អន្តរជាតិ
ក្រុមហ៊ុន​ព័ត៌មាន​ទី​៣​នៅ​​​ហុងកុង ប្រកាស​បិទ​ទ្វារ ខណៈ​ការព្រួយ​បារម្ភ​ពី​ការបង្ក្រាប​លើ​ប្រព័ន្ធ​ព័ត៌មាន​កើន​ឡើង
05, Jan 2022 , 8:29 am        
រូបភាព
ប៉ូលិស នៅ​ខាងក្រៅ​អគារ​ការិយាល័យ «Stand News» ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
ប៉ូលិស នៅ​ខាងក្រៅ​អគារ​ការិយាល័យ «Stand News» ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
ដោយ: VOA
ទីក្រុងហុងកុង — អ្នក​សារព័ត៌មានរបស់​ក្រុមហ៊ុន​ព័ត៌មាន CitizenNews របស់​ទីក្រុង​ហុងកុង បាន​រិះគន់ការធ្លាក់​ចុះសេរីភាព​សារព័ត៌មាននៅ​ក្នុង​ទីក្រុង​នេះ ខណៈ​ដែលពួក​គេ បាន​សម្រេចបិទ​សារព័ត៌មាន​របស់​គេ កាលពី​​ថ្ងៃ​ចន្ទ​ ដោយ​និយាយ​ថា ពួក​គេគិត​ថា​ នឹងលែង​មាន​សុវត្ថិភាព​តទៅ​ទៀត​ហើយ​ក្នុង​ការផ្សាយព័ត៌មាន​របស់​គេ​ បន្ទាប់​ពី​បុគ្គលិក​មួយ​ចំនួនរបស់​ក្រុម​ហ៊ុន​ដែល​ជា​គូប្រជែង​របស់​ខ្លួន​ ត្រូវ​បានអាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ«បះបោរ»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
ក្រុមហ៊ុន​សារព័ត៌មាន CitizenNews ជា​ក្រុម​ហ៊ុនផ្សព្វផ្សាយ​ព័ត៌មានអនឡាញ​ ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ព័ត៌មាន​ផ្សេងៗ​ ក្នុង​ទីក្រុង​ហុងកុង​ ដែល​មានអ្នក​គាំទ្រប្រមាណ​ជាង​៨សែន​នាក់​ និង​ជា​សារព័ត៌មាន​ទី៣ដែល​ត្រូវ​បាន​បិទ​ទ្វារ ស្រប​ពេល​ដែលរដ្ឋាភិបាល​ក្រុង​ប៉េកាំង ​កំពុងគ្រប់​គ្រង​លើ​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង។
 
នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ចេញ​ផ្សាយ​របស់​ខ្លួន ក្រុម​អ្នក​យក​ព័ត៌មានរបស់​ក្រុម​ហ៊ុន CitizenNews បាន​បញ្ជាក់​ច្បាស់​ថា ការ​សម្រេច​ចិត្ត​បិទទ្វារ​របស់​ក្រុម​ហ៊ុននេះ គឺ​ដោយសារតែ​ការ​ភ័យ​ខ្លាច ​បន្ទាប់​ពី​ក្រុម​ប៉ូលិស​ក្រុង​ហុងកុង​ ​បាន​វាយ​ឆ្មក់​ចូល​ឆែក​ឆេរ​ និង​ចាប់​ខ្លួន​បុគ្គលិក​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ព័ត៌មាន Stand News កាល​ពី​សប្តាហ៍​មុន​នោះ។
 
សហ​ស្ថានិក​របស់​ក្រុមហ៊ុន​ព័ត៌មាន CitizenNews លោក Chris Yeung និង​ជា​អតីត​ប្រធាន​សមាគម​អ្នក​សារព័ត៌មានរបស់​ទីក្រុង​ហុងកុង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា «យើងបាន​ព្យាយាម​អស់​ពី​លទ្ធភាព​របស់​យើង​ហើយ​ក្នុង​ការមិនរំលោភ​ច្បាប់ណា​មួយ ប៉ុន្តែ​យើង​មិន​បាន​ឃើញ​ច្បាស់​នូវ​បន្ទាត់​នៃ​ការ​អនុវត្តច្បាប់​ ហើយ​យើង​លែង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ក្នុង​ការងារ​របស់​យើង​ហើយ។ លោក​ប​ន្ថែម​ទៀត​ថា «អ្នកសារព័ត៌មាន​ក៏​ជា​មនុស្ស​ដែល​មានក្រុម​គ្រួសារ ​និង​មិត្តភ័ក្ត​នោះដែរ»។
 
លោក Yeung និយាយ​ថា បន្ទប់​ផ្សាយ​ព័ត៌មាន​របស់ក្រុមហ៊ុន​លោក​ នៅ​មិន​ទាន់​ត្រូវ​បាន​ទាក់​ទងដោយ​ក្រុម​អាជ្ញាធរ​អនុវត្តច្បាប់​នោះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​ បាន​សម្រេច​ចិត្ត​ថា ត្រូវបិទទ្វារ​ដោយ​យោង​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើងទៅ​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ផ្សេងនោះ។
 
ក្រុមហ៊ុនសារព័ត៌មាន​ដែល​រិះគន់​មិន​សំចៃ​មាត់ Apple Daily បាន​ដួល​រលំ​កាលពី​ឆ្នាំ​ទៅ​ បន្ទាប់ពី​ទ្រព្យ​សម្បត្តិរបស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​បង្កក​ហើយ​មេដឹកនាំ​សំខាន់​ៗរបស់​ក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិថ្មី​របស់​ក្រុង​ហុងកុង​ជុំវិញ​ខ្លឹម​សារ​នៃ​អត្ថបទ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ពេល​កន្លង​មក។
 
ដោយ​ឡែកក្រុមហ៊ុន​សារព័ត៌មាន Stand News បាន​បិទទ្វារ​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​បុគ្គលិក​បច្ចប្បន្ន ​និង​អតីតកាល​របស់​ក្រុម​ហ៊ុន​នេះ​ ​ចំនួន​៧​នាក់​ ត្រូវ​បានអាជ្ញាធរ​ចាប់​ខ្លួន​នោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com