កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបអ្នកមានថ្មី Newcastle ទិញបាន Trippier ពី AT-Madrid ដើម្បីពង្រឹងក្រុម
05, Jan 2022 , 11:30 am        
រូបភាព
Newcastle United ទិញបានខ្សែការពារ Kieran Trippier ពី Atletico Madrid ក្នុងតម្លៃ ១៦ លានដុល្លារ។ Trippier ជាកីឡារករដំបូងដែលសិរិការព្រៃទិញចូលនៅពេលទីផ្សារដោះដូរកីឡាករលើកទី២ខែមករានេះ និងរំពឹងថាកីឡាករល្អៗបន្តបន្ទាប់ទៀតនឹងទៅដល់ St. James' Park ដើម្បីពង្រឹងក្រុមគេចផុតពីតំបន់ត្រូវកាត់ចោលពី Premier League។ នេះបើតាមការផ្សាយរបស់កាសែត BBC។



ការមកដល់របស់ Trippier បានធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងរបស់ Newcastle ក្រោមការដឹកនាំរបស់អ្នកចាត់ការ Eddie Howe ចាប់តាំងពីម្ចាស់ថ្មីជារជ្ជទាយាទទិញយកក្លិបនេះកាលពីខែតុលា។
 
Trippier សញ្ជាតិអង់គ្លេសវ័យ៣១ឆ្នាំ បានផ្លាស់ពី Tottenham Hotspur ទៅចូលរួមជាមួយក្រុម Atletico នៅ La Liga ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ២៧លានដុល្លារ។ ៣រដូវកាលនៅទឹកដីអេស្ប៉ាញ Trippier បង្ហាញខ្លួន ៨៣ ប្រកួត និងជួយ Atletico ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញកាលពីរដូវកាលមុន។
 
អ្នកចាត់ការ Howe រំពឹងថា Trippier ដែលលេចធ្លោនៅ Euro 2020 តាមរយៈការជួយជម្រើសជាតិអង់គ្លេសឡើងដល់វគ្គផ្តាច់ព្រ័ត្រ នឹងបង្ហាញខ្លួនដំបូងសម្រាប់ក្រុមសារិកាព្រៃនាជំនួបទល់នឹង Watford។
 
Newcastle ស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាងពិន្ទុ Premier League ដែលជាតំបន់ត្រូវកាត់ចោលទៅលីគទីពីររដូវកាលក្រោយ។ ឆ្លងកាត់ការប្រកួត១៩លើក ក្រុមដែលមានម្ចាស់ថ្មីសម្បូរទ្រព្យ រកបានតែ១១ពិន្ទុប៉ុណ្ណោះ៕

Tag:
 Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com