អន្តរជាតិ
ចិន បិទខ្ទប់ទីក្រុងមួយទៀតមានប្រជាជនជាង១លាននាក់ ក្រោយរកឃើញជំងឺកូវីដ-១៩ ៣ករណី
04, Jan 2022 , 4:59 pm        
រូបភាព
ប្រជាជនចិន ឈរតម្រង់ជួររង់ចាំការយកសំណាក។ រូបថត Xinhua
ប្រជាជនចិន ឈរតម្រង់ជួររង់ចាំការយកសំណាក។ រូបថត Xinhua
ទីក្រុងចិនមួយទៀត ត្រូវបានបិទខ្ទប់ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរចិននៅទីក្រុងអ៊ីចូវ ក្នុងខេត្តហឺណាន នៅថ្ងៃទី៤ ខែមករា បានប្រកាសមិនអនុញ្ញាតឱ្យប្រជាជន​ច្រើនជាង​១​លាននាក់​ចាកចេញពីផ្ទះនោះទេ បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួនតែបីករណីប៉ុណ្ណោះ។

 
 
ខុសពីប្រទេសផ្សេងដែលអនុវត្តយុទ្ធសាស្រ្តរស់នៅជាមួយជំងឺកូវីដ-១៩ រដ្ឋាភិបាលទីក្រុងប៉េកាំង បន្តដាក់ចេញយុទ្ធសាស្រ្តគ្មានកូវីដ-១៩ ដើម្បីទប់ស្កាត់ជំងឺនេះដដែល។ វិធានការរឹតត្បិតដ៏តឹងរ៉ឹង​រួមមាន​ការបិទព្រំដែន និងវិធានការបិទខ្ទប់ទីក្រុង ត្រូវបានអនុវត្តតាំងពីរកឃើញជំងឺកូវីដ-១៩ លើកដំបូង​ឯណោះ។ បច្ចុប្បន្ន វិធានការនេះរឹតតែតឹងរ៉ឹងជាងមុនទៅទៀត ខណៈដែលរលកជំងឺកូវីដ-១៩ ផ្ទុះ ឡើងសារជាថ្មី ហើយចិនក៏កំពុងតែរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។
 
ប្រជាជនជាង១,១៧លាននាក់ដែលរស់នៅទីក្រុងអ៊ីចូវ ខេត្តហឺណានភាគកណ្ដាល់ប្រទេស ​ត្រូវបញ្ជាឱ្យ​នៅតែ​ផ្ទះចាប់ពីយប់ថ្ងៃទី៣​ខែមករា ​ដើម្បី​ទប់ទល់ជំងឺកូវីដ-១៩ ពីការរីក​រាល​ដាលបន្ថែមទៀត។ អាជ្ញាធរទីក្រុងបានលើកឡើងបែបនេះក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃទី៤ ខែមករា បន្ទាប់ពី​រកឃើញ​ករណីឆ្លងជំងឹកូវីដ-១៩ ថ្មីចំនួនតែបីករណីក្នុងរយៈពេលបីបួនថ្ងៃចុងក្រោយ។
 
សេចក្ដីប្រកាសខាងលើបានបន្ថែមថា អាជ្ញាធរនឹងចាប់ផ្ដើមរៀបចំការយាមច្រកតំបន់និង ចាត់វិធានការ​ទប់ទល់យ៉ាងតឹងរ៉ឹង។ ទីក្រុងអ៊ីចូវ​ ក៏ត្រូវបានបញ្ឈប់សេវាកម្មផ្សេងៗរួចមកហើយដូចជា ការធ្វើដំណើរ​តាមរថយន្តក្រុង និងតាក់ស៊ី ការបិទផ្សារទំនើប សារមន្ទីរ និងកន្លែងទេសចរណ៍នានាជាដើម។
 
ទោះបីជាករណីឆ្លងនៅចិនទូទៅមានចំនួនតិចជាងបើធៀបជាមួយប្រទេសផ្សេងទៀតក្ដី ករណីឆ្លង​ថ្មី​ៗ​នៅ​ចិនថ្មីៗនេះបានកើនឡើងខ្ពស់ជាងករណីឆ្លងថ្មីតាំងពីខែមីនាឆ្នាំ ២០២០កន្លងមក។ ដូចជានៅ​ទីក្រុងស៊ីអាននៃខេត្តសានស៊ី ករណីឆ្លងថ្មីនៅថ្ងៃទី៤ ខែមករា មានដល់៩៥ ករណី ហើយទីក្រុង​នោះត្រូ​វ​បានបិទខ្ទប់ជិតពីរសប្ដាហ៍មកហើយ។ 
 
អាជ្ញាធរក្នុងតំបន់ដែលត្រូវបានចាត់ទុកថាបរាជ័យក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឹកូវីដ-១៩ ជា​រឿយៗត្រូវបានបណ្តេញចេញ ឬដាក់ទណ្ឌកម្ម។ ដូចជាថ្មីៗនេះ មន្ត្រីជាន់ ខ្ពស់បក្សកុម្មុយនីស្ត​ពីរ​រូប​នៅ​ទីក្រុងស៊ីអានត្រូវបានដកចេញពីមុខតំណែងរបស់ពួកគេជុំវិញការខ្វះភាពហ្មត់ចត់ក្នុងការបង្ការ និងទប់​ស្កាត់ការឆ្លងឡើងវិញ។ ការណ៍នេះបាន ជំរុញអាជ្ញាធរតំបន់ឆ្លើយតបយ៉ាងតឹងរ៉ឹងបន្ថែមទៀត។ 
 
ករណីឆ្លងថ្មីនៅថ្ងៃទី៤ ខែមករា មានចំនួន១៧៥ករណី ដែលក្នុងនោះ៥ករណី ត្រូវបានរ​ក​ឃើញ​ក្នុង​ខេត្តហឺណាននិង ៨ករណីទៀតត្រូវបានរកឃើញក្នុងករណីពាក់ព័ន្ធ នឹងរោងចក្រកាត់ដេរនៅ​ភាគ​ខាង​កើតនៃទីក្រុងនីងប៉៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com