យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិក (CAF) បានផ្តល់ការគាំទ្រចំពោះគម្រោងនេះ៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com