អន្តរជាតិ
ប្រមុខការទូតចិន ធ្វើទស្សនកិច្ចនៅកេនយ៉ា ​ចំពេលមាន​ការរិះគន់​ជុំវិញ​ការ​កើនឡើង​បំណុល
06, Jan 2022 , 2:38 pm        
រូបភាព
ដោយ:
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅថ្ងៃទី៥ ខែមករា កំពុងធ្វើទស្សនកិច្ចនៅអាហ្វ្រិកដោយបានទៅដល់កេនយ៉ា ដែលជាប្រទេសរដ្ឋាភិបាលពឹងផ្អែកលើកម្ចីចិនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​។ រដ្ឋាភិបាលកេនយ៉ា កំពុងរងការរិះគន់ចំពោះការណ៍ដែលមានបន្ទុកបំណុលច្រើនពេក។

 
ប្រមុខការទូតចិន វ៉ាង យី បានទៅដល់ទីក្រុង Mombasa ទឹកដីកេនយ៉ា ដើម្បីធ្វើទស្សនកិច្ចមួយជុំនៅអាហ្វ្រិកតាមទម្លាប់របស់រដ្ឋមន្រ្តីចិនដែលជ្រើសរើសអាហ្វ្រិកជាគោលដៅទស្សនកិច្ចមុនគេនៅឆ្នាំថ្មី។
ក្រសួងការបរទេសកេនយ៉ាពណ៌នាពីដំណើរទស្សកិច្ចរបស់លោក វ៉ាង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ បសន្តិសុខ សុខភាព បម្រែបម្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យាបៃតង ជាប្រធានបទនៃទស្សនកិច្ចនេះ ហើយកិច្ចព្រមព្រៀងទ្វេភាគីថ្មីមួយនឹងត្រូវបានចុះហត្ថលេខា។
 
ចិន ផ្តល់កម្ចីដល់កេនយ៉ារាប់ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ (BRI)។ ក្នុងនោះ ទឹកប្រាក់៥ពាន់លានដុល្លារ ត្រូវចំណាយសម្រាប់ការសាងសង់ផ្លូវរទេះភ្លើងដ៏ទំនើបមួយភ្ជាប់ទៅពីកំពង់ផែ Mombasa ។ កេនយ៉ាគឺជាទិសដៅទី២ នៃដំណើរទស្សកិច្ចនៅទ្វីបអាហ្រ្វិកបន្ទាប់ពីអេរីត្រេ និងមុនទៅកូម័រ។
 
គម្រោងកម្ចីរបស់ចិនចំពោះកេនយ៉ាបានផ្លាស់ប្តូរពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងទៅជាការលើកស្ទួយពាណិជ្ជកម្មវិញ បន្ទាប់ពីមានការរិះគន់ជុំវិញការកើនឡើងនៃបំណុល និងផលប៉ះពាល់ដោយផ្នែកទៅលើសេដ្ឋកិច្ចរបស់កេនយ៉ា។ លោក Kimani Ichung'wah សមាជិក​សភា​កេនយ៉ា ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ​វាគឺជាអន្ទាក់បំណុល ហើយភាគីពាក់ព័ន្ធគួរតែចាប់ផ្តើមការចរចាឡើងវិញ ហើយបន្ថែមថាអត្រាការប្រាក់លើប្រាក់កម្ចីរបស់ចិនគឺហួសប្រមាណ។
 
បើតាមអ្នកជំនាញផ្នែកទំនាក់ទំនងអាហ្រ្វ៊ិក-ចិន ដំណើរទស្សកិច្ចរបស់លោក វ៉ាង បានសបញ្ជាក់ពីចំណាប់អារម្មណ៍របស់ទីក្រុងប៉េកាំងក្នុងការស្តារស្ថិរភាពទៅកាន់តំបន់អាហ្រ្វិកខាងកើត ជាមួយនឹងការមើលឃើញពីផលប្រយោជន៍ពាណិជ្ជកម្មផងដែរ៕

Tag:
 កេនយ៉ា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com