អន្តរជាតិ
អ្នកស្លាប់ក្នុងព្យុះទីហ្វុងដ៏ខ្លាំងបំផុតប្រចាំឆ្នាំនៅហ្វីលីពីន កើនដល់ជាង៤០០នាក់
31, Dec 2021 , 6:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីន ប្រកាសនៅថ្ងៃទី៣១ ខែធ្នូថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងរ៉ៃបានកើនដល់៤០០នាក់។ ពេល២សប្តាហ៍មកហើយ មន្រ្តីនៅតាមខេត្តដែលទទួលរងគ្រោះខ្លាំង កំពុងបន្តអំពាវនាវឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងជម្រកបន្ថែម។



ចាប់តាំងពីថ្ងៃទី១៧ ខែធ្នូមក​ ហ្វីលីពីនបានទទួលរងការវាយប្រហារពីព្យុះទីហ្វុងដ៏កំណាចបំផុតក្នុងប្រទេសប្រចាំឆ្នាំដោយឥតស្រាកស្រាន្ត ​បណ្តាលឱ្យតំបន់ជាច្រើនជន់លិចនិងសម្លាប់មនុស្សអស់រាប់រយនាក់។ ក្នុងឆ្នាំ២០២១នេះ​ រ៉ៃជាព្យុះទីហ្វុងទី១៥ និងសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
 
លោក​ Ricardo Jalad ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនដល់៤០៥នាក់​ ហើយភាគច្រើនស្លាប់ដោយសារការលង់ទឹក ​ដើមឈើបាក់សង្កត់ និងរអិលបាក់ដី។ លោកបានបន្ថែមថា​ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ មនុស្ស ៨២ នាក់បានកំពុងបាត់ខ្លួន ខណៈមនុស្សចំនួន១,១៤៧នាក់បានរងរបួស។
 
លោក​ Jalad បានបន្តថា ផ្ទះច្រើនជាង៥៣ម៉ឺនខ្នង ត្រូវបានរងការខូតខាត ដែលមួយភាគបីត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុងដោយសារកម្លាំងព្យុះ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្មត្រូវបានប៉ាន់ស្មានថាខូតខាតគិតជាទឹកប្រាក់ចំនួន៤៥៩លានដុល្លារ។
 
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ព្យុះទីហ្វុងនេះបានប៉ះពាល់ដល់មនុស្សជិត៤,៥លាននាក់។ នៅក្នុងខេត្តភាគកណ្តាលនៃហ្វីលីពីន រដ្ឋាភិបាល កំពុងជួបបញ្ហាលើការផ្គត់ផ្គង់ជំនួយមិនគ្រប់គ្រាន់សម្រាប់អ្នកស្រុករាប់ពាន់នាក់ដែលគ្មានភ្លើង និងទឹកប្រើប្រាស់។
 
«វា បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំសម្បើម ហើយមើលទៅដូចជាត្រូវបានទម្លាប់គ្រាប់បែកមកកាន់តំបន់ភាគខាងជើងនៃខេត្ត Bohol។» លោក Anthony Damalerio ប្រធានគ្រោះមហន្តរាយប្រចាំខេត្ត Bohol ប្រាប់ទៅកាន់ទីភ្នាក់ងារ Reuters ។
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣​ ព្យុះទីហ្វុង​ Haiyan ដែលជាព្យុះកំបុតត្បូងដ៏មានឥទ្ធិពលខ្លាំងបំផុតបានវាយប្រហារហ្វីលីពីន និងសម្លាប់ប្រជាជនហ្វីលីពីនជាង​៦ពាន់នាក់។ ហ្វីលីពីន ត្រូវបានចាត់ទុកជាប្រទេសមួយដែលងាយរងគ្រោះបំផុតនៅលើពិភពលោកដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ ទឹកដីនេះ តែងតែរងគ្រោះដោយព្យុះជារៀងរាល់ឆ្នាំជាមធ្យមចំនួន២០ដង ដែលជាធម្មតាបំផ្លាញការប្រមូលផលដំណាំ ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ក្រីក្រ៕

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com