ជាតិ
សិល្បៈនិទានរឿង និងដំណើរផ្សងព្រេងរបស់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលអាចធ្វើសំឡេងបាន១៥តួអង្គ
09, Jan 2022 , 9:29 am        
រូបភាព
ភ្នំពេញ៖ ព្រឹទ្ធាចារ្យ មរតកមនុស្សរស់ វោហាកោសល្យវដ្ដី ពៀក ចាប៉ិច គឺជាសិល្បករតែមួយរូបគត់របស់កម្ពុជា ដែលមានទេពកោសល្យ អាចធ្វើសំឡេងមនុស្សបានប្រមាណ១៥ ទាំងសំឡេងមនុស្សស្រី ប្រុស ក្មេង ចាស់ ដោយមិនជាន់សំឡេងគ្នា និងធ្វើសំឡេងទ្រដោយមាត់ផង ដើម្បីនិទានរឿង ឬហៅម្យ៉ាងទៀតថា ការសម្ដែងល្ខោនទោល។ ដ្បិតមានទេពកោសល្យដ៏កម្រយ៉ាងនេះក្ដី ប៉ុន្តែជីវិតរបស់លោក ត្រូវផ្សងព្រេងដូចជារឿងនិទានដូច្នោះដែរ។ ជីវភាពរបស់លោក តាំងពីដើមរហូតដល់បច្ចុប្បន្ន មិនធូរធារឡើយ ហើយជំនាញនិទានរឿងនោះ បានជួយស្រោចស្រង់ជីវិតគ្រួសាររបស់លោកបានខ្លះប៉ុណ្ណោះ។


 
បើទោះបីដំណើរជីវិតបត់បែន ដូចទឹកហូរកាត់ជ្រោះជ្រងជ្រលងដងអូរយ៉ាងណាក្ដី ក៏ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច បានឆ្លងទៅជាមួយនឹងជំនាញនិទានរឿងល្ខោនទោល របស់លោកយ៉ាងស្វាហាប់ និងមិនដែលអស់សង្ឃឹមក្នុងជីវិតម្ដងណាឡើយ។
 
ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលជាសិល្បករនិទានរឿងដោយប្រើវោហាសាស្ត្ររូបនេះ បានទទួលការប្រោសព្រះរាជទាន គោរមងារវោហាកោសល្យវដ្ដី ជាមរតកមនុស្សរស់ ពីព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១២។ 
 
ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលខ្សោយគំហើញតាំងពីអាយុជាង១ឆ្នាំ ព្រោះជំងឺពិសកុកនោះ បច្ចុប្បន្នកំពុងជួបការលំបាកនៃជីវភាព ហើយជំងឺក៏រួបរឹតប្រាណផងដែរ។ ស្ថិតក្នុងវ័យ ៦៨ឆ្នាំនេះ ព្រឹទ្ធាចារ្យបានរស់នៅជាមួយនឹងជំងឺឈឺសន្លាក់ដៃជើង(កំពុងវិវឌ្ឍន៍ទៅរកការស្លាប់មួយចំហៀងខ្លួនផ្នែកខាងស្ដាំ) ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងជំងឺរលាកសួតធ្ងន់ធ្ងរ ដោយត្រូវប្រើថ្នាំប្រចាំថ្ងៃ អស់រយៈពេល២ឆ្នាំមកហើយ។  
 
ចំណាយថ្លៃថ្នាំក្នុងមួយខែអស់ប្រមាណជាង១០០ដុល្លារអាមេរិក ស្របពេលដែលលោក ពុំមានមុខរបរអ្វី ហើយត្រូវទីពឹងកូនស្រី ដែលមានជីវភាពខ្វះខាត។ បន្ថែមលើការចំណាយប្រាក់ថ្នាំព្យាបាលជំងឺ ព្រឹទ្ធាចារ្យ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែងនោះ ក៏មានជាប់បំណុលធនាគារផងដែរ។ បំណុលនេះកើតឡើងដោយសារ ការខ្ចីប្រាក់យកទៅសាងសង់ផ្ទះ ដោយក្នុងមួយខែត្រូវបង់ទៅធនាគារចំនួន១០០ដុល្លារអាមេរិក។ 
 
