អន្តរជាតិ
ចិន ព្រមានមន្ទីរពេទ្យទាំងអស់មិនត្រូវបដិសេធទទួលអ្នកជំងឺអំឡុងពេលវិធានបិទខ្ទប់
07, Jan 2022 , 9:29 pm        
រូបភាព
មន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងស៊ីអាន ខេត្តសានស៊ី។ រូបថត Xinhua
មន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងស៊ីអាន ខេត្តសានស៊ី។ រូបថត Xinhua
ដោយ:
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន បានព្រមានមន្ទីរពេទ្យទាំងអស់ មិនត្រូវបដិសេធមិនទទួលអ្នកជំងឺឡើយដោយសារខ្លាចជំងឺកូវីដ-៩ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ ការព្រមាននេះកើតឡើង ក្រោយពីស្រ្តីម្នាក់ត្រូវរលូតកូនអំឡុងការបិទខ្ទប់ក្នុងក្រុងស៊ីអាន ដែលបង្កឱ្យមានការខឹងសម្បារខ្លាំងពីមហាជន។



ករណីឆ្លងជំងឺកូវីដ- ១៩ ដែលកំពុងវាយលុកចិនយ៉ាងធ្ងន់ធ្ងរ តម្រូវឱ្យអាជ្ញាធចិនបិទក្រុង និងតំបន់ដើម្បីទប់ស្កាត់ការរាលដាល។ វិធានការតឹងរ៉ឹង ត្រូវបានអនុវត្តសឹងគ្មានលើកលែងរហូតនាំឱ្យមានករណីរលូតកូននៅក្រៅមន្ទីរពេទ្យក្នុងទីក្រុងស៊ីអាន ខេត្តសានស៊ី បន្ទាប់ពីនាងត្រូវរង់ចាំនៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុកអស់រយៈពេលជាង២ម៉ោង។
 
ករណីរលូតកូននេះបានបណ្តាលឱ្យមានការបញ្ចេញមតិខឹងសម្បារខ្លាំងពីមហាជនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ហើយអាជ្ញាធរចិនដាក់ទោសមន្រ្តីសុខាភិបាលនៃក្រុងស៊ីអានជាច្រើននាក់។ អំឡុងពេលបិទខ្ទប់នេះ ប្រជាជនជាច្រើនក៏ត្អូញត្អែរពីខ្វះខាតអាហារផងដែរ។
 
«នាងពិតជាឈឺចាប់ និងខ្មាសអៀនយ៉ាងខ្លាំងអំពីផលលំបាកលើការទទួលបានសេវាកម្មមន្ទីរពេទ្យក្នុងក្រុងស៊ីអាន។» ទីភ្នាក់ងារព័ត៌មានរដ្ឋចិន​ Xinhua បានស្រង់សម្តីពីឧបនាយករដ្ឋមន្រ្តី​ចិន​ ស៊ុន ឈុនឡាន​ ក្នុងកិច្ចប្រជុំមួយ។ លោកស្រី​ ស៊ុន ក៏ណែនាំឱ្យ​ ស្ថាប័នវេជ្ជសាស្រ្តទាំងអស់មិនត្រូវបង្វែរអ្នកជំងឺចេញដោយសារហេតុផលណាមួយពាក់ព័ន្ធនឹងវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ ឡើយ។
 
នៅថ្ងៃទី៧ ខែមករា រដ្ឋាភិបាលក្រុងដែលមានប្រជាជន១៣លាននាក់ បានប្រកាសថា ប្រជាជនណាដែលមិនមានលិខិតបញ្ជាក់អំពីលទ្ធផលតេស្តជំងឺកូវីដ-១៩ អវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង មិនគួរត្រូវបានរារាំងពីការចាកចេញពីផ្ទះទៅកាន់មន្ទីរពេទ្យឡើយ។
 
បច្ចុប្បន្ននេះ​ អត្រាឆ្លងជំងឺកូវីដ-១៩ នៅចិននៅតែមានកម្រិតតិចតួច​​ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត ខណៈជំងឺកូវីដ-១៩បង្កដោយវីរុសអូមីក្រុង មិនទាន់ត្រូវបានប្រកាសឆ្លងចូលក្នុងសហគមន៍ទេ។គិតត្រឹមថ្ងៃទី៧ខែមករា​ ចិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ជាង១០ម៉ឺននាក់ និងស្លាប់ជាង៤ពាន់នាក់៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com