ខ្មែរ​ក្រហម
ជាតិ
៧មករា៖ អាម៉េរិកប្តេជ្ញាបន្តជួយកម្ពុជាមិនឲ្យសោកនាដកម្ម កើតឡើងម្តងទៀត
07, Jan 2022 , 9:34 am        
រូបភាព
សារមន្ទីប្រល័យពូជសាសន៍ទួលស្លែង។ រូបថត AFP
សារមន្ទីប្រល័យពូជសាសន៍ទួលស្លែង។ រូបថត AFP
ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការបន្តប្តេជ្ញាចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេដើម្បីឱ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ។



«នៅថ្ងៃនេះ យើងចងចាំនូវប្រជាជនកម្ពុជារាប់មិនអស់ និងអ្នកផ្សេងទៀត ដែលបានរងទុក្ខ ឬបាត់បង់ជីវិតរបស់គេ ក្នុងសម័យខ្មែរក្រហម»។ នេះជាការបញ្ជាក់របស់ស្ថានទូតអាមេរិកនៅកម្ពុជា ដោយបន្ថែមថា សហរដ្ឋអាម៉េរិក ប្តេជ្ញាធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។

ដូចជាឆ្នាំមុនៗផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារលិខិតទាក់ទងនឹងជ័យជម្នះ៧មករា ដោយក្រើនរំលឹកថា «បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមករាល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗ ដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ»។

ងាកទៅលោក សម រង្ស៊ី ឯណោះវិញ អតីតមេបក្សប្រឆាំងរូបនេះ បានសរសេរថារិះគន់ទាក់ទងនឹងភាពស្ងប់ស្ងាត់នៃការប្រារព្ធទិវា៧មករា ឆ្នាំ២០២២ នេះ ដោយលោក លើកឡើងថា មិនមែនមកពីបញ្ហាកូវីដ-១៩ ឬស្របពេលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ានោះឡើយ ប៉ុន្តែលោកគិតថា មកពីបញ្ហាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញមន្ត្រី និងអ្នកគាំទ្រជាច្រើន បានប្តូររូបភាពនៅលើហ្វេសប៊ុក របស់ខ្លួនដើម្បីបង្ហាញពីការអបអរសាទរទិវា៧មករានេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com