ចំណូលទៀតទាត់ មានតែប្រាក់ខែពីងារជាមរតកមនុស្សរស់ ដែលក្រសួងផ្ដល់ជូន ក្នុងមួយខែ២០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ក៏មានដែរ យូរៗម្ដងសប្បុរសជន បានផ្ដល់ជូនប្រាក់ ដើម្បីឧបត្ថម្ភលោកខ្លះៗ ប៉ុន្តែប្រាក់ទាំងនោះ ពុំអាចចាត់ទុកជាពំនឹងបានឡើយ។ ដូច្នោះខែខ្លះ ព្រឹទ្ធាចារ្យ ត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំខ្លះ ព្រោះពុំមានប្រាក់ទិញ។
 
សិល្បករនិទានរឿង ដែលមានកូន៦នាក់ ដោយមានស្រី២នាក់រូបនេះ បញ្ជាក់បន្ថែមដូច្នេះ៖«ឥឡូវនេះនៅជំពាក់ពេទ្យ២០០ដុល្លារទៀត ពុំទាន់មានប្រាក់សងគេទេ។ ដំបូងខ្ញុំថាមិនទៅពេទ្យទេ ព្រោះមិនមានលុយ ប៉ុន្តែពេលឈឺធ្ងន់ពេកទៅ កូនក៏ជូនទៅពេទ្យ។ កាលនោះបានលោកជំទាវ ភឿង សកុណា លោកផ្ដល់ឱ្យ១លាន ដើម្បីព្យាបាលជំងឺ ខ្ញុំអរគុណគាត់ណាស់។ យូរៗម្ដង មានសប្បុរសជននានា គាត់ជួយឧបត្ថម្ភខ្ញុំដែរ ប៉ុន្តែមិនទៀងទាត់ទេ»។ 
 
អស់រយៈពេលជាយូរមកហើយ ព្រឹទ្ធាចារ្យ ដែលមានជំនាញ ធ្វើសំឡេងមនុស្សបានប្រមាណ១៥សំឡេងរូបនេះ ពុំបានចេញទៅបង្ហាញទេពកោសល្យរបស់លោក ឱ្យមហាជនទស្សនាឡើយ។ ពុំបានចេញសម្ដែង ពុំមែនលោកសម្ដែងមិនល្អដូចពីក្មេងឡើយ ប៉ុន្តែមកពីសម័យទំនើបនេះ មានសិល្បៈសម្បូរបែបជាងមុនទៅវិញទេ។ មូលហេតុនេះហើយ ដែលនាំឱ្យមរតកមនុស្សរស់ ពៀក ចាប៉ិច សម្ងំនៅតែផ្ទះ ហើយយូរៗម្ដង ខាងក្រសួងអញ្ជើញលោក ឱ្យទៅចូលរួមកម្មវិធីថ្នាក់ជាតិ។ ក៏មានដែរ ក្រុមការងារឯកជនមួយចំនួន បានអញ្ជើញលោកទៅសម្ដែងក្នុងមហោស្រពខ្លះៗ។
 
សៀវភៅជាប់ភ្នែក បណ្ដុះជំនាញដល់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច
 
ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច មានឈ្មោះដើមថា ពៀក ចាម៉ិច ចាប់កំណើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង។ នៅអាយុ៩ឆ្នាំ កុមារ ពៀក ចាប៉ិច បានប្ដូរទីលំនៅទៅភូមិត្រពាំងព្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងវិញ ហើយសំបុត្រកំណើត ក៏កត់ត្រានៅខេត្តស្វាយរៀងនេះតែម្ដង។


