អន្តរជាតិ
តើកោះតៃវ៉ាន់នឹងធ្វើអ្វីប្រសិនបើចិនឈ្លានពាននោះ?
08, Jan 2022 , 8:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: VOA
ទីក្រុង SAN FRANCISCO -  ការហោះឆ្លងកាត់របស់យន្តហោះយោធា និងការចរចាតឹងសរសៃកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានធ្វើឲ្យជម្លោះដែលអាចកើតឡើងនៅកោះតៃវ៉ាន់ហាក់ដូចជាកាន់តែអាចកើតឡើងពិតប្រាកដមែនក្នុងអំឡុងពេលមួយខែចុងក្រោយនេះ។ នេះជាការពិតសម្រាប់លោក Chen Yi-guang ជាអ្នកជំនាញផ្នែកហិរញ្ញវត្ដុចូលនិវត្តន៍។

 
លោក Chen Yi-guang ជាអ្នករស់នៅក្នុងទីក្រុងតៃប៉ិនិងក្រុមគ្រួសាររបស់លោក បានស្តុកទុកចំណីអាហារនិងទឹកយ៉ាងច្រើន។ លោកបាននិយាយថា ពួកគេអាចរត់គេចខ្លួន ប្រសិនបើមានការវាយប្រហារ ក៏ប៉ុន្តែជើងហោះហើរអាចត្រូវលុបចោលទាំងអស់។ លោក Chen អាយុ ៥២ឆ្នាំ និយាយថា «ជានិច្ចជាកាលលទ្ធភាពនៃការឈ្លានពានអាចកើតឡើង»។
 
ការគេចខ្លួនការនៅរស់រានមានជីវិតនិងការងើបបះបោរដោយមានជំនួយពីសម្ព័ន្ធមិត្តលោកខាងលិចស្ថិតនៅក្នុងចំណោមគម្រោងដែលត្រូវបានគេនឹកស្រមៃទុកជាមុនប្រសិនបើការឈ្លានពានរបស់ចិនកើតឡើងភ្លាមៗហើយធ្វើឲ្យបាត់បង់ស្វ័យភាពរបស់កោះតៃវ៉ាន់នោះ។
 
លោក Shane Lee ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយចូលនិវត្តមកពីសាកលវិទ្យាល័យ Chang Jung Christian នៃកោះតៃវ៉ាន់និយាយថា «ពលរដ្ឋតៃវ៉ាន់ បានមើលឃើញបញ្ហាដែលបានកើតឡើងនៅទីក្រុងហុងកុងហើយពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងអំពីរឿងនេះ»។
 
ពលរដ្ឋជាងពាក់កណ្តាលរបស់កោះតៃវ៉ាន់ ចង់រក្សាស្ថានភាពនៅដដែលជារៀងរហូតឬធ្វើការសម្រេចនៅពេលក្រោយចំពោះរឿងបង្រួបបង្រួមជាមួយចិនឬឯករាជ្យភាពនោះ។ នេះបើតាមការស្ទង់មតិដោយមជ្ឈមណ្ឌលការសិក្សាការបោះឆ្នោតនៃសាកលវិទ្យាល័យជាតិ Chengchi។ ពលរដ្ឋតែ១,៥ភាគរយដែលត្រូវបានស្ទង់មតិចង់បានការបង្រួបបង្រួមជាតិ«ឲ្យបានឆាប់ទៅ តាមលទ្ធភាពដែលអាចធ្វើបាន»។
 
រងើកភ្លើងចាស់ ផ្កាភ្លើងថ្មី
 
ចិនបានទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងដែលស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីខ្លួនហើយមិនបានទម្លាក់ចោលការគំរាមកំហែងដោយប្រើកម្លាំងដើម្បីកាន់កាប់កោះនោះទេប្រសិនបើចាំបាច់។ ភាគីទាំងពីរបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាចាប់តាំងពីសង្គ្រាមស៊ីវិលចិនក្នុងទសវត្សរ៍១៩៤០មកនៅពេលដែលគណបក្សជាតិនិយមរបស់លោក Chiang Kai-shek បានដកថយទៅកាន់កោះនោះបន្ទាប់ពីការចាញ់សង្គ្រាមទៅពួកកុំម្មុយនិស្ត ម៉ៅ សេទុង។
 
ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាកាលពីដើមខែធ្នូដើម្បីស្វះស្វែងរកការបង្រួបបង្រួមដោយ«សន្តិវិធី»ជាមួយតៃវ៉ាន់។
 
