អន្តរជាតិ
ចិន ​គ្រោង​តែងតាំងប្រេសិត​ពិសេសសម្រាប់អាហ្រ្វិកខាងកើតដែលកំពុងហែកហួរដោយជម្លោះ
07, Jan 2022 , 2:20 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នាជំនួបជាមួយសមភាគីកេនយ៉ា។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នាជំនួបជាមួយសមភាគីកេនយ៉ា។ រូបថត AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ប្រកាសនៅថ្ងៃទី៦ ខែមករា ថា ចិននឹងតែងតាំងប្រេសិតពិសេសមួយដើម្បីជំរុញសន្តិភាពនៅអាហ្រ្វ៊ិកខាងកើតដែលកំពុងតែច្របូកច្របល់ ហើយចិនចង់ប្តូរការផ្តោតអាទិភាពរបស់ខ្លួនទៅលើវិស័យពាណិជ្ជកម្មជាជាងហេដ្ឋារចនាសម្ព័ន្ធ។

 
ពីទឹកដីកេនយ៉ា ប្រមុខការទូតចិន វ៉ាង យី កំពុងធ្វើធ្វើទស្សកិច្ចទៅប្រទេសនៅតំបន់អាហ្រ្វិកចំនួន ៣ រួមមានកេនយ៉ា អេរីត្រេ និងកូម័រ។ សន្តិភាពនៅអាហ្រ្វិកប៉ែកខាងកើតកាន់តែយ៉ាប់យ៉ឺន ដោយញាំញីដោយជម្លោះនៅអេត្យូពី និងសង្រ្គាមនៅសូម៉ាលីរវាងពួកសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab និងរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច។
 
មុនធ្វើដំណើរទៅកេនយ៉ានៅថ្ងៃទី៥ ខែមករា លោក វ៉ាង បានទៅទស្សកិច្ចនៅអេរីត្រេដែលជាសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្រ្តីអេត្យូពី​ Abiy Ahmed ផងដែរ។​​ លើសពីនេះ រដ្ឋមន្រ្តីការបរទេសចិនរូបនេះបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ឈប់សង្គ្រាមនៅអេត្យូពីដែលផ្ទុះឡើងតាំងពីចុងឆ្នាំ២០២០ ។
 
«ដើម្បីរួមចំណែកទៅលើឯកភាពនយោបាយ និងសម្របសម្រួលប្រតិបត្តិការ ចិននឹងតែងតាំងប្រេសិតពិសេសក្រសួងការបរទេសចិនសម្រាប់អាហ្រ្វិកខាងកើត»។ លោក វ៉ាង ថ្លែងនៅសន្និសីទសារព័ត៌មាននៅទីក្រុងកំពង់ផែ Mombasa ដោយមិនបានលម្អិតបន្ថែមអំពីតួនាទីរបស់បេសកជននោះទេ។ លោក វ៉ាង បន្ថែមថា អាហ្រ្វិកខាងកើតគួរតែសម្រេចលើជោគវាសនាផ្ទាល់ខ្លួន ហើយរៀបចំសន្និសីទសន្តិភាពមួយ។ 
 
ទាក់ទងការប្រកាសរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price បញ្ជាក់ថា​ ទីក្រុងវ៉ាស៊ីនតោនបានដឹងពីរឿងចិនថានឹងតែងតាំងប្រេសិតពិសេស​ ហើយបន្ថែមថា អាម៉េរិក នឹងធ្វើការជាមួយដៃគូទាំងអស់ដែលមានបំណងក្នុងការលើកស្ទួយសន្តិភាព និងសន្តិសុខនៅតំបន់អាហ្រ្វិក។ ​ លោក Price ប្រាប់អ្នកយកព័ត៌មានថា ប្រេសិតពិសេសរបស់អាម៉េរិកប្រចាំតំបន់អាហ្រ្វិកខាងកើតបានជួបជាមួយនឹងនាយករដ្ឋមន្រ្តីអេត្យូពីនៅថ្ងៃទី៦ ខែមករាផងដែរ។
 
ជាទម្លាប់ ចិនផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់អាហ្រ្វិកជាជាងនយោបាយ និងការទូត។​ ស្របគ្នានេះ គម្រោងកម្ចីរបស់ចិនចំពោះប្រទេសនៅតំបន់អាហ្វ្រិកក៏បានផ្លាស់ប្តូរពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង​ទៅជាការលើកស្ទួយពាណិជ្ជកម្មវិញដែរ៕

Tag:
 ចិន
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com