ព្រឹទ្ធាចារ្យ មរតកមនុស្សរស់ វោហាកោសល្យវដ្ដី ពៀក ចាប៉ិច គឺជាសិល្បករតែមួយរូបគត់របស់កម្ពុជា ដែលមានទេពកោសល្យ អាចធ្វើសំឡេងមនុស្សបានប្រមាណ១៥ ទាំងសំឡេងមនុស្សស្រី ប្រុស ក្មេង ចាស់ ដោយមិនជាន់សំឡេងគ្នា និងធ្វើសំឡេងទ
 
លោកកើតក្នុងគ្រួសារកសិករ ដោយមានឪពុកឈ្មោះ ពៀក សេន និងម្ដាយឈ្មោះ សរ យឹត។ លោកមានបងប្អូន៦នាក់ ស្រី៣ ហើយលោកជាកូនពៅ។ កុមារ ពៀក ចាប៉ិច ចាប់កំណើតឡើងមក មានកាយសប្បទាពេញបរិបូណ៌ ដូចកុមារដទៃទៀតដែរ ប៉ុន្តែជាអកុសល្យនៅអាយុប្រហែលជាង១ឆ្នាំ កុមាររូបនេះ ត្រូវងងឹតភ្នែកទាំងពីរ ដោយសារជំងឺពិសកុក។
 
បន្ទាប់ពីទៅពេទ្យកុមារនៅកអណ្ដើក កុមារ ពៀក ចាប៉ិច អាចមើលឃើញបានបន្តិចវិញ គឺមើលឃើញប្រហែល៣០ភាគរយ បើប្រៀបជាមួយនឹងការមើលឃើញរបស់មនុស្សធម្មតា។ 
 
ព្រោះតែភាពខ្សោយគំហើញ បានធ្វើឱ្យកុមារាមាឌតូចល្អិត ពៀក ចាប៉ិច ឃ្លាតឆ្ងាយពីសាលា ដោយពុំអាចទៅរៀនដូចក្មេងៗដ៏ទៃទៀតឡើយ។ ជាភ័ព្វសំណាងល្អ លោកបានកើតចំគ្រួសារដែលផ្ដល់តម្លៃខ្ពស់ចំពោះការអប់រំ។ ជារៀងរាល់ល្ងាច ឪពុកដែលធ្លាប់បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនានោះ តែងតែសូត្រធម៌ ឬនិទានរឿងឱ្យកុមារ ពៀក ចាប៉ិច និងកូនៗស្ដាប់ជានិច្ច តាំងពីពួកគេនៅក្មេងៗ។ 
 
រឿងដែលឪពុកបាននិទានឱ្យស្ដាប់តាំងតែពីតូចនោះ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច នៅចងចាំរហូតដល់បច្ចុប្បន្ន មានរឿង “ព្រះជិនវង្ស” “ហង្សយន្ត” “មគ្គុលីផល” “ព្រះបាទព្រហ្មទត្ត” និងរឿង“ស័ង្ខសិល្ប៍ជ័យ”ជាដើម។ ទំនងមកពីការស្ដាប់រឿងនិទាន តាំងតែពីតូចនោះហើយ ទើបធ្វើឱ្យកុមារ ពៀក ចាប៉ិច ជាប់ចិត្តដិតអារម្មណ៍ រហូតបង្កើតបានជាជំនាញផ្ទាល់ខ្លួននោះ។
ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ពន្យល់បន្ថែម៖«ឪពុករបស់ខ្ញុំ និទានរឿងដូចលោកទេស ប៉ុន្តែកន្លែងកាច លោកធ្វើសំឡេងកាចដែរ ហើយកន្លែងកម្សត់ក៏លោកធ្វើឱ្យកម្សត់ខ្លះដែរ ប៉ុន្តែមានសំឡេងតែមួយប៉ុណ្ណោះ»។ 
 