ក៏ប៉ុន្តែទិដ្ឋភាពនៃសង្គ្រាមនេះបានបង្កការចាប់អារម្មណ៍ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក នៅពេលដែលកងទ័ពរំដោះប្រជាជនចាប់ផ្តើមប្រើយន្តហោះយោធាហោះស្ទើរតែរាល់ថ្ងៃលើសមុទ្រភាគខាងលិចកោះតៃវ៉ាន់ ដែលពួកអ្នកជំនាញបាននិយាយថា ជាការប៉ុនប៉ងរបស់ចិនដើម្បីធ្វើឲ្យមានប្រក្រតីភាពកិច្ចប្រតិបត្តិការខាងយោធារបស់ខ្លួននៅជិតតៃវ៉ាន់។
 
អត្ថាធិប្បាយកាលពីខែតុលារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាន«តាំងចិត្ត»ការពារកោះតៃវ៉ាន់នោះ បានជំរុញបន្ថែមឲ្យមានជម្លោះផ្នែកគំនិតកាន់តែលេចធ្លោឡើង។
 
ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់រដ្ឋាភិបាលចិនដីគោគបាននិយាយកាលពីខែតុលាថាការហោះឆ្លងកាត់ទាំងនេះមានគោលបំណងមួយផ្នែកបង្ខំ«កម្លាំងខាងក្រៅ»ឲ្យចេញពីជម្លោះរវាងចិននិងកោះតៃវ៉ាន់។ ការិយាល័យដដែលនោះបានបញ្ចាក់កាលពីខែវិច្ឆិកាថាការដាក់សម្ពាធនឹងបន្ធូរបន្ថយប្រសិនបើតៃវ៉ាន់ ពឹងផ្អែកកាន់តែតិចទៅលើកម្លាំងមកពីខាងក្រៅទាំងនោះ។
 
កត្តាផ្លាស់ប្តូរជីវភាពតៃវ៉ាន់និងចិន
 
លោក Xi និយាយថា ចិននឹងត្រួតត្រាកោះតៃវ៉ាន់នៅក្នុងរបៀប«ប្រព័ន្ធ២ប្រទេស១»ដូចដែលបានសន្យានៅក្នុងឆ្នាំ១៩៩៧សម្រាប់ទីក្រុងហុងកុង។ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់សេរីភាពដល់ដែនដីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនេះ នូវកម្រិតស្វ័យភាពមួយដែលអនុញ្ញាតឲ្យពលរដ្ឋបន្តសកម្មភាពស្ទើរតែដូចមុនឆ្នាំ១៩៩៧។ ការណ៍នេះបានចាប់ផ្តើមបំផ្លាញទៅវិញបន្ទាប់ពីមានបាតុកម្មជាច្រើនលើកប្រឆាំងចិនកាលពី ២ឆ្នាំមុន។
 
លោក Ken Wu អនុប្រធានសមាគមតស៊ូមតិក្រុមជនជាតិដើម Formosan តៃវ៉ាន់ផ្នែកកិច្ចការសាធារណៈនៅក្រុង Los Angeles បាននិយាយថាពលរដ្ឋតៃវ៉ាន់ នឹងប្រយុទ្ធតបតវិញដល់កម្លាំងរបស់ខ្លួនដែលមានកម្រិតរបស់ខ្លួន។ ការណ៍នេះ នឹងក្លាយជាការលំបាកក្នុងការចាកចេញពីដែនកោះតៃវ៉ាន់ប្រសិនបើ ត្រូវបានឡោមព័ទ្ធដោយនាវាចិន។ ពួកអ្នកបះបោរអាច«រត់គេចទៅកាន់ជួរភ្នំ»ដើម្បីរស់រានមានជីវិត។
 
លោក Wu បាននិយាយទៀតថា «ខ្ញុំនឹងនឹកស្រម័យថា តៃវ៉ាន់ នឹងព្យាយាមធ្វើការប្រយុទ្ធតបតវិញគ្មានទីបញ្ចប់។ ការណ៍នេះ នឹងមិនដូចជាអ្វីដែលតាមរយៈការឃោសនារបស់ចិន និយាយថា ប្រជាពលរដ្ឋតៃវ៉ាន់នឹងមិនប្រយុទ្ធតបតវិញហើយពួកគេគ្រាន់តែលំអោនទៅតាមការឈ្លានពានរបស់ចិនហើយចុះចាញ់នោះទេ»។
 
