អន្តរជាតិ
ចិន ដកមន្រ្តីក្រុងស៊ីអានពីរនាក់ចេញពីតំណែង ខណៈជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល
03, Jan 2022 , 10:14 pm        
រូបភាព
ដោយ:
មន្រ្តីជាន់ខ្ពស់ពីររូបនៅទីក្រុងស៊ីអាននៃខេត្តសានស៊ី ត្រូវបានចេញពីតំណែង ដែលជាផ្នែកមួយនៃការពង្រឹងវិធានការប្រឆាំងករណីឆ្លងជំងឺកូវីដ-១៩។ ទិន្នន័យផ្លូវការ​នៅថ្ងៃទី៣ ខែធ្នូ បានបង្ហាញថា ករណីឆ្លងថ្មីនៅក្រុងស៊ីអានមានការធ្លាក់ចុះ តែមិនទាន់ធូរស្រាលឡើយ។



ក្រុងស៊ីអាន ដែលមានប្រជាជនរស់នៅប្រមាណ១៣លាននាក់ នៅតែស្ថិតនៅចំណុចក្តៅនៃការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ នៅចិន។ ជាមួយសន្ទុះករណីឆ្លងមិនថមថយ អាជ្ញាធរតំបន់នេះបានបញ្ជាឱ្យប្រជាជនទាំង១៣លាននាក់ស្នាក់នៅក្នុងផ្ទះ និងបើកយុទ្ធនាការធ្វើតេស្តរុករកអ្នកឆ្លងជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាច្រើនជុំ ។
 
នៅថ្ងៃទី៣ខែធ្នូ ក្រុងស៊ីអានបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៩០ករណី ដែលជាការបង្ហាញតួលេខធ្លាក់ចុះបើធៀបកាលពីថ្ងៃទី២​ មានចំនួនរហូត១២២ករណី។ គិតចាប់ពីថ្ងៃទី៩​ខែធ្នូមកដល់ពេលនេះ ក្រុងស៊ីអានកត់ត្រាករណីឆ្លងច្រើនជាង១,៦០០នាក់។
 
«យើងបានឈានចូលក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ទូទៅហើយ។»​ លេខាបក្សកុម្មុយនិស្តចិននៃខេត្តសានស៊ី​ លោកលីវ ​ក័រចុង បានថ្លែងបែបនេះដោយបន្ថែមថា វាពិតជាចាំបាច់ណាស់ក្នុងការសម្រេចនៅគោលដៅនៃការបោសសម្អាតករណីឆ្លងក្នុងសង្គមឱ្យបានឆាប់រហ័ស។
 
កាលពីថ្ងៃទី២ខែធ្នូ ក្រុងស៊ីអា​នបានប្រកាសថា មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនិស្តពីររូបមកពីស្រុក​ Yanta ត្រូវបានដកចេញពីមុខតំណែងរបស់ពួកគេ ដើម្បីជាការពង្រឹងការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងតំបន់។
 
កាលពីចុងឆ្នាំ២០២១ ស្ថាប័នអនុវត្តវិន័យរបស់ចិនបានប្រកាសថា ខ្លួនបានពិន័យមន្រ្តីចំនួន ២៦ នាក់ក្នុងក្រុងស៊ីអានក្រោមការចាត់វិធានការមិនបានម៉ឺតម៉ាត់គ្រប់គ្រាន់ក្នុងការបង្ការ និងគ្រប់គ្រងករណីផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
 
គិតត្រឹមថ្ងៃទី៣ខែធ្នូ​ ​ចិនបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩សរុបជាង១០ម៉ឺននាក់និងស្លាប់ជាង៤ពាន់នាក់៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com