មិនត្រឹមតែប៉ុណ្ណោះទេ កុមារា ពៀក ចាប៉ិច ថែមទាំងទទួលបានការអប់រំ ទាំងផ្លូវលោក និងផ្លូវពុទ្ធចក្រ ជាច្រើនទៀតពីឪពុករបស់ខ្លួន តាំងតែពីកុមារភាព។ បន្ថែមពីនោះ ឪពុក និងបងប្រុស តែងព្យាយាមបង្រៀនអក្សរឱ្យដល់កុមារាខ្សោយគំហើញរូបនេះ យ៉ាងយកចិត្តទុកដាក់ តាំងពីអាយុប្រមាណ៣ទៅ៤ឆ្នាំម្ល៉េះ។ 
 
ព្រោះតែស្រឡាញ់ការសិក្សា កុមារ ចាប៉ិច បានខំស្វាធ្យាយសិក្សារៀនសូត្រដោយខ្លួនឯង បន្ថែមពីលើការបង្រៀនរបស់ឪពុក និងបងប្រុស។ រាល់ពេលអានអក្សរម្ដងៗ កុមារសម្បុរស្រអែមរូបនេះ តែងតែយកសៀវភៅ ទៅមើលជាប់នឹងភ្នែកតែម្ដង ទើបគេអាចមើលអក្សរឃើញ។ 
 
ក្រោយពីចេះអាននិងសរសេរដោយខ្លួនឯងហើយ គឺនៅអាយុប្រហែល១៥ឆ្នាំ យុវជន ពៀក ចាប៉ិច ក៏ទទួលបានសៀវភៅថ្នាក់ទី៩-១០ និងថ្នាក់ទី១១ (អំឡុងឆ្នាំ១៩៦៨) ពីបងប្រុស ដែលជាព្រះសង្ឃ បានយកទៅឱ្យលោករៀនបន្ថែមទៀត។

ដំណើរឆ្ពោះទៅរកជំនាញនិទានរឿង ឬសម្ដែងល្ខោនទោល
 
ក្រោយពីម្ដាយបានស្លាប់ នៅពេលដែលកុមារា ពៀក ចាប៉ិច មានអាយុ៦ឆ្នាំ ឪពុករបស់លោក ត្រូវរ៉ាប់រងភារកិច្ចជាម្ដាយផង និងជាឪពុកផង ដូច្នេះគាត់ពុំសូវបាននៅផ្ទះនិទានរឿងឱ្យកូនស្ដាប់ទៀតឡើយ។ ដោយសេចក្ដីអផ្សុកក្នុងចិត្តសន្ដាន កុមារ ពៀក ចាប៉ិច តែងស្ដាប់ល្ខោន ដែលសម្ដែងដោយលោក សាំង សារុន និងអ្នកស្រី ចេក ម៉ាច និងក្រុមល្ខោនផ្សេងៗទៀត នៅរាជធានីភ្នំពេញ ដោយស្ដាប់តាមឧគ្ឃោសនាសព្ទ ដែលបានចាក់ពេលបុណ្យផ្សេងៗ និងតាមវិទ្យុជាដើម។ 
 
នៅឆ្នាំ១៩៦២ គ្រាឪពុករវល់ចេញទៅប្រកបការងារនៅស្រុកឆ្ងាយ កុមារា ពៀក ចាប៉ិច ដែលទើបតែមានអាយុ៩ឆ្នាំ ចាប់ផ្ដើមធ្វើត្រាប់តាមការសម្ដែងរបស់ក្រុមល្ខោននានា ដោយប្រើទេពកោសល្យសំឡេងរបស់ខ្លួន បង្កើតបានជាសំឡេងតួផ្សេងៗគ្នាយ៉ាងច្រើន។ ទស្សនិកជនរបស់គេនៅពេលនោះ គឺមានតែក្មេងៗអាយុស្របាលគ្នាតែប៉ុណ្ណោះ។ តាមពិតទៅកាលនោះ កុមារ ពៀក ចាប៉ិច សម្ដែងសិល្បៈនោះ ដើម្បីតែកំដរភាពអផ្សុករបស់ខ្លួនប៉ុណ្ណោះ។
 
