អន្តរជាតិ
កូរ៉េខាងជើងប្រាប់ចិនថា មិនអាចចូលរួមកីឡាអូឡាំពិកប៉េកាំង ព្រោះតែទង្វើអាម៉េរិកនិងជំងឺកូវីដ-១៩
07, Jan 2022 , 7:29 pm        
រូបភាព
កូរ៉េខាងជើង បានសរសេរលិខិតមួយផ្ញើឱ្យចិនដោយបញ្ជាក់ពីអវត្តមានរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកខែកុម្ភៈខាងមុខ។ ក្នុងលិខិតដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី៧ ខែមករា ទីក្រុងព្យុងយ៉ាង បានទម្លាក់កំហុសលើទង្វើអរិភាពរបស់អាម៉េរិក និងការរាលដាលជំងឺកូវីដ-១៩។

 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA គណៈកម្មាធិការអូឡាំពិកជាតិ និងក្រសួងកីឡាកូរ៉េខាងជើង បាន​ផ្ញើលិខិតមួយទៅកាន់ទីក្រុងប៉េកាំង ដោយលើកឡើងថា ខ្លួនមិនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡា​អូឡាំពិកក្នុងខែកុម្ភៈខាងមុខនេះនោះទេ។ យ៉ាងណាមិញ​ លិខិតនោះមិនបានបញ្ជាក់ច្បាស់ថា ការ​មិន​ចូលរួមនោះសម្រាប់តែអត្តពលិករបស់ខ្លួន ឬក៏ទាំងតំណាងកូរ៉េខាងជើងនោះឡើយ។
 
ប៉ុន្តែអត្តពលិករបស់កូរ៉េខាងជើង ត្រូវបា​នគណៈក​ម្មាធិការអូឡាំពិកអន្តរជាតិហាមឃាត់ចូលរួមព្រឹត្តិការណ៍ដ៏ធំនេះដល់ចុងឆ្នាំ២០២២ ព្រោះមិនបញ្ជូនកីឡាករទៅព្រឹត្តិការណ៍អូឡាំពិកតូក្យូ។ ចំណែករបាយការណ៍របស់ KCNA ក៏មិនបានបញ្ជាក់ពីតំណាងការទូតដែរ។
 
ក្នុងលិខិតដដែលនោះ ទីក្រុងព្យុងយ៉ាង​ក៏បានរិះគន់ទង្វើមិន​ជាក់លាក់​របស់​អាម៉េរិក​ដែលបានប្រកាសមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលចូលរួមព្រឹត្តិការណ៍ខាងលើដោយសារតែបញ្ហាសិទ្ធិមនុស្សនៅចិន ខណៈ​នៅ​តែអនុញ្ញាតឱ្យអត្តពលិកអាចចូលរួមប្រកួតដដែល។ ប្រទេសសម្ពន្ធមិត្តអាម៉េរិកមួយចំនួនរួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា ក៏​បានប្រកាសមិនបញ្ជូនមន្រ្តីរដ្ឋាភិបាលចូលរួមព្រឹត្តិការណ៍​នេះជាបន្តបន្ទាប់ផងដែរ។
 
«ពួកយើង មិនអាចចូលរួមក្នុងកីឡាអូឡាំពិកបានទេ ដោយសារភាពជាសត្រូវ (របស់អាម៉េរិក) និងការ រាលដាលជំងឺឆ្លងទូទាំងពិភពលោក»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងស្រងសំណេរពីលិខិតបែបនេះ រួចបន្តថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងគាំទ្រយ៉ាងពេញទំហឹងដលល់ភាគីចិនដើម្បី​រៀបចំព្រឹត្តិការណ៍​អូឡាំពិកដ៏អស្ចារ្យនេះឱ្យបានជោគជ័យ។
 
លិខិតខាងលើ បន្តរិះគន់ទៀតថា អាម៉េរិកកំពុងតែព្យាយាមតាមរារាំងដំណើរការជោគជ័យនៃ​ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង ហើយសកម្មភាពរបស់អាម៉េរិកទាំងនេះ បានបំពាន​ស្មារតី​នៃ​ធម្មនុញ្ញអូឡាំពិកអន្តរជាតិ ព្រមទាំងបានធ្វើឱ្យខូចមុខមាត់ចិនលើឆាកអន្តរជាតិ។
 
គួររំលឹកថា កូរ៉េខាងជើងធ្លាប់បានបញ្ជូនមេដឹកនាំនយោបាយកម្រិតខ្ពស់ទៅកាន់ការប្រកួតកីឡាមុនៗ​មួយចំនួនដែររួមទាំងប្អូនស្រីរបស់មេដឹកនាំ គីម​ ជុងអ៊ុន គឺលោកស្រីគីម យ៉ូជុង ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងាឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង។ លោក គីម យ៉ុងណាមអតី​តមន្ត្រីជាន់ខ្ពស់ទីពីរ​របស់​កូរ៉េខាងជើងក៏បានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងសម្រាប់កីឡាអូឡាំពិករដូវក្តៅក្នុងឆ្នាំ​២០០៨​៕

Tag:
 កូរ៉េខាងជើង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com