កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup វគ្គ១/២ជើងទី១៖ Chelsea ឈ្នះ Spurs ២-០ ឯជំនួប Liverpool-Arsenal ផ្អាកដោយសារកូវីដ-១៩
06, Jan 2022 , 9:19 am        
រូបភាព
Chelsea សង្ឃឹមខ្ពស់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ក្រោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១នៅរាត្រីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ ជំនួបរវាង Liverpool និង Arsenal នៅវគ្គ១/២ជើងទី១នៅ Anfield ត្រូវបានផ្អាកវិញ ដោយសារកីឡាករ បុគ្គលិករបស់ហង្សក្រហមជាច្រើនអ្នកឆ្លងកូវីដ-១៩។



មួយគ្រាប់របស់ Kai Havertz និងបាល់ចូលទីខ្លួនឯង (own goal) របស់ខ្សែការពារ Ben Davies បានជួយតោខៀវឈ្នះមាន់ខ្នាយមាស ២-០ នៅជើងទី១ដែលធ្វើឡើងនៅ Stamford Bridge។
តាមរយៈជ័យជម្នះនេះបានជួយក្រុមលោក Thomas Tuchel មានប្រៀបនៅជើងទី២ វគ្គ១/២ផ្តាច់ព្រ័ត្រដែលត្រូវធ្វើនៅទឹកដី Tottenham Hotspur នាថ្ងៃទី១៣ ខែមករា។
 
ដោយឡែកជំនួបរវាង Liverpool និង Arsenal ជើងទី១នៅ Anfield ត្រូវបានពន្យាពេលដ្បិតកីឡាកររបស់ហង្សក្រហមជាច្រើនអ្នក រួមទាំងបុគ្គលិកឆ្លងកូវីដ-១៩ ខណៈអ្នកចាត់ការទូទៅលោក Jurgen Klopp ត្រូវដាក់ឱ្យនៅដាច់ដោយឡែក។
 
បើតាមការផ្សារយរបស់កាសែត BBC អ្នកចាំទី Alisson ខ្សែការពារ Joel Matip និងខ្សែប្រយុទ្ធ Roberto Firmino តេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩។ Liverpool មិនមានកីឡាករគ្រប់គ្រាន់ដើម្បីប្រកួតឡើយដ្បិតក្រៅពីអ្នកឆ្លងកូវីដ-១៩ កីឡាករសំខាន់ៗផ្សេងទៀត Mohamed Salah, Sadio Mane និង Naby Keita ត្រូវទៅបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិក្នុងការប្រកួតពានអាហ្វ្រិក Africa Cup of Nations។
 
ជំនួបជើងទី១រវាង Liverpool និង Arsenal ត្រូវលើកពេលទៅធ្វើនៅថ្ងៃទី១៣ ខែមករា វិញ និងជើងទី២ធ្វើនៅថ្ងៃទី២០ ខែមករា នៅកីឡដ្ឋាន Emirates៕

Tag:
 EFL Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com