អន្តរជាតិ
ប្រទេសទាំង១០ ដែលបាត់បង់ព្រៃឈើច្រើនជាងគេលើពិភពលោក ក្នុងឆ្នាំ២០២០
31, Dec 2021 , 11:19 am        
រូបភាព
ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន នៅក្នុងប្រទេសប្រេស៊ីល។ រូបភាព៖ AFP
ការកាប់បំផ្លាញព្រៃអាម៉ាហ្សូន នៅក្នុងប្រទេសប្រេស៊ីល។ រូបភាព៖ AFP
ដោយ:
ព្រៃឈើ បានដើរតួនាទីដ៏សំខាន់ ក្នុងការស្រូបយកឧស្ម័នពុលពីបរិយាកាស ទប់ស្កាត់គ្រោះធម្មជាតិ កំណើនកម្តៅផែនដី និងបញ្ចេញឧស្ម័នអុកស៊ីសែនមកកាន់បរិយាកាសជាដើម។ ប៉ុន្តែតម្រូវការអភិវឌ្ឍន៍ និងដំណាំកសិកម្ម បានធ្វើឱ្យមានការកាប់ព្រៃ និងឈូសឆាយដី។ ក្រៅពីកត្តាមនុស្ស កត្តាធម្មជាតិ ដូចជាភ្លើងឆេះព្រៃ ក៏បានធ្វើឱ្យព្រៃឈើជាច្រើនលានហិកតា បាត់បង់ដែរ។

 
 
តាមទិន្នន័យវេបសាយ Global Forest Watch ប្រទេសចំនួន ១០ បានបាត់បង់ព្រៃឈើច្រើនជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងឆ្នាំ ២០២០។ ប្រទេសទាំង១០ នោះ មានដូចជា៖  
 
១. ប្រេស៊ីល​ ដែលស្ថិតនៅតំបន់អាម៉េរិកឡាទីន ជាប្រទេសបាត់បង់ព្រៃឈើ ដោយសារភ្លើងឆេះ និងការកាប់បំផ្លាញច្រើនជាងគេ។ នៅក្នុងឆ្នាំ ២០២០ ប្រេស៊ីល បានបាត់បង់ព្រៃឈើ ប្រមាណ ៣,២លានហិកតា។ 
 
២. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរងការទន្រ្ទានព្រៃឈើខ្លាំងជាងគេលំដាប់ទី២ ដោយអត្រាការកាប់បំផ្លាញព្រៃឈើប្រចាំឆ្នាំលើសពី ១លានហិកតា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ​នេះ។ នៅឆ្នាំ២០២០ ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រ៊ិកកណ្តាលមួយនេះ បានបាត់បង់ព្រៃឈើចំនួន ១,៣១ លានហិកតា។
 
៣.បូលីវី ​មានការកើនឡើងនៃអត្រាកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់​ ដោយមានជាមធ្យមប្រមាណ ១៥ម៉ឺនហិកតាក្នុងមួយឆ្នាំ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដល់៣០ម៉ឺនហិកតា ក្នុងចន្លោះឆ្នាំ២០១៦-២០១៨។ នៅឆ្នាំ២០២០ ប្រទេសស្ថិតនៅតំបន់អាម៉េរិកខាងត្បូងនេះ បានរាយការណ៍ ការបាត់បង់គម្របព្រៃឈើ សរុប ៤៣ម៉ឺនហិកតា។
 
៤.​​  ឡាវ ជាប្រទេសមួយមានព្រៃឈើធម្មជាតិច្រើនជាង ១៧ លានហិកតា។ ប៉ុន្តែនៅឆ្នាំ២០២០ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានចំនួនបាត់បង់ព្រៃឈើជាង ៣៥ម៉ឺនហិកតា។
 
៥. ​​កូឡុំប៊ី ជាប្រទេសដែលមានជីវចម្រុះធំបំផុតទី២លើពិភពលោក និងជាជម្រកសម្រាប់រុក្ខជាតិ និងសត្វប្រហែល១០ភាគរយរបស់ពិភពលោក។ បើទោះសម្បូរព្រៃឈើ និងជីវចម្រុះច្រើន ប៉ុន្តែទឹកដីនេះ បានបាត់បង់ព្រៃឈើធម្មជាតិជាង ៣២ម៉ឺនហិកតា។
 
៦. ម៉ិកស៊ិក មានព្រៃឈើគ្របដណ្តប់លើផ្ទៃដីប្រហែល ៦៤លានហិកតា ឬ ៣៤,៥ភាគរយនៃប្រទេស។ ប្រទេសមួយនេះ បានបាត់បង់ព្រៃឈើ​​ប្រមាណ ២៩ម៉ឺនហិកតា។
 
៧. ប៉េរ៉ូ  ជាប្រទេសទី៣ធំជាងគេនៅអាម៉េរិកខាងត្បូងនិងជាតំបន់ដែលមានព្រៃឈើច្រើនជាងគេលំដាប់ទី១០លើពិភពលោក។ ប៉ុន្តែប្រទេសនេះ បានកាប់បំផ្លាញព្រៃឈើប្រមាណ ២៨ម៉ឺនហិកតាជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០២០ ប៉េរ៉ូ​ បានកាប់ព្រៃឈើធម្មជាតិយ៉ាងហោច ២៧ម៉ឺនហិកតា។
 
៨. ឥណ្ឌូណេស៊ី ដែលជាប្រទេសមួយស្ថិតនៅតំ​បន់អាស៊ីអាគ្នេយ៍ និងសម្បូរព្រៃឈើដ៏ច្រើន ក៏ត្រូវបានចាត់ចូលក្នុងបញ្ជីបាត់បង់ព្រៃឈើខ្លាំងជាងគេដែរ។ ប៉ុន្តែប្រទេសមួយនេះ បានធ្លាក់ចុះអត្រាកាប់បំផ្លាញព្រៃឈើ គួរឱ្យសម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយ។ នៅឆ្នាំ២0២០​ ឥណ្ឌូណេស៊ី បានបាត់បង់ព្រៃឈើចំនួន​ ២៧ម៉ឺនហិកតា។
 
៩​​.​​កាមេរូន ជាប្រទេសស្ថិតនៅអាហ្រ្វ៊ិកខាងលិច មានព្រៃត្រូពិចដ៏ក្រាស់ចំនួន ១៩លានហិកតា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ សកម្មភាពកាប់ព្រៃឈើបានកើនឡើងយ៉ាងគំហុក។ នៅឆ្នាំ២០២០ ប្រទេសនេះ បានបាត់បង់ព្រៃឈើជាង២០​ម៉ឺនហិកតា។
 
១០. ម៉ាឡេស៊ី មានទំហំព្រៃឈើប្រមាណ២០លានហិកតា។ នៅឆ្នាំ២០២០ ម៉ាឡេស៊ីបានបាត់បង់ព្រៃឈើជាង១២ម៉ឺនហិកតា៕

Tag:
 ព្រៃឈើ
  ប្រស៊ីល
  ឡាវ
  ឥណ្ឌូណេស៊ី
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com