អន្តរជាតិ
ជំនួបតាមទូរស័ព្ទបៃឌិន-ពូទីន គ្មានផ្លែផ្កា មានតែការព្រមានគ្នាជាថ្មីលើបញ្ហាអ៊ុយក្រែន
31, Dec 2021 , 4:19 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ៣០ ខែធ្នូ បាន​ពិភាក្សា​គ្នាតាមទូរស័ព្ទជាង៥០នាទីទាក់ទិនវិបត្តិអ៊ុយក្រែន។ យ៉ាងណាក្ដី កិច្ចសន្ទនានោះមិនបាន​បន្ធូរបន្ថយ​បញ្ហានយោបាយដ៏ក្ដៅគគុកនោះឡើយ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនៃ​ប្រទេស​មហា​អំណាចទាំងពីរ។

 
រុស្សីបានធ្វើឱ្យអាម៉េរិក ព្រមទាំងសម្ពន្ធមិត្តភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានប្រមូលផ្តុំកង ទ័ពរាប់ម៉ឺននាក់​នៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងមកនេះ។ ការប៉ុនប៉ងបន្ធូរបន្ថយភាពតានតឹងនៅប៉ែកខាងកើតអឺរ៉ុប មិនបានជោគជ័យឡើយ ហើយការគ្មានផ្លែផ្កាក៏បន្តដល់ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងអាម៉េរិកនៅមុនដំណាច់ឆ្នាំ។
 
ក្នុងកិច្ចសន្ទនាថ្ងៃទី៣០ ខែធ្នូរវាងលោក ចូ បៃឌិន និងលោក វ៉្លាឌីមៀ ពូទីន​ សេតវិមាន​អាម៉េរិ​ក​លើក ឡើងថា ភាគីទាំងពីរបានបញ្ជាក់ពីជំហររបស់ខ្លួនឡើងវិញ ហើយអាម៉េរិកបន្តព្រមានអំពីផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីសម្រេចចិត្តឈ្លានពាន។
 
«ប្រធានធាធិបតី បៃឌិន បានទទូចឱ្យរុស្ស៊ីបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ុយក្រែន»។ អ្នកនាំពាក្យ​សេតវិមានលោកស្រី Jen Psaki បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយបែបនេះ មុនបន្ថែមថា លោក បៃឌិន បញ្ជាក់ច្បាស់ពីជំហររបស់អាម៉េរិក សម្ពន្ធមិត្ត និងដៃគូរបស់ខ្លួន​ដែល​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនទៀតនោះ។
 
ក្រៅពីនេះ មន្ត្រីសេតវិមានម្នាក់ទៀតបានរៀបរាប់ពីកិច្ចសន្ទនាខាងលើថា ជាការចូលរួមការ​ទូត​ដ៏​សំខាន់មួយ ប៉ុន្តែការសន្ទនាខាងលើមិនបានផ្ដល់ផ្លែផ្កាអ្វីថ្មីនោះឡើយ។ ចំណែកឯលោក ពូទីន វិញ ឯណោះមិនបានផ្ដល់ភាពច្បាស់លាស់ថាលោកមានគម្រោងដកថយឬបន្ថយឈ្លានពានយ៉ាងណានោះទេ។ មន្ត្រីដដែលបន្តថា អាម៉េរិកនឹងមិនសន្និដ្ឋានពីបំ​ណងរបស់រុស្ស៊ីឥឡូវនេះ​តាម​តែ​ពាក្យ​សម្ដី​នោះទេ​ ហើយអាម៉េរិកនឹងបន្តតាមដានស្ថានភាព និងសកម្មភាពផ្ទាល់របស់រុស្ស៊ី។
 
លើសពីនេះ មន្ត្រីអាម៉េរិកជាន់ខ្ពស់ម្នាក់បានបន្ថែមថា​ លោកបៃឌិនបានដាក់ចេញជម្រើស ចំនួនពីរ​សម្រាប់រុស្ស៊ី។ ទីមួយនោះគឺការចរចាកាទូត និងការបន្ថយភាពតានតឹង រីឯ ជម្រើសទីពីរនោះគឺការទប់ស្កាត់ដែលរួមមានទណ្ឌកម្មសេដ្ឋកិច្ច ការពង្រឹងកម្លាំងរបស់សម្ពន្ធយោធាណាតូ និងជំនួយយោធាដ​ល់​អ៊ុយក្រែន ដែលនឹងផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះរុស្ស៊ី។
 
ក្នុងពេលជាមួយគ្នានេះ ភាគីរុស្ស៊ីឯណោះវិញ អះអាងថា កិច្ចសន្ទនាខាងលើជាការគំរាម មួយ​ទៅ​កាន់​អាម៉េរិកទៅវិញនោះទេ។ ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន លោក Yuri Ushakov បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតនោះ ជាកំហុសដ៏ធំមួយ​ដែល​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនងទ្វេភាគីកាន់តែល្អក់កករទៅ។
 
គូរបញ្ជាក់ថា  កិច្ចសន្ទនាខាងលើនេះបានធ្វើឡើងមុន កិច្ចប្រជុំសន្តិសុខអាម៉េរិក-រុស្ស៊ីនៅ ទីក្រុង​ហ្សឺណែវថ្ងៃទី៩ និងទី១០ ខែមករាខាងមុខ។ បន្ថែមពីនេះ កិច្ចប្រជុំសំខាន់ៗជាបន្ត បន្ទាប់ទៀត​នឹង​ធ្វើ​ឡើងដូចជាជំនួបរុស្ស៊ី-ណាតូនៅថ្ងៃទី១២ ខែមករា និងសន្និសីទរវាងទីក្រុងមូស្គូ វ៉ាស៊ីនតោន និង​បណ្តា​ប្រទេសអឺរ៉ុបផ្សេងទៀតនៅថ្ងៃទី១៣ ខែមករា៕

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com