«កាលនោះសម្ដែងឱ្យតែក្មេងៗដូចគ្នាស្ដាប់ គ្រាន់ជាការសប្បាយប៉ុណ្ណោះ ចំណែកចាស់ៗ គាត់មិនមានចំណូលចិត្តស្ដាប់ទេ ព្រោះគេចូលចិត្តមើលភាពយន្ត និងល្ខោនផ្ទាល់ ឬតាមវិទ្យុជាង»។ នេះជាការបញ្ជាក់របស់ លោក ពៀក ចាប៉ិច។ 

ប្រថុយការស្លាប់ ព្រោះចង់ឱ្យក្មេងៗស្គាល់រឿងព្រេងបុរាណខ្មែរ
 
ដោយសេចក្ដីស្រឡាញ់ និងចង់ឱ្យក្មេងៗ ដឹងពីរឿងព្រេងបុរាណខ្មែរ ក្នុងសម័យសង្គ្រាម លោក ពៀក ចាប៉ិច នៅតែនិទានរឿងឱ្យក្មេងៗស្ដាប់ ដោយឱ្យពួកគេដាក់វេនគ្នាចាំមើលមេកង។ ក្នុងតួនាទីជាអ្នកចាំរោងបាយ និងជាប្រធានគណៈយុវជន ដឹកនាំ២ភូមិ យុវជន ពៀក ចាប៉ិច តែងលួចលាក់និទានរឿងឱ្យក្មេងៗស្ដាប់ ដោយសម្ងាត់និងប្រុងប្រយ័ត្នបំផុត។ 
 
«ក្មេងៗកាលសម័យនោះចូលចិត្តស្ដាប់ខ្ញុំនិទានណាស់ ទាំងស្រីទាំងប្រុស ដូច្នេះគេប្រញាប់ធ្វើការងារយ៉ាងរូតរះ ហើយពួកគេសហការគ្នាបានល្អណាស់។ ក្មេងៗខ្លះដោយហេតុតែមិនចង់ឱ្យដាច់សាច់រឿង គេថា ពូឈប់និទានប៉ុណ្ណឹងសិន ចាំខ្ញុំទៅចាប់ក្របីចងសិន ចាំខ្ញុំមកវិញចាំពូនិទានទៀត។ ពេលមួយស្ទើតែមេកងទៅទាន់ ប៉ុន្តែបានក្មេងៗទៅប្រាប់ទាន់»។ នេះជាការពន្យល់របស់ ព្រឹទ្ធាចារ្យ ចាប៉ិច
 
ភរិយាជាបង្គោលក្នុងគ្រួសារ
 
មកដល់ឆ្នាំ១៩៧៩ គឺជាពេលដែលលោក ពៀក ចាប៉ិច មានភរិយា ក្នុងវ័យ២៦ឆ្នាំ។ ពុំមានមុខរបរអ្វី លោក ពៀក ចាប៉ិច បានទៅស៊ីឈ្នួលសម្អាតស្មៅពោត ស្មៅសណ្ដែកដី និងកាច់ពោតឱ្យគេជាដើម ដោយទទួលបានកម្រៃជាពោត៥ដំប ស្មើនឹង២០ផ្លែ ត្រឡប់ទៅផ្ទះវិញ។ លោកធ្វើការងារទាំងនោះ ពុំបានយូរប៉ុន្មានឡើង គេក៏ឈប់ឱ្យលោកធ្វើ ព្រោះតែភាពយឺតយ៉ាវនៃពិការភាព។
 
ពុំអាចទៅធ្វើការឱ្យគេបាន ហើយការងារស្រែចម្ការផ្ទាល់ខ្លួន ដែលត្រូវប្រើកម្លាំងបាយខ្លាំងផងនោះ ក៏លោកពុំអាចធ្វើបាន។ ការងារស្រែចម្ការទាំងអស់ ទាំងការភ្ជួររាស់ និងដកស្ទូងជាដើម គឺប្រពន្ធរបស់លោក ជាអ្នករ៉ាប់រង បន្ថែមលើការងារផ្ទះរយជំពូក។ 
 
