អន្តរជាតិ
អាម៉េរិក អនុញ្ញាតឱ្យមន្ត្រីទូតចាកចេញ ខណៈប្រធានាធិបតីកាហ្សាក់ស្ថានមិនចរចាជាមួយអ្នកតវ៉ា
08, Jan 2022 , 8:59 pm        
រូបភាព
ក្រសួងការបរទេសអាម៉េរិក នៅយប់ថ្ងៃទី៧ ខែមករា បានចេញការអនុញ្ញាតឱ្យអ្នកការទូតរបស់ខ្លួនចាកចេញពីទីក្រុងអាល់ម៉ាទី ទឹកដីកាហ្សាក់ស្ថាន ទីដែលការតវ៉ាហិង្សាកំពុងកើតមាន។ ការបើកផ្លូវនេះ ធ្វើឡើងស្របពេលស្ថានការណ៍នៅប្រទេសអាស៊ីកណ្ដាលមួយនេះមិនទាន់ថមថយ ខណៈដែលប្រធានាធិបតីក៏មិនចរចាជាមួយបាតុករ ហើយចេញបញ្ជាឱ្យកម្លាំងសន្តិសុខប្រើធម៌ក្ដៅថែមទៀត។

 
កុបកម្មដែលផ្ដើមចេញពីការតវ៉ាប្រឆាំងការឡើងថ្លៃឥន្ធនៈ ធ្វើឱ្យរញ្ជួយកាហ្សាក់ស្ថានដែលជាប្រទេសមានស្ថិរភាពជាងគេនៅអាស៊ីកណ្ដាល។ ការតវ៉ា នៅមិនទាន់ថមថយនៅឡើយនៅទីក្រុងអាល់ម៉ាទី ដែលជាទីក្រុងធំជាងគេរបស់ប្រទេសនេះ។ កម្លាំងសម្ព័ន្ធភាពក្នុងតំបន់ដែលដឹកនាំរុស្ស៊ី ទៅដល់ជាបន្តបន្ទាប់ដើម្បីជួយកម្លាំងកាហ្សាក់ស្ថានរក្សាស្ថិរភាព។
 
នៅយប់ថ្ងៃទី៧ ខែមករា ក្រសួងការបរទេសអាម៉េរិក ក៏ចេញបញ្ជាឱ្យដែលអនុញ្ញាតឱ្យមន្រ្តីអាម៉េរិកដែលមានការងារមិនចាំបាច់នៅស្ថានកុងស៊ុលក្នុងទីក្រុងអាល់ម៉ាទី ចាកចេញពីប្រទេសនេះជាមួយគ្រួសាររបស់ពួកគេ។ 
 
វិធានការរបស់អាម៉េរិក កើតឡើងខណៈដែលរដ្ឋាភិបាលកាហ្សាក់ស្ថាន មិនព្រមចរចាជាមួយក្រុមអ្នកតវ៉ាដាច់ខាត។ ប្រធានាធិបតីកាហ្សាក់ស្ថាន កាស៊ីម ចូម៉ាត តូកាយ៉េវ បានទាត់ចោលការអំពាវនាវឱ្យចរចាជាមួយកុបករដែលលោកចាត់ទុកជាក្រុមអន្ធពាល។ ក្នុងសុន្ទរកថាលើកទីបីក្រោយផ្ទុះការតវ៉ា លោក តូកាយ៉េវ បានអរគុណប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ដែលរួមចំណែកបញ្ជូនទ័ពមកកាហ្សាក់ស្ថានដើម្បីរក្សាសណ្ដាប់ធ្នាប់។
 
មេដឹកនាំរូបនេះ ក៏ចេញបញ្ជាឱ្យកម្លាំងសន្តិសុខកាហ្សាក់ស្ថានបាញ់អ្នកតវ៉ាដោយមិនចាំបាច់ព្រមានទុកមុនទៀត។ លោកអះអាងថា ក្រុមភេរវករបំផ្លាញទ្រព្យសម្បត្តិ ហើយប្រើអាវុធលើជនស៊ីវិល។ លោក តូកាយ៉េវ ក៏ហៅសំណើចរចាជារឿងគ្មានបានការ ដោយសំអាងថា អ្នកតវ៉ាជាចោរដែលមានការហ្វឹកហាត់ត្រឹមត្រូវ និងមានទាំងជនជាតិកាហ្សាក់ស្ថាន ក៏ដូចជាជនបរទេសផង៕

Tag:
 អាម៉េរិក
  កាហ្សាក់ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com