កីឡាអន្តរជាតិ
អន្តរជាតិ
Hugo Maradona ប្អូនប្រុស Diego Maradona ស្លាប់ដោយសារគាំងបេះដូងនៅអាយុ៥២ឆ្នាំ
29, Dec 2021 , 11:10 am        
រូបភាព
Hugo Maradona ប្អូនប្រុសបង្កើតរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានស្លាប់ដោយសារគាំងបេះដូងនៅអាយុ ៥២ ឆ្នាំ។ Diego Maradona ក៏ស្លាប់ដោយសារគាំងបេះដូងផងដែរ។



Hugo ដែលធ្លាប់ជាកីឡាករបាល់ទាត់អាជីពផងដែរនោះ បានស្លាប់ដោយសារគាំងបេះដូងនៅផ្ទះរបស់ខ្លួនជិតក្រុង Naples ប្រទេសអ៊ីតាលី ជាទីក្រុងដែល Diego Maradona ធ្លាប់រស់នៅអំឡុងលេងឱ្យក្រុម Napoli ចន្លោះឆ្នាំ ១៩៨៤ ដល់ ១៩៩១។
 
ការស្លាប់របស់ Hugo Maradona កើតឡើងរយៈពេល១៣ខែ បន្ទាប់ពីបងប្រុសរបស់គេ Diego Maradona ដែលត្រូវបានគេចាត់ទុកថាជាកំពូលកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត បានស្លាប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារគាំងបេះដូងដូចគ្នានៅអាយុ ៦០ ឆ្នាំ។
 
ក្នុង​អាជីព​ជា​កីឡាករបាល់ទាត់ Hugo Maradona ធ្លាប់លេងនៅលីគកំពូល​​អ៊ីតាលី អេស្ប៉ាញ ជប៉ុន និង​អាហ្សង់ទីន។


 
Hugo Maradona បានចូលរួមជាមួយបងប្រុស Diego Maradona នៅ Napoli ក្នុងឆ្នាំ ១៩៨៧ មុនផ្លាស់ទៅ Ascoli និង Rayo Vallecano ក្នុងលក្ខខណ្ឌខ្ចីជើង។ Hugo Maradona មិនជោគជ័យក្នុងអាជីពបាល់ទាត់ដូចបងប្រុសខ្លួនឡើយ ខណៈរូបគេមិនដែលជាប់ជម្រើសជាតិអាហ្សង់ទីនឈុតធំសោះ។
 
ក្លិប Napoli រួមជាមួយមន្ត្រីក្លិប បុគ្គលិក គ្រូបង្វឹក កីឡាករ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក Hugo Maradona ចំពោះមរណភាពដ៏សោកសៅមួយនេះ៕

Tag:
 Hugo Maradona
  Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com