អន្តរជាតិ
ចិន តវ៉ា ក្រោយអូស្ត្រាលី ជប៉ុន និងអាម៉េរិកលើកឡើងពីបញ្ហាផ្ទៃក្នុងខ្លួន
08, Jan 2022 , 4:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា_ ហ្វូមីអូ និងសមភាគីអូស្ត្រាលី ស្កុត ម៉ូរីសុន នាជំនួបថ្ងៃទី៦ ខែមករា។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា_ ហ្វូមីអូ និងសមភាគីអូស្ត្រាលី ស្កុត ម៉ូរីសុន នាជំនួបថ្ងៃទី៦ ខែមករា។ រូបថត AFP
ក្រសួងការបរទេសចិននៅថ្ងៃទី៧ ខែមករា ចេញមកប្រឆាំងនូវអ្វីដែលខ្លួនចាត់ទុកជាការ​ចោទប្រកាន់​ គ្មាន​មូលដ្ឋានពីសំណាក់អូស្ត្រាលី ជប៉ុន និងអាម៉េរិកជុំវិញរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងលទ្ធិ​ប្រជាធិបតេយ្យនៅហុងកុងជាដើម។ ទីក្រុងប៉េកាំង ក៏បានសង្កត់ធ្ងន់ថា ប្រទេស​ទាំង​បី​បាន​ជ្រៀត​ជ្រែក​យ៉ាងជ្រៅចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

 
អូស្ត្រាលី ជប៉ុន និងអាម៉េរិក បានធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកខ្លាំង បន្ទាប់ពីប្រទេសទាំងបីនាជំនួបដោយឡែកពីគ្នារិះគន់ចិន។ ក្នុងសេចក្ដីថ្លែងការណ៍​ក្រោយជំនួបតាម​អនឡាញ​នៅ​ថ្ងៃ​ទី​៧ ខែមករា រវាង​រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាម៉េរិក ភាគីទាំងពី​រ​បាន​សង្កត់​ធ្ងន់​ពី​បញ្ហាសិទ្ធិ​មនុស្សនៅស៊ីនជាំង, ប្រជាធិបតេយ្យ​នៅហុងកុង, ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ​ព្រមទាំង​ទង្វើរបស់​ចិនដែលប្រទេសទាំងពីរមើលឃើញថា កំពុងបំផ្លាញសណ្ដាប់ធ្នាប់​ច្បាប់អន្តរជាតិ។ 
 
ដោយឡែក នាជំនួបតាមអនឡាញនៅថ្ងៃទី៦ ខែមករា នាយករដ្ឋមន្រ្តីអូស្ត្រាលី និងជប៉ុន បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងវិស័យការពារ​ជាតិ​ទ្វេភាគី ប្រឈមមុខការគំរាមពីចិន។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏ជជែកពីបញ្ហាចិន និងសកម្មភាពរបស់ចិនក្នុងតំបន់ដែរ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin នៅថ្ងៃទី៧ ខែមករា បានច្រានចោលការអធិប្បាយរបស់ប្រទេសទាំងបី និងសង្កត់ធ្ងន់ថា ជំហររបស់ចិនលើបញ្ហាទាក់ទងនឹងតៃវ៉ាន់, តំបន់​ស៊ីនជាំង, ហុងកុង និងបញ្ហាដែនសមុទ្រមានភាពច្បាស់លាស់អស់ហើយ។ លោក Wang បញ្ជាក់ថា ទីក្រុង​ប៉េកាំង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះ​ទង្វើ​ប្រទេស​ទាំង​បី​ដែលលូកលាន់​កិច្ចការផ្ទៃក្នុងរបស់ចិន ដោយបានប្រឌិតព័ត៌មានមិនពិតដើម្បីបង្ខូចមុខមាត់ចិន និងធ្វើឱ្យ​ខូច​ដល់​ការ​រួបរួម និងការជឿទុកចិត្តគ្នាទៅវិញទៅមកនៃប្រទេសក្នុងតំបន់។
 
«ខណៈអាម៉េរិក ជប៉ុន និងអូស្ត្រាលីនិយាយអំពីសេរីភាព ភាពបើកចំហ និងការរួមបញ្ចូលគ្នា ពួកគេ​ក៏​កំពុងរួមដៃគ្នាហើយបានបង្កើតសម្ព័ន្ធតូចមួយ ដើម្បីបង្ហាញពីកម្លាំងយោធា និងដើរ​បំភិត​បំភ័យ​ប្រទេស​ដទៃ»។ អ្នកនាំពាក្យខាងលើរិះគន់បែបនេះ មុនបន្តថាទង្វើទាំងអស់នេះគឺ​ផ្ទុយ​ពីនិន្នាការ​នៃ​ការអភិវឌ្ឍ​ប្រកបដោយសន្តិភាពនៅក្នុងតំបន់ ហើយប្រទេសទាំងនោះទៅវិញទេដែល​ជាអ្នកដើរ​បង្ខិត​បង្ខំ​ប្រទេស​ដទៃ។
 
លើសពីនេះ លោក Wang ក៏បានជំរុញឱ្យប្រទេសទាំងបីបំពេញការទទួលខុសត្រូវ និងចូលរួម កសាងសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ជំនួសឱ្យការធ្វើជាអ្នកបង្កបញ្ហាដែលផ្សព្វផ្សាយ ព័ត៌មានភូត​កុហក និងបង្កើតឧបសគ្គដល់សន្ដិភាពពិភពលោក៕
 

Tag:
 ចិន
  អូស្ត្រាលី
  ជប៉ុន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com