អន្តរជាតិ
តុលាការហុងកុង ចោទនិពន្ធនាយកព័ត៌មាន Stand News ពីបទផ្សំគំនិតញុះញង់ឱ្យបះបោរ
30, Dec 2021 , 6:29 pm        
រូបភាព
សមាជិកសារព័ត៌មាន  Stand News ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ។ រូបភាព៖ AFP
សមាជិកសារព័ត៌មាន Stand News ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ។ រូបភាព៖ AFP
ដោយ:
និពន្ធនាយកស្តីទី ជាមួយអតីតនិពន្ធនាយកសារព័ត៌មាន Stand News និងមនុស្សផ្សេងទៀត នៅថ្ងៃទី៣០ ខែធ្នូ ត្រូវបានតុលាការចោទពីបទ សមគំនិតក្នុងការចេញផ្សាយអត្ថបទធ្វើឱ្យមានការបះបោរ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរហុងកុង។ ការចាប់ខ្លួនអ្នកសារព័ត៌មាននេះ ត្រូវបានអាម៉េរិករិះគន់យ៉ាងខ្លាំង និងទាមទារឱ្យដោះលែង។

 
 
ប៉ូលិសនៅទីក្រុងហុងកុងនៅថ្ងៃទី២៩ ខែធ្នូ បានសម្រុកចូលការិយាល័យសារព័ត៌មាន Stand News  ដោយរឹបអូសទូរស័ព្ទ កុំព្យូទ័រ និងឯកសារផ្សេងៗ ព្រមទាំងចាប់ខ្លួននិពន្ធនាយកស្ដីទី។ ប៉ុន្មានម៉ោងបន្ទាប់ពីការចុះឆែកឆេរ សារព័ត៌មាន Stand News បានបិទប្រតិបត្តិការរបស់ខ្លួន។ តាមការអះអាងរបស់កងកម្លាំងប៉ូលិសហុងកុង របាយការណ៍មួយចំនួនដែល Stand News ចេញផ្សាយ ញុះញង់ឱ្យមានការផ្តាច់ខ្លួន ញុះញង់​ឱ្យផ្តួល​រលំ​អំណាច​រដ្ឋ ហើយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពីបរទេស មកលើហុងកុង និងចិន។
 
មួយថ្ងៃបន្ទាប់ពីចាប់ខ្លួន តុលាការហុងកុង បានចោទ លោក Patrick Lam និពន្ធនាយកស្តីទី​, លោក Chung Pui-kuen អតីតនិពន្ធនាយក Stand News​, ក្រុមហ៊ុនមេរបស់សារព័ត៌មាន Stand News និងមនុស្សពាក់ព័ន្ធផ្សេងទៀតពីបទចេញផ្សាយ ឬបោះពុម្ភផ្សាយឡើងវិញពីគំនិតធ្វើឱ្យមានការបះបោរ។ ការិយាល័យកិច្ចការហុងកុង បានចាត់ទុកការចាប់ខ្លួនអ្នកសារព័ត៌មានខាងលើ ជាទង្វើប្រកបដោយយុត្តិធម៌ និងចោទសារព័ត៌មាន Stand News ពីបទញុះញង់ឱ្យមានការផ្តាច់ខ្លួន។ 
 
មុនការចោទចោទប្រកាន់ពីសំណាក់តុលាការ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានអំពាវនាវឱ្យអាជ្ញាធរចិន និងហុងកុងបញ្ឈប់ការតាមប្រមាញ់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ។ ទន្ទឹមនេះ លោក ប្លីងខិន ក៏បានជំរុញឱ្យដោះលែងអ្នកសារព័ត៌មាន និងនិពន្ធនាយកទាំងនោះ ដែលត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌។ 
 
បន្ទាប់ពីប្រតិបត្តិកម្មរបស់អាម៉េរិក នាយកប្រតិបត្តិហុងកុង លោកស្រីការី ឡាំ បានលើកឡើងថា ការចាប់ខ្លួនអ្នកសារព័ត៌មាន មិនមែនជាការបង្រ្កាបសេរីភាពសារព័ត៌មាននៅហុងកុងឡើយ។ ក្នុងន័យនេះ លោកស្រីការី ឡាំ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន មិនមែនជាអ្នកបង្កឱ្យមានការបះបោរ ប៉ុន្តែសកម្មភាពបង្កឱ្យមានការបះបោរ មិនអាចលើកលែងបានឡើយ។ 
 
គួរបញ្ជាក់ថា Stand News  គឺជាសារព័ត៌មានអនឡាញមិនរកប្រាក់កម្រៃរបស់ហុងកុង ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤។ ការឆ្មក់ចូលរបស់ប៉ូលិសនេះបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញ សិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងទីក្រុង ដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសមួយនេះ ដោយត្រូវបានប្រគល់ឱ្យចិនកាន់កាប់វិញនៅឆ្នាំ១៩៩៧ ជាមួយនឹងការសន្យាថាសេរីភាពរបស់ហុងកុង រួមមានសេរីសារព័ត៌មាននឹងត្រូវបានការពារ ក្នុងរយៈពេល ៥០ឆ្នាំ៕

Tag:
 ហុងកុង
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com