ដើម្បីបន្លប់ភាពអផ្សុក ស្របពេលដែលខ្លួនពុំអាចធ្វើការអ្វីបាន គឺមានតែការនិទានរឿងប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ លោក ចាប៉ិច តែងលើកយករឿងផ្សេងៗ ដែលចេះចាំពីឪពុក យកមកសម្ដែង ដោយធ្វើសំឡេងតួផ្សេងៗគ្នាតែម្នាក់ឯង។ ថ្ងៃមួយអ្នកភូមិចំណាស់ម្នាក់ បានស្ដាប់ឮការសម្ដែងនោះ មានចិត្តស្ងើចសរសើរ ក៏បានស្នើឱ្យ យុវជន ពៀក ចាប៉ិច និទានរឿងទាំងនោះ ឱ្យខ្លួននិងអ្នកភូមិស្ដាប់ ដោយឱ្យកម្រៃជាផ្លែពោត។
 
«យប់ទី២គេឱ្យពោត១ផ្លូន (ស្មើនឹង៤០ផ្លែ) យប់ទី៣បាន៣ផ្លូន ក្រោយមកទៀត១យប់៥ផ្លូន។ គេមកស្ដាប់ពេញផ្ទះ ហើយគេនិយាយថា ខ្ញុំសម្ដែងដូចល្ខោនពីដើម។ គេគាំទ្រខ្ញុំ ដោយសារឆ្នាំ១៩៧៩ ប្រទេសជាតិដែលទើបងើបពីសង្គ្រាមនោះ ខ្វះខាតសព្វគ្រប់ មិនមានតន្ត្រីឬសិល្បៈអ្វីកំដរអារម្មណ៍ទេ»។ នេះជាការអះអាងរបស់ ព្រឹទ្ធាចារ្យ។



ដំណើរផ្សងព្រេង 
 
អស់រយៈពេលប្រមាណជាង៣ឆ្នាំ យុវជន ពៀក ចាប៉ិច បានសម្ដែងសិល្បៈនិទានរឿង ឬសិល្បៈល្ខោនទោល នៅក្នុងខេត្តស្វាយរៀង បានចំនួន៧ស្រុកក្រុង ក្នុងចំណោមស្រុកក្រុងទាំង៨ ដោយលើកលែងតែស្រុកកំពង់រោទិ៍ប៉ុណ្ណោះ។ ការទៅសម្ដែងស្ទើរទូទាំងខេត្តស្វាយរៀងនោះ យុវជន ពៀក ចាប៉ិច អះអាងថា លោកត្រូវដើរដោយថ្មើជើងផង និងជិះកង់ផង ដោយមានឪពុកមាជាអ្នកឌុប។ ចំណូលដែលបានពីការសម្ដែង ដំបូងឡើយជាពោត បន្ទាប់មកសណ្ដែក ក្រមា ស្រូវ ហើយនៅចុងក្រោយគឺប្រាក់រៀល។ ស្រុកកញ្ជ្រៀចនៃខេត្តព្រៃវែង គឺជាទីតាំងដំបូងគេបង្អស់ ដែលលោក ពៀក ចាប៉ិច បានប្រាក់ឈ្នួលចំនួន២៥រៀលសម្រាប់ការសម្ដែងម្ដង នាអំឡុងឆ្នាំ១៩៨១។ 
 
«ដំបូងគេយកទៅសម្ដែងសម្រាប់បុណ្យដារតូចៗ បន្ទាប់មកគេអញ្ជើញទៅសម្ដែងក្នុងពិធីបុណ្យបច្ច័យបួន។ ដំបូងគេឱ្យ២៥រៀល យូរទៅបាន១៥០រៀល ក្រោយមកទៀតគេឱ្យ៣០០រៀល។ ខ្ញុំមិនបានដាក់តម្លៃទេ ប៉ុន្តែគេចង់បាន គេដេញថ្លៃដើម្បីបានខ្ញុំទៅសម្ដែង។ កាលនោះគេទៅស្ដាប់ច្រើនណាស់។ កន្លែងណាកំប្លែង គេក៏សើចគឹលទៅ ហើយដល់កន្លែងណាកម្សត់គេក៏យំទៅ»។ នេះជាការអះអាងរបស់ ព្រឹទ្ធាចារ្យមរតកមនុស្សរស់។
 
