កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA ឱ្យយោបល់រៀប Euro ២ឆ្នាំម្តង បើផែនការ World Cup ជោគជ័យ
06, Jan 2022 , 8:29 am        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់យោបល់ឱ្យរៀបចំការប្រកួតជើងឯកអឺរ៉ុប European ពីរឆ្នាំម្តង ប្រសិនបើផែនការផ្លាស់ប្តូរកាលប្រកួត World Cup រៀងរាល់ពីរឆ្នាំម្តងទទួលបានជោគជ័យ។



ប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់របស់ FIFA លោក Arsene Wenger FIFA បង្កើនការផ្សព្វផ្សាយគំនិតរបស់ខ្លួនកាន់តែខ្លាំង ជុំវិញការផ្លាស់ប្តូរកាលប្រកួតកីឡាបាល់ទាត់ពិភពលោកពី៤ឆ្នាំ មកត្រឹមពីរឆ្នាំម្តងវិញ បើទោះផែនការនេះមិនទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និងអាម៉េរិកឡាទីន (CONMEBOL)។
 
FIFA នាកិច្ចប្រជុំកំពូលនៅថ្ងៃទី២០ ខែធ្នូ បានអះអាងប្រាប់សមាជិករបស់ខ្លួនថា ការរៀបចំការប្រកួត World Cup រៀងរាល់ពីរឆ្នាំម្តង នឹងបង្កើតប្រាក់ចំណូលបន្ថែម លើសពី៤ពាន់លានដុល្លារអាម៉េរិកតាមរយៈសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងប្រាក់ចំណូលឧបត្ថម្ភផ្សេងៗទៀត។
 
ឆ្លើយនឹងសំណួររបស់វិទ្យុអ៊ីតាលី Anch'io ថា តើនឹងមានអ្វីកើតឡើងចំពោះការប្រកួតអន្តរជាតិដ៏សំខាន់របស់អឺរ៉ុបបន្ទាប់ពីសំណើរៀប World Cup ២ឆ្នាំម្តង។ លោក Infantino បានឆ្លើយភ្លាមថា៖ «Euro ក៏នឹងធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងដែរ»។
 
ប្រធាន FIFA ដែលប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ UEFA និង CONMEBOLបន្ថែមថាមពលបន្ថែមទៀតដល់ភ្លើង ដោយបានលើកឡើងថា ពានរង្វាន់អឺរ៉ុបនឹងធ្វើរៀងរាល់២ឆ្នាំម្តងដែរ ប្រសិនបើផែនការ World Cup ពីរឆ្នាំកើតមានឡើង។
 
 «នៅអឺរ៉ុប និងអាម៉េរិកខាងត្បូងប្រឆាំងនឹងគម្រោងរៀប World Cup ២ឆ្នាំម្តង ពីព្រោះពួកគេគិតថាមានការប្រកួតច្រើន ប៉ុន្តែវាមិនដូច្នោះទេ វាមានរយៈពេលត្រឹមមួយខែប៉ុណ្ណោះក្នុងមួយឆ្នាំរវៀង Euro និង World Cup ហើយនេះជាអ្វីដែលយើងត្រូវរកវិធីដើម្បីឱ្យបាល់ទាត់កាន់តែរីកចំរើន»។ នេះជាការបញ្ជាក់របស់ Infantino។
 
កាលពីសប្តាហ៍មុន ប្រធាន UEFA លោក Aleksander Ceferin បានរំលឹកឡើងវិញម្តងទៀតថាលោកនៅតែប្រឆាំងដាច់ខាតចំពោះផែនការរៀប FIFA World Cup ពីរឆ្នាំម្តងដលជាគម្រោងរបស់លោក Wenger។ លោក Ceferin អះអាងទៀតថាលោកជឿគម្រោងនេះនឹងបរាជ័យមិនខាន ព្រោះជាគំនិតរវើរវាយ និងមិនសមហេតុផល៕

Tag:
 World Cup
  Euro
© រក្សាសិទ្ធិដោយ thmeythmey.com