សមាជិកគណៈកម្មាធិការការពារជាតិរបស់សភាតៃវ៉ាន់លោក Freddy Lim បានប្រាប់ VOA ថា ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីខែកញ្ញា ឆ្នាំ២០២០ថា ខ្លួនរំពឹងថានឹងសម្រេចបាននូវគោលដៅរើសបុគ្គលិកចំនួន ៩០ភាគរយនៅឆ្នាំនេះ។ ប្រាក់និងអាវុធកាន់តែច្រើនឡើងកំពុងបញ្ជូនមក។
 
លោក Lim និយាយទៀតថា «ខ្ញុំបានឃើញរបាយការណ៍អន្តរជាតិដែលបានប៉ាន់ស្មានថា ជម្លោះ នឹងកើតមានឡើងនៅពេលឆាប់ៗនេះ ហើយរបាយការណ៍ផ្សេងទៀតបាននិយាយថាជម្លោះនឹងមិនកើតមានឡើងទេ។ ខ្ញុំគិតថា យើងត្រូវតែធ្វើការប្រុងប្រៀបជាមុនទៅតាមលទ្ធភាពដែលអាចធ្វើបាន ដូច្នេះ ខ្ញុំនឹងគាំទ្រក្នុងឋានៈជាសមាជិកម្នាក់របស់គណៈកម្មាធិការដែលយើងត្រូវបង្កើនសមត្ថភាពការពារជាតិរបស់យើង»។
 
លោក Alexander Huang ប្រធានមូលនិធិស្រាវជ្រាវយុទ្ធសាស្ត្រយោធានៅក្នុងទីក្រុងតៃប៉ិ និយាយថា កងទ័ពរំដោះប្រជាជនចិន នឹងដាក់ពង្រាយកងទ័ពនៅកំពង់ផែទាំងអស់នៅកោះតៃវ៉ាន់និងប្រជុំកោះ Pratas ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងដើម្បីបំបែកខ្សែសង្វាក់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។
 
សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ភ្ជាប់បណ្តាញទាក់ទងនៅពេលសព្វថ្ងៃនេះដើម្បីពិនិត្យមើលការវាតទីផ្ទៃទឹករបស់ចិន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនរួមជាមួយប្រទេសជប៉ុនកូរ៉េខាងត្បូងនិងប្រទេសហ្វីលីពីន។
 
លោក Lee បាននិយាយថា «ចិន នឹងមានកម្លាំងយោធាកាន់តែខ្លាំងឡើងពីព្រោះតែខ្លួនអាចចេញចូលនៅមហាសមុទ្រប៉ាស៊ីហ្វិកដោយងាយហើយចិនអាចគំរាមកំហែងសហរដ្ឋអាមេរិកចំៗតែម្តង»។
 
លោក បន្ថែមទៀតថា អ្នកទទួលអត្ថប្រយោជន៍ផ្សេងទៀតមកពីតៃវ៉ាន់ដោយសារចិន រួមមានប្រទេសដែលមានសេដ្ឋកិច្ចធំទី២១ របស់ពិភពលោកនិងផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់។
 
ប្រតិកម្មនៅឯនាយសមុទ្រ
 
លោក Wu បាននិយាយទៀតថា ចក្រព័ទ្ធជប៉ុន បានផ្តួលការតស៊ូរបស់តៃវ៉ាន់នៅក្នុងរយៈពេលប្រហែល៦ខែនៃការឡើងលើកោះនោះនៅក្នុងខែឧសភា ឆ្នាំ១៨៩៥។ ការតស៊ូទ័ពព្រៃភាគច្រើនបានចុះចាញ់ឬត្រូវទទួលបរាជ័យនៅឆ្នាំ១៩០២។ តែផ្ទុយទៅវិញតៃវ៉ាន់ នឹងទទួលបានជំនួយអន្តរជាតិកាន់តែខ្លាំងឡើងប្រសិនបើចិនចូលកាន់កាប់តៃវ៉ាន់នៅពេលសព្វថ្ងៃនេះ។
 
ថ្វីបើរដ្ឋបាលរបស់លោកប្រធានាធិបតី Biden និយាយថា ខ្លួននឹងធ្វើទៅតាមច្បាប់ឆ្នាំ ១៩៧៩ដែលតម្រូវឲ្យសហរដ្ឋអាមេរិកគ្រាន់តែពិចារណាការពារកោះតៃវ៉ាន់តែប៉ុណ្ណោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានពង្រឹងនូវការភ្ជាប់ទំនាក់ទំនងយោធារបស់ខ្លួនជាមួយតៃវ៉ាន់ ដោយមានការលក់អាវុធដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារហើយបានបង្កើនដំណើរទស្សនកិច្ចរបស់នាវាចម្បាំងសហរដ្ឋអាមេរិកដោយចាប់ផ្តើមនៅឆ្នាំ២០១៩។
 
