ជាតិ
កម្ពុជា នឹងមានមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម នាំចេញកសិផល ទៅចិនផ្ទាល់
04, Jan 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងមានមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ដើម្បីនាំចេញផលកសិផលឆ្ពោះត្រង់ទៅកាន់ទីផ្សារប្រទេសចិន។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់លើផ្ទៃដី៨០ហិកតានៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយក្រុមហ៊ុន ហ៊ុន ទី។

 
មណ្ឈមណ្ឌលនេះ អាចវេចខ្ចប់ ឃ្លាំងស្តុក(Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ ប្រើដោយម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃទឹកក្តៅ សម្រាប់ផ្លែឈើមួយចំនួនដូចជា ស្វាយ មៀនប៉ៃលិន និងដូងជាដើម។ បច្ចុប្បន្ន មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្មនេះ សាងសង់បានប្រមាណ៨០ភាគរយ និងកំពុងដំណើរការសាងសង់អគារ ២បន្ថែមទៀត ដើម្បីដាក់ឲ្យបម្រើការស្តុកផ្លែឈើ លាងសំអាត ធ្វើអនាម័យ វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។ នៅពេលចាប់ផ្តើមដំណើរការ មជ្ឈមណ្ឌលត្រូវការកម្មករ ៣០០០នាក់។  
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា ការកសាងមជ្ឈមណ្ឌលនេះ គឺដើម្បីបម្រើឲ្យវិស័យកសិឧស្សាហកម្ម និងផ្លែឈើតំបន់ត្រូពិច (Tropical Friuts)។ ផលិតកម្មផ្លែឈើត្រូពិច គឺជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ច និងទីផ្សារ ពិសេសស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត។ លោក ជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងនាំកសិផលកម្ពុជាទៅកាន់ទីផ្សារចិនដោយត្រង់ ដែលផ្ដល់ប្រយោជជាច្រើនដល់កសិករ ម្ចាស់ចំការ និងអាជីវករក្នុងស្រុក។ 


 រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 
 
ជាមួយគ្នានេះ លោក វេង សាខុន ក៏បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់។ ម្ចាស់ចំការ ត្រូវចេះចាប់យកឱកាសបង្ហាញកសិផលខ្លួននៅលើទីផ្សារអន្តរជាតិពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ មិនតែប៉ុណ្ណោះលោក បានណែនាំឱ្យក្រុមហ៊ុន ម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព។ 
 
គួររំលឹកថា រដ្ឋាភិបាលចិន បានអនុញ្ញាតឲ្យកម្ពុជាអាចនាំផ្លែស្វាយស្រស់ប្រមាណ ៥០ម៉ឺនតោន ទៅកាន់ទីផ្សាររបស់ខ្លួនជារៀងរាល់ឆ្នាំ។ ក្រោយការចរចាទីផ្សារអស់រយៈពេល៣ឆ្នាំ ចិនបានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលអាចមានសិទ្ធិនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះបាន។   


 រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 
 
ផ្លែ​ស្វាយ ដែលអាចនាំចេញទៅទីផ្សារចិនបាន គឺត្រូវឆ្លងកាត់ការវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់សមាសភាពចង្រៃ​​ ដោយ​​ប្រើ​​ចំហាយ​​ទឹកក្តៅ​ (Vapor Heat Treatment - VHT) ​ឬ​ ​ប្រព្រឹត្តិកម្ម​​ទឹក​ក្តៅ​ (Hot Water Treatment - HWT) ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ ផ្លែស្វាយស្រស់របស់កម្ពុជា គឺជាកសិផលទី២ បន្ទាប់ពីផ្លែចេកដែលបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០២០។ ផលិតផលកសិកម្មកម្ពុជា ៤មុខទៀត ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចុងអង្ករ។ ថ្មីៗនេះ ភាគីចិនក៏កំពុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដើម្បីឈានដល់ការសម្រេចនាំចេញ ដោយផ្ទាល់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ៕ 

Tag:
 មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម
  ការនាំចេញកសិផលទៅចិន
© រក្សាសិទ្ធិដោយ thmeythmey.com