អន្តរជាតិ
ក្រុមហ៊ុនឱសថទាំង១០ ដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២១
31, Dec 2021 , 9:59 am        
រូបភាព
ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០។ ដើម្បីដោះស្រាយបញ្ហាសកលនេះ ក្រុមហ៊ុនឱសថជាច្រើនបានស្វះស្វែងបង្កើត​ឱសថព្យាបាល និងវ៉ាក់សាំង ដែលរកចំណូលបានច្រើន។ លើសពីនោះ ក្រុមហ៊ុនឱសថជាច្រើនទៀត ក៏រកចំណូលពីការលក់ផលិតផលសម្រាប់ជំងឺផ្សេងដែរ។



ក្នុងឆ្នាំ២០២០កន្លងទៅ ឧស្សាហកម្មឱសថសកលបានលូតលាស់ឡើងជាលំដាប់ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលចំណីអាហារ និង​ឱសថអាម៉េរិក បានអនុម័តឱ្យប្រើប្រាស់ឱសថ និងវ៉ាក់សាំងថ្មីចំនួន៥៣ឯណោះ ដែលនាំ​ឱ្យឧស្សាហកម្ម​ឱសថរកបាន​ចំណូលសរុបដល់ទៅជាង១,២៧ទ្រីលានដុល្លារអាម៉េរិកក្នុង​ឆ្នាំ២០២០។
 
បើតាមការចុះផ្សាយលើទំព័រវេជ្ជសាស្ត្រដៃគូអភិវឌ្ឍសកល Proclinical ក្រុមអ្នកស្រាវជ្រាវ​បានធ្វើចំណាត់ថ្នាក់ក្រុមហ៊ុនឱសថដែលមានប្រាក់ចំណូលច្រើនជាងគេចំនួន១០ ក្នុងឆ្នាំ​២០២០ និងបន្តរហូតដល់ឆ្នាំ ២០២១ដូចខាងក្រោម៖
 
១.  ក្រុមហ៊ុន Roche របស់នូវែលសេឡង់ លក់ឱសថបានចំណូល៤៩,៥ពាន់លានដុល្លារ គឺច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុនមួយនេះជាអ្នកផលិតឱសថឈានមុខគេផ្នែក ព្យាបាលជំងឺមហារីក ជំងឺប្រព័ន្ធភាពស៊ាំ ជំងឺឆ្លង ជំងឺចក្ខុប្រសាទ និងសរសៃប្រសាទ
 
២. ក្រុមហ៊ុន Novartis របស់នូវែលសេឡង់ រកចំណូលបាន៤៨,៦ពាន់លានដុល្លារ។ ក្រុមហ៊ុន​នេះមាន​ទំនាក់ទំនងអាជីវកម្មជាមួយប្រទេស ១៥៥នៅទូទាំងពិភពលោក និងផ្ដោតលើការ​អភិវឌ្ឍថ្នាំថ្មីៗ ថ្នាំសម្រាប់ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ និងថ្នាំព្យាបាលជំងឺជាច្រើនទៀត។
 
៣. ក្រុមហ៊ុន AbbVie របស់អាម៉េរិក រកបានចំណូល៤៥,៨ពាន់លានដុល្លារ។ ក្រុមហ៊ុននេះ ផ្ដោតការផលិតឱសថសម្រាប់ជំងឺដែលពិបាកព្យាបាល ឱសថព្យាបាលជំងឺមហារីក ប្រព័ន្ធភាពស៊ាំ និងជំងឺសរសៃប្រសាទ។
 
៤. ក្រុមហ៊ុន Johnson & Johnson របស់អាម៉េរិក រកបានចំណូល៤៥,៦ពាន់លានដុល្លារ។ ក្រុមហ៊ុននេះផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱសថព្យាបាលជំងឺរលាក ជំងឺមហារីកក្រពេញ​ប្រូស្តាត និងជំងឺដទៃទៀត ហើយក៏មានលក់ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញសុខភាពជាច្រើន​មុខ។
 
៥. ក្រុមហ៊ុន Merck របស់អាម៉េរិក រកបានចំណូល៤៣ពាន់លានដុល្លារ។ ក្រុមហ៊ុន Merck ផ្ដោតសំខាន់លើការផលិតវ៉ាក់សាំង រួមទាំងឱសថព្យាបាលជំងឺទឹកនោមផ្អែម ជំងឺមហារីក និង​សុខភាពសត្វផងដែរ។
 
៦. ក្រុមហ៊ុន Pfizer របស់អាម៉េរិក រកចំណូលបាន៤១,៩ពាន់លានដុល្លារ។ ក្រុមហ៊ុននេះមាន​ជំនាញផលិតទាំងឱសថនិងវ៉ាក់សាំង។ នៅឆ្នាំ២០២០ ក្រុមហ៊ុន Pfizer បានសហការជាមួយ​ក្រុមហ៊ុន BioNTech ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលជោគជ័យដំបូងគេបង្អស់។
 
៧. ក្រុមហ៊ុន Bristol-Myers Squibb របស់អាម៉េរិក រកបានចំណូល៤១,៣ពាន់លានដុល្លារ។ ក្រុមហ៊ុននេះផ្ដោតការផលិតឱសថព្យាបាលជំងឺមហារីក ជំងឺទាក់ទងនឹងឈាម ប្រព័ន្ធភាពស៊ាំ និងជំងឺសរសៃឈាមបេះដូង។
 
៨. ក្រុមហ៊ុន Sanofi របស់បារាំង រកចំណូលបាន៣០,៦ពាន់លានដុល្លារ។ ក្រុមហ៊ុននេះមាន​ទំនាក់ទំនងអាជីវកម្មជាមួយប្រទេស ១៧០នៅទូទាំងពិភពលោក និងផ្ដោតលើការផលិតឱសថ ថែរក្សាសុខភាព វ៉ាក់សាំង និងថ្នាំព្យាបាលជំងឺជាច្រើនទៀត។
 
៩. ក្រុមហ៊ុន Takeda របស់ជប៉ុន រកបានចំណូល២៩,២ពាន់លានដុល្លារ។ ក្រុមហ៊ុនឱសថធំ​ជាងគេបង្អស់នៅអាស៊ីមួយនេះផ្តោតការផលិតឱសថដែលព្យាបាលជំងឺមហារីក ជំងឺសរសៃ​ប្រសាទ ជំងឺក្រពះ ពោះវៀន និងពពួកជំងឺកម្រ។ 
 
១០. ក្រុមហ៊ុន Amgen របស់អាម៉េរិក រកបានចំណូល២៥,៤ពាន់លានដុល្លារ។ ក្រុមហ៊ុននេះ​បានផលិតថ្នាំ Otezla ព្យាបាលរោគសើស្បែក Mvasi ព្យាបាលជំងឺមហារីក និង Repatha ជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង៕

© រក្សាសិទ្ធិដោយ thmeythmey.com