កាលពីខែតុលា លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បានបញ្ជាក់ពីសេចក្តីរាយការណ៍ព័ត៌មានអំពីកងទ័ពសហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅកាន់កោះតៃវ៉ាន់ដើម្បីហ្វឹកហាត់កងទ័ពតៃវ៉ាន់។
 
លោក Lee បាននិយាយទៀតថា «ខ្ញុំមិនគិតភ្លាមៗថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យតៃវ៉ាន់ចេញផុតពីដៃខ្លួនទេ។ តៃវ៉ាន់មានសារៈសំខាន់ទាំងផ្នែកសេដ្ឋកិច្ចយោធានិងនយោបាយដូច្នេះ ខ្ញុំគិតថា ក្នុងកាលៈទេសៈណាក៏ដោយទោះជាមេដឹកនាំនយោបាយសហរដ្ឋអាមេរិកនិយាយពីជំហររបស់សហរដ្ឋអាមេរិកយ៉ាងម៉េចក៏ដោយសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់»។
 
លោក Huang បានចោទសួរថា តើប្រទេសប៉ុន្មាន នឹងព្យាយាមបង្ខំចិនឲ្យចាកចេញពីតៃវ៉ាន់ ប្រសិនបើ ចិនត្រួតត្រាកោះតៃវ៉ាន់ពេញទំហឹងនោះ។ អ្នកយុទ្ធសាស្ត្រខាងយោធានោះ បាននិយាយថា «ខ្ញុំគិតថា នឹងមានសេចក្តីថ្លែងការណ៍ខាងការទូតដ៏ច្រើនដែលជាសេចក្តីថ្លែងការណ៍គ្មានប្រយោជន៍»។

សន្តិភាពសម្រាប់ពេលឥឡូវនេះ
 
អ្នកស្រី Lynn Liang ជាបេឡាធិករនៅភោជនីយដ្ឋានក្រុងតៃប៉ិបានច្រានចោលពីគំនិតនៃការមានសង្គ្រាមពីព្រោះតែការហោះហើររបស់យន្តហោះចម្បាំងចិន មិនបានឆ្លងកាត់«ដែនអាកាស»និងដែនដីកោះតៃវ៉ាន់ទេ។ អ្នកស្រី Liang ក៏មានទំនុកចិត្តអំពីការគ្មានជម្លោះដែរថា អ្នកស្រីកាលពីពេលថ្មីៗនេះ បានឲ្យកូនប្រុសរបស់អ្នកស្រីចុះឈ្មោះនៅសាលាយោធាដើម្បីសិក្សាពីវិន័យយោធា។
 
អ្នកស្រី Liang បាននិយាយថា «យើង នឹងមិនមានសង្គ្រាមទេ ពីព្រោះតែប្រជាពលរដ្ឋនៅកោះតៃវ៉ាន់ មិនចង់ប្រយុទ្ធទេហើយចិនដីគោកប្រាកដជាមិនចង់ប្រយុទ្ធដែរ។ ពួកគេគ្រាន់តែចង់បំភ័យតៃវ៉ាន់ហើយបង្ហាញថា ពួកគេនឹងមិនខ្លាចពីការទៅធ្វើសង្គ្រាមទេ ប្រសិនបើរដ្ឋាភិបាលតៃវ៉ាន់ជំរុញឲ្យមានឯករាជ្យភាពនោះ»។
 
លោក Chen ជឿជាក់ថា ចិនមិនបានដំឡើងសាច់ដុំទេ។ លោកបាននិយាយទៀតថា «យើងមិនបានប្រុងប្រៀបរៀបចំជីកលេណដ្ឋាននៅជាន់ក្រោមដីក្នុងផ្ទះរបស់យើងសម្រាប់ការពារអាវុធនុយក្លែអ៊ែឬស្តុកទុកម្ហូបអាហារសម្រាប់រយៈពេល៣ខែឬទឹកស្អាតសម្រាប់រយៈពេលមួយខែទេ។ យើង មិនទាន់បានរៀបចំអ្វីដូចនេះទេ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com