អន្តរជាតិ
តៃវ៉ាន់ ធ្វើសមយុទ្ធស្ទាក់​ចាប់​យន្តហោះ ក្រោយយន្តហោះ​ចិនហោះកៀកច្រើនលើក
06, Jan 2022 , 8:29 pm        
រូបភាព
យន្តហោះចម្បាំងតៃវ៉ាន់ក្នុងសមយុទ្ធផ្លូវអាកាស។ រូបថត AFP
យន្តហោះចម្បាំងតៃវ៉ាន់ក្នុងសមយុទ្ធផ្លូវអាកាស។ រូបថត AFP
យន្តហោះចម្បាំងកងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃទី៥ ខែមករា បានធ្វើប្រត្តិបត្តិការក្នុងសមយុទ្ធ​យោធា​មួយដែលរៀបចំឡើងធ្វើជាសេណារីយ៉ូសង្គ្រាមដែលបង្ហាញពីការត្រៀមខ្លួនរួមជាស្រេច​ក្នុង​ការ​ស្ទាក់​ចាប់​យន្តហោះ​សត្រូវ។

 
ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តៃវ៉ាន់​បានត្អូញត្អែរអំពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំងធ្វើឡើងម្តងហើយ​ម្តងទៀតនៅ​ក្បែទឹកដី​របស់​ខ្លួន។ យន្តហោះយោធាចិនជាញឹកញាប់ បានហោះ​ចូលភាគនិរតីនៃតំបន់​កំណត់​អត្តសញ្ញាណកា​រពារ​ដែនអាកាស (ADIZ) របស់កោះតៃវ៉ាន់ផងដែរ។
 
វត្តមានកាន់តែញឹកញាប់របស់យន្តហោះចិន បានជំរុញឱ្យតៃវ៉ាន់ពង្រឹងសាច់ដុំរបស់ខ្លួនដើម្បីត្រៀម​ខ្លួនទប់ទល់នឹងការលុកលុយរបស់ចិន។ កងទ័ពអាកាសតៃវ៉ាន់ ធ្វើសមយុទ្ធដែនអាកាសបីថ្ងៃដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ ផ្នែកមួយនៃសមយុទ្ធនេះ យន្តហោះតៃវ៉ាន់ ក៏បានធ្វើលំហាត់ស្ទាក់យន្តហោះសត្រូវ។ 
 
ជុំវិញសមយុទ្ធយោធាខាងលើ ឧត្តមសេនីយ៍ទោ Yen Hsiang-sheng បានប្រាប់អ្នក សារព័ត៌មាននៅថ្ងៃទី៥ ខែធ្នូថា យន្តហោះចម្បាំបានធ្វើសមយុទ្ធតាមបែប«ដំណើរដំរី»។ សមយុទ្ធខាងលើក៏បានបង្ហាញពីការប្រើប្រាស់មួកសុវត្ថិភាពដែលបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យខ្ពស់ដែលអាចអនុញ្ញាតអ្នកឱ្យបើកយន្តហោះទទួលបានព័ត៌មានសំខាន់ៗដូចជាការកំណត់គោលដៅដែលបង្ហាញដោយផ្ទាល់នៅលើផ្នែកខាងមុខនៃមួក សុវត្ថិភាពរបស់អ្នកបើកយន្តហោះដោយមិនចាំបាច់ពិនិត្យ Head-Up Display (HUD) ដូចដែលពួកគេធ្លាប់ធ្វើពីមុនមក។
សមយុទ្ធ «ដំណើរដំរី» សំដៅលើសមយុទ្ធ​ត្រៀម​សម្រាប់​ការ​វាយ​ប្រហារ​ភ្លាម​ៗ ហើយភាគ ច្រើនប្រើប្រាស់យន្ដហោះ​យោធា​ប្រភេទ​ផ្សេង​ៗគ្នារួម​ទាំង​ឧទ្ធម្ភាគចក្រ​ផង​ដែរ​។
 
 
«យន្តហោះពួកកុម្មុយនីស្ត (ចិន) បានចូលឈ្លានពានតំបន់ ADIZ របស់ពួកយើងកាន់តែញឹកញាប់ ប៉ុន្តែអ្នកបើកយន្តហោះរបស់ពួកយើងសុទ្ធតែមានបទពិសោធ និងធ្លាប់បានប្រឈមមុខ​ត​ទល់​ជាមួយ​យន្តហោះចម្បាំងគ្រប់ប្រភេទទាំងអស់»។ ឧត្តមសេនីយ៍ទោ Yen Hsiang-sheng នៃយោធាតៃវ៉ាន់ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែមករា។ មេទ័ពរូបនេះ ក៏បានរំលឹកដល់បេសកកម្ម​មួយ​ដែលលោកផ្ទាល់ត្រូវបានបញ្ជូនឱ្យទៅស្ទាក់យន្តហោះចម្បាំងចិន J-16 កាលពីចុងឆ្នាំ២០២១ ផង។ 
 
នៅក្នុងសារឆ្នាំថ្មីផ្ញើកាលពីសប្តាហ៍មុន ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានសង្កត់ធ្ងន់ថា ជម្លោះ​យោធាមិនមែនជាចម្លើយសម្រាប់ដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរនោះទេ។ រីឯទីក្រុង​ប៉េកាំងឯណោះ បានឆ្លើយតបជាមួយនឹងការព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើ​​ឆ្លង​កាត់​ខ្សែ​បន្ទាត់ក្រហមណាមួយ នោះតៃវ៉ាន់នឹងទទួល​ភាពមហន្តរាយ៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com