កីឡាជាតិ
ជាតិ
កីឡាការិនី ផ មេសាន ព្យួរឈ្មោះពីគ្រូកីឡា ដើម្បីហ្វឹកហាត់ជាជម្រើសជាតិកីឡាហុកគី
08, Jan 2022 , 8:29 pm        
រូបភាព
ខោក្រហម ផ មេសាន រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
ខោក្រហម ផ មេសាន រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
កញ្ញា ផ មេសាន គ្រូបង្រៀនផ្នែកកីឡា បានសម្រេចចិត្តព្យួរឈ្មោះមួយរយៈ ដើម្បីចូលហ្វឹកហាត់ជាមួយជម្រើសជាតិផ្សេងទៀត ដើម្បីត្រៀម ប្រកួតស៊ីហ្គេម ក្នុងប្រភេទកីឡាហុកគី។ ការស្រឡាញ់ បូករួមជាមួយ ការតាំងចិត្តខ្ពស់ បានជំរុញឲ្យកីឡាការិនីរូបនេះ សម្រេចហ្វឹកហាត់ ហើយប្ដេជ្ញាដណ្តើមយកមេដាយសម្រាប់កម្ពុជា នាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

 
ក្នុងបរិបទកូវីដ-១៩ កីឡាការិនីខ្មែរ-ឥស្លាម ផ មេសាន ត្រូវហ្វឹកហាត់ក្នុងជំរុំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នូវជំនាញកីឡារបស់ខ្លួន ធ្វើយ៉ាងណាឲ្យទទួលបាននូវលទ្ធផលដែរល្អប្រសើរ។ ដូច្នេះ កីឡាការិនីរូបនេះ  បានព្យួរឈ្មោះ ជាគ្រូកីឡា ដើម្បីហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកីឡាការិនីរូបនេះ បានជាប់ជាជម្រើសជាតិកម្ពុជា ហើយត្រូវហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេម។ 
 
គ្រូកីឡារូបនេះ មានការរំពឹកខ្ពស់ថា តាមរយៈការប្រឹងប្រែងរបស់ខ្លួន និងមិត្តរួមក្រុម នឹងធ្វើឲ្យពិភពលោកស្គាល់កីឡាហុកគី ដោយនឹងយកមេដាយមួយជូនដល់កម្ពុជា។ កញ្ញា ផ មេសាន បានបន្ដថា នឹងត្រឡប់ចូលជាគ្រូកីឡាវិញ បន្ទាប់ពីបានប្រកួតចប់ស៊ីហ្គេម។ 
 
តាមរយៈការប្រឹងប្រែង និងការស្រឡាញ់របស់ខ្លួន កីឡាការិនី ខ្មែរ-ឥស្លាមនេះ បានបញ្ជាក់ពីការសប្បាយចិត្ត ក្នុងការឈានជើងចូលក្នុងវិស័យកីឡា ទាំងភាពជោគជ័យក្នុងការជាប់ជាគ្រូកីឡាផង និងកីឡាការិនីជម្រើសជាតិផង ៕
 

Tag:
 ហុកគី
© រក្សាសិទ្ធិដោយ thmeythmey.com