អន្តរជាតិ
អង់គ្លេស សន្យាផ្តល់លុយ១៤០លានដុល្លារដល់ប្រទេសក្រីក្រប្រយុទ្ធវីរុសអូមីក្រុង
30, Dec 2021 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ។ រូបថត AFP
អង់គ្លេស នៅថ្ងៃទី២៩ ខែធ្នូ សន្យាផ្តល់ជំនួយមានទំហំទឹកប្រាក់១០៥លានផោនដែលស្មើនឹងជាង ១៤០លានដុល្លារដល់ប្រទេសដែលងាយរងគ្រោះ ជាពិសេសនៅទ្វីបអាហ្រ្វិក ដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសបង្កជំងឺកូវីដ-១៩​ បំប្លែងខ្លួនថ្មីអូមីក្រុង។


 
បើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss អង់គ្លេសនឹងផ្តល់ជំនួយជាទឹកប្រាក់ ១០៥ លានផោន​ដល់ប្រទេសខ្វះខាតដែលប្រឈមខ្លាំងនឹងការវាយប្រហារពីវីរុសអូមីក្រុង។ ទឹកប្រាក់ទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់បង្កើនការធ្វើតេស្ត និងផ្គត់ផ្គង់តម្រូវការអុកស៊ីសែននៅតាមប្រទេសដែលងាយរងគ្រោះ។ 
 
«អង់គ្លេសកំពុងផ្តល់ជំនួយដ៏សំខាន់ដើម្បីជួយទប់ទល់នឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មីនៅជុំវិញពិភពលោក»។ ប្រមុខការទូតអង់គ្លេសលោកស្រី Truss បានលើកឡើងបែបនេះ ដោយបន្តថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាបានចាក់វ៉ាក់សាំង។ 
 
ការសន្យាផ្តល់ជំនួយជាទឹកប្រាក់នេះ បានប្រកាសបន្ទាប់ពីក្រសួងការបរទេសអង់គ្លេសបញ្ជាក់ថា អង់​គ្លេស​បញ្ជូនវ៉ាក់សាំងចំនួន៣០លានដូសទៅប្រទេសផ្សេងៗលើពិភពលោកដែលជាផ្នែកនៃការសន្យាបរិច្ចាគវ៉ាក់សាំងឱ្យបាន១០០លានដូសកន្លងមក។ 
 
រហូតមកដល់ពេលនេះ អង់គ្លេសបានផ្តល់វ៉ាក់សាំងជាង២៤,៦ លានដូសទៅឱ្យយន្តការ COVAX ដែលជាបណ្តាញចែករំលែកវ៉ាក់សាំងទៅកាន់ប្រទេសនានា។ លើសពីនេះដែរ អង់គ្លេសក៏បានផ្តល់វ៉ាក់សាំងជាង៥,៥លានដូសដល់ប្រទេសមួយចំនួនដូចជាកេនយ៉ា ហ្សាម៉ាអ៊ីក និងឥណ្ឌូនេស៊ី តាមកិច្ចព្រមព្រៀងទ្វេភាគីផងដែរ។​
 
កន្លងមក អង់គ្លេស រួមជាមួយនឹងប្រទេសអ្នកមានផ្សេងទៀត ត្រូវបានអង្គការសុខភាពពិភពលោក(WHO) និងមតិមួយចំនួនលើកឡើងថា មិនបានចែកចាយគ្រប់គ្រាន់នូវវ៉ាក់សាំងដល់ប្រទេសក្រីក្រដែលកំពុងខ្វះខាត។​ លើសពីនេះដែរ អ្នកវិទ្យាសាស្ត្រមួយចំនួនក៏បាននិយាយថា ការចែកចាយក់សាំងដល់ប្រទេសខ្វះខាត ជាគន្លឹះក្នុងការបញ្ឈប់ការលេចចេញនូវវីរុសបំប្លែងខ្លួនថ្មីទៀត។ 
 
បច្ចុប្បន្ន អង់គ្លេសកំពុងប្រឈមមុខខ្លាំងនឹងការរីករាលដាលនៃការឆ្លងវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ គិតនៅថ្ងៃទី២៩ ខែធ្នូ ករណីឆ្លងវីរុសអូមីក្រុងនៅអង់គ្លេសមានជាង១៨ម៉ឺនករណី។ អង់គ្លេសបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ សរុបប្រមាណ១២,៦លានករណី ​ខណៈមានមនុស្សស្លាប់ជាង១៤ម៉ឺននាក់។ ទន្ទឹមនឹងនេះដែរ ប្រជាជនអង់គ្លេសជាង៧០ភាគរយនៃចំនួនប្រជាជនសរុបបានចាក់វ៉ាក់សាំងរួចរាល់ហើយ៕

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com