អន្តរជាតិ
ជនជាតិវីហ្គ័រភៀសខ្លួននៅតួកគី១៩នាក់ ប្ដឹងមន្ត្រីចិនទាក់ទងការបំពានសិទ្ធិមនុស្សនៅស៊ីនជាំង
05, Jan 2022 , 7:29 pm        
រូបភាព
ជនភៀសខ្លួនវីហ្គ័រ តវ៉ាប្រឆាំងសកម្មភាពចិននៅស៊ីនជាំងនៅទីលានក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនាពេលកន្លងមក។ រូបថត AFP
ជនភៀសខ្លួនវីហ្គ័រ តវ៉ាប្រឆាំងសកម្មភាពចិននៅស៊ីនជាំងនៅទីលានក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនាពេលកន្លងមក។ រូបថត AFP
ជនភាគតិចមូស្លីមវីហ្គ័រ១៩នាក់ដែលបានភៀសខ្លួនពីចិនទៅតួកគី នៅថ្ងៃទី៤ ខែមករា បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋអាជ្ញាតួកគី ដោយប្ដឹងមន្ត្រីចិនរាប់សិបនាក់ពីបទប្រល័យពូជសាសន៍ ការធ្វើទារុណកម្ម ការចាប់រំលោភ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ស៊ីន​ជាំង​។



តំបន់ស៊ីនជាំង ជាផ្ទាំងស៊ីបនៃរលករិះគន់ចិនដែលត្រូវបានក្រុមសិទ្ធិមនុស្សនិងប្រទេសលោកខាងលិចចាត់ទុកជាជំរំឃុំឃាំង និងការរំលោភសិទ្ធិជនជាតិភាគតិច។ ជនភាគតិចវីហ្គ័រ១៩នាក់ ដែលស្នាក់នៅតួកគី បានប្ដឹងមន្ត្រីចិនពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញនេះ។ អ្នកស្រី Gulden Sonmez​ មេធាវីតំណាងដើមបណ្ដឹង បានលើកឡើងថា ការដាក់ពាក្យប្តឹងនេះ ជារឿងចាំបាច់ ដោយសារតែស្ថាប័នអន្តរជាតិមិនបានធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរចិន។ 
 
បើតាមអ្នកស្រី Sonmez ពាក្យបណ្តឹង​នេះបាន​ដាក់​ទៅ​ការិយាល័យ​រដ្ឋអាជ្ញានៅទីក្រុងអ៊ីស្តង់ប៊ុល។ ក្រៅតែពីដាក់ពាក្យបណ្តឹងអ្នកស្រី Sonmez ក៏បានរិះគន់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិផងដែរ។ 
 
«​តុលាការ​​អន្តរជាតិ ​គួរតែ​បាន​ចាប់​ផ្តើម​ការ​កាត់​ក្តី​នេះ​រួច​ទៅហើយ ប៉ុន្តែ​ដោយសារ​ចិន​គឺ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ (UN) ដូចនេះដំណើរការកាត់ក្តីនេះ​វា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​»។ អ្នកស្រី Sonmez លើកឡើងបែបនេះនៅ​ក្រៅ​តុលាការទីក្រុងអ៊ីស្តង់ប៊ុល។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រៅតែពីមេធាវី Sonmez គេក៏ឃើញមានមនុស្ស​ជាង ៥០​នាក់ទៀត កំពុងកាន់កាន់​រូបថត​សមាជិក​គ្រួសារ​ដែលបាត់​ខ្លួន និងអំពាវនាវ​ឱ្យមានការ​កាត់ទោសលើ​មន្ត្រី​ចិន។
 
ពាក្យបណ្តឹងនេះ ទាក់ទងនឹងមនុស្សចំនួន១១៦នាក់ ដែលដើមបណ្តឹងបញ្ជាក់ថា បច្ចុប្បន្នត្រូវបានឃុំខ្លួននៅចិន។ ក្នុងពាក្យបណ្តឹងនេះដែរ ជនជាតិភាគតិចមូស្លីមវីហ្គ័រទាំង១៩នាក់ បានប្តឹងមនុស្សចំនួន ១១២នាក់ រួមមានសមាជិកនៃបក្សកុម្មុយនិស្តចិន ប្រធាន និងមន្រ្តីធ្វើការនៅក្នុងជំរំនៅតំបន់ស៊ីនជាំង។
 
លើសពីនេះ មេធាវីដដែលអះអាង ច្បាប់របស់តួកគីបានទទួលស្គាល់ច្បាប់សកល ហើយការធ្វើទារុណកម្ម ការប្រល័យពូជសាសន៍ ការចាប់រំលោភ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អាចត្រូវបានកាត់ទោសនៅក្នុងតុលាការតួកគីផងដែរ។ 
 
ទាក់ទិនបញ្ហានៅស៊ីនជាំង ចិនដំបូងឡើយ បានបដិសេធថា គ្មានជំរំជនភាគតិចនៅតំបន់ស៊ីនជាំង​ឡើយ។ ប៉ុន្តេក្រោយមក អាជ្ញាធរចិនបានលើកឡើងថា ជំរំនេះគឺជា មជ្ឈមណ្ឌលវិជ្ជាជីវៈ និងរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមប៉ុណ្ណោះ និងបដិសេធរាល់ការចោទប្រកាន់ទាំងអស់៕

Tag:
 ចិន
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com