អន្តរជាតិ
តម្លៃធ្យូងថ្មនៅចិនកើនឡើង បន្ទាប់ពីឥណ្ឌូណេស៊ីបិទការនាំចេញក្នុងខែមករា
05, Jan 2022 , 9:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
តម្លៃធ្យូងថ្មនៅចិន បានកើនឡើងប្រមាណ ៧,៨ ភាគរយ នៅដើមឆ្នាំ២០២២​ បន្ទាប់ពីឥណ្ឌូណេស៊ី បានប្រកាសផ្អាកនាំចេញធ្យូងថ្មសម្រាប់ខែមករា ក្រោមហេតុផលកង្វះការផ្គត់ផ្គង់រោងចក្រថាមពលក្នុងស្រុក។ មិនត្រឹមតែចិនទេ កូរ៉េខាងត្បូង ឥណ្ឌា និងជប៉ុន ក៏ប្រឈមបញ្ហានឹងបញ្ហាខ្វះធ្យូងថ្ម និងការកើនឡើងនៃតម្លៃផងដែរ។

  
 
តម្លៃធ្យូងថ្មនៅលើទីផ្សារ Zhengzhou Commodity Exchange កើនឡើងដល់ទៅ​ ៧,៣ភាគរយឯណោះ ឬធ្យូងថ្មមានតម្លៃ ១១១,១០ ដុល្លារក្នុងមួយតោន ដែលជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
 
តម្លៃធ្យូងថ្មនេះកើនឡើង បន្ទាប់ពីឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃទី១ ខែមករា ថាផ្អាកការនាំចេញធ្យូងថ្មពេញមួយខែមករា ដោយ​សារ​ការ​ព្រួយ​បារម្ភ​ជុំវិញការខ្វះខាតធ្យូងថ្មសម្រាប់​រោង​ចក្រ​ថាមពល​ក្នុង​ស្រុក​​​​។ លើសពីនេះ ការហាមឃាត់របស់ឥណ្ឌូណេស៊ីធ្វើឡើង ស្របពេលតម្លៃធ្យូងថ្មនៅចិនកំពុងកើនឡើងស្រាប់ ចាប់ពីចុងឆ្នាំ២០២១ ហើយថែមទាំងខ្វះការផ្គត់ផ្គង់ទៀត ដែលបណ្តាលឱ្យដាច់ភ្លើងនៅតំបន់មួយចំនួន។
 
«ធ្យូងថ្មឥណ្ឌូណេស៊ីត្រូវបានដឹកជញ្ជូនជាចម្បងទៅកាន់តំបន់ឆ្នេរនៅភាគខាងកើត និងភាគខាងត្បូងចិន ហើយមានចំនួនប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់សរុបនៅក្នុងតំបន់»។​ លោក Zhai Kun អ្នកវិភាគប្រចាំក្រុមហ៊ុន Guotai Junan Futures បានលើកឡើងបែបនេះ ដោយបន្តថា ការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ឥណ្ឌូណេស៊ីត្រូវបានរំពឹងថា នឹងធ្វើឱ្យការផ្គត់ផ្គង់នៅទីផ្សារចិនតូចចង្អៀតបន្ថែមទៀត។ 
 
នៅខែវិច្ឆិកា ឆ្នាំ២០២១ ចិនបានបញ្ចេញធ្យូងថ្មចំនួន ៣៧០,៨៤ លានតោនក្នុងខែវិច្ឆិកា ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់សម្រាប់រដូវរងា។ ប៉ុន្តែ​ទិន្នផលនេះ ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​ដោយ​សារ​រោងចក្រ​ថាមពល​ពន្យឺត​ការ​នាំចូល ស្របពេល​រដ្ឋាភិបាល​ចាត់វិធាន​ការ​បង្ក្រាប​លើ​ការ​ជីក​យក​ធ្យូងថ្មខុស​ច្បាប់។
 
ការកើនឡើងតម្លៃធ្យូងថ្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពលរបស់កូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌាផងដែរ។ 
 
សូមបញ្ជាក់ថា​ ឥណ្ឌូណេស៊ី គឺជាប្រទេសដែលនាំចេញធ្យូងថ្មដ៏ធំបំផុតនៅពិភពលោក ដែលនាំចេញជាង៤០០លានតោនក្នុងឆ្នាំ២០២០ ហើយចិនគឺជាប្រទេសដែលនាំចូលធ្យូងថ្មដ៏ធំបំផុតពីឥណ្ឌូណេស៊ី។ ចិន បាននាំចូលធ្យូងថ្មពីឥណ្ឌូណេស៊ីប្រមាណ ១៧៨ លានតោន ក្នុង ១១ ខែដំបូងនៃឆ្នាំ ២០២១ ឬស្មើនឹងជាង ៦០ភាគរយ នៃការនាំចូលធ្យូងថ្មសរុបរបស់ចិន៕

Tag:
 ធ្យូងថ្ម
  ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com