កីឡាអន្តរជាតិ
អន្តរជាតិ
ចិន ថាអាម៉េរិកសុំ​​ទិដ្ឋាការ​ឱ្យ​មន្ត្រី​ខ្លួន១៨​នាក់ ទៅ​​ចូល​រួម​កីឡា​អូឡាំពិកក្រុង​ប៉េកាំង
29, Dec 2021 , 10:29 pm        
រូបភាព
ចិនបានទទួលពាក្យសុំទិដ្ឋាការពីខាងភាគីអាម៉េរិកដើម្បីឱ្យមន្ត្រីខ្លួន១៨រូបអាចចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃទី២៨ ខែធ្នូ ខណៈអាម៉េរិកធ្វើពិហិការការទូតក្នុងព្រឹត្តិការណ៍នេះ។



កាសែត South China Morning Post ផ្សាយថា រដ្ឋាភិបាលអាម៉េរិកបានដាក់ពាក្យស្នើសុំទិដ្ឋាការរយៈពេល៣ខែសម្រាប់មន្ត្រីពួកគេចំនួន១៨នាក់ដើម្បីចូលរួមកីឡារដូវរងា ក្នុងគោលបំណងផ្តល់សន្តិសុខ និងជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់អត្តពលិកអាម៉េរិក។ មន្ត្រី​៤០​នាក់​ផ្សេងទៀត ​ទំនង​ជា​នឹង​ដាក់​ពាក្យ​ស្នើនៅ​ពេល​ក្រោយផងដែរ។
 
ការស្នើសុំទិដ្ឋាការនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាម៉េរិកចូ បៃឌិន សម្រេចចិត្តធ្វើពហិការការទូតនៃព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈតទៅ។ ការធ្វើពហិការរបស់រដ្ឋាភិបាលអាម៉េរិក គឺដើម្បីប្រឆាំងចិនលើកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាំង។ ក្រុងវ៉ាស៊ីនតោនបានចាត់ទុកទង្វើរបស់ចិនថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច ដែលកំពុងរស់នៅទឹកដីពួកគេ។
 
ចិនមិននៅស្ងៀមឡើយបន្ទាប់ពីអាម៉េរិកធ្វើបែបនេះលើខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ថានេះជានយោបាយបំផ្លើសការពិតរបស់អាម៉េរិកតាមរយៈការធ្វើពហិការការទូតនេះ។
 
យ៉ាងណាក៏ដោយ ជុំវិញការសុំទិដ្ឋាការរបស់អាម៉េរិក លោក Zhao ចិននឹងដោះស្រាយឱ្យស្របតាមច្បាប់ និងនិងគោលការណ៍កីឡាអន្តរជាតិ។ «ឥឡូវនេះទាក់ទងនឹងសំណើរបស់អាម៉េរិក ក្នុងការបញ្ជូនក្រុមមន្ត្រីរដ្ឋាភិបាលទៅកាន់ប្រទេសចិន និងការស្នើសុំទិដ្ឋាការ ភាគីចិននឹងដោះស្រាយសម្រាប់ពួកគេឱ្យបានសមស្រប»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន មុនបន្ថែមថាអាម៉េរិកក៏គួរអនុវត្តតាមស្មារតីអូឡាំពិក ចៀសវាងប្រើនយោបាយក្នុងកីឡា និងគួរបញ្ឈប់ពាក្យសម្ដីខុសឆ្គង និងទង្វើដែលរំខានដល់ចិន ឬធ្វើឱ្យខូចដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com