លុះដល់ឆ្នាំ១៩៨២ គ្រាយុវជន ចាប៉ិច មានវ័យ២៩ឆ្នាំ លោកចាប់ផ្ដើមដំណើរផ្សងព្រេង ឆ្លងខេត្តដើម្បីរកប្រាក់ចំណូលផ្គង់ផ្គង់គ្រួសារ។ កំពង់ចាម គឺជាខេត្តដំបូង ដែលលោកត្រូវឆ្លងដែនឆ្ងាយទៅសម្ដែង ដោយមានស្រុកកោះសូទិន ស្រុកកំពង់សៀម ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ(បច្ចុប្បន្នទៅជាខេត្តត្បូងឃ្មុំ)។
 
ក្នុងស្ថានភាពស្រុកទេស ទើបងើបពីសង្គ្រាម មធ្យោបាយធ្វើដំណើរមិនសម្បូរឡើយ ដូច្នោះសិល្បករ ល្ខោនទោល ពៀក ចាប៉ិច មានតែជើងមួយគូប៉ុណ្ណោះ ដើម្បីធ្វើដំណើរឆ្លងខេត្ត ទាំងខ្លួនខ្សោយគំហើញ។ ព្រឹទ្ធាចារ្យ ចាប៉ិច អះអាងថា លោកត្រូវចេញពីផ្ទះនៅវេលាម៉ោង៥ទៀបភ្លឺ ដោយមានប្រពន្ធ ដាំបាយវេចជាពង្វេចរួចជាស្រេច ដើម្បីធ្វើដំណើរថ្មើរជើងជាមួយអ្នកភូមិផ្សេងទៀត ដែលចេញទៅផ្សងព្រេងរកការងារធ្វើនៅស្រុកឆ្ងាយ។
 
«យើងត្រូវដើរកាត់ព្រៃ ចម្ងាយប្រហែល៧០ទៅ១០០គីឡូម៉ែត្រ ដោយត្រូវដេកផ្លូវ១យប់នៅអូររាំងឪ។ សម្រាកត្រង់ណាយើងដាំបាយហូបនៅត្រង់នោះ។ មនុស្សពីដើមគេដើរលឿនណាស់ គេដើរដំណើរទាហាន ខ្ញុំត្រូវកាន់ដៃគេជាប់។ ទៅកំពង់ចាមដំបូងគេអញ្ជើញខ្ញុំទៅ គេឱ្យខ្ញុំ១៥០រៀល។ បន្ទាប់មកទៀត ខ្ញុំទៅដោយផ្សងព្រេងទេ»។ នេះជាការបញ្ជាក់របស់ព្រឹទ្ធាចារ្យ ចាប៉ិច។
មកដល់ឆ្នាំ១៩៨៣ យុវជន ពៀក ចាប៉ិច ត្រូវជួបវិបត្តិសេដ្ឋកិច្ចម្ដងទៀត ព្រោះប្រជាជនស្បើយការពេញនិយមស្ដាប់ការនិទានរឿងរបស់លោក។ មិនមានអ្នកអញ្ជើញទៅសម្ដែង ប៉ុន្តែលោកទៅដើរសួរ ឬសុំគេសម្ដែងដោយខ្លួនឯង នៅតាមរោងបុណ្យ ឬនៅតាមវត្តនានា។ 
 
រហូតដល់ឆ្នាំ ១៩៨៤ ដល់បច្ចុប្បន្ន ព្រឹទ្ធាចារ្យ រកប្រាក់សឹងតែមិនបានសោះ ពីការអញ្ជើញឱ្យសម្ដែងល្ខោនទោល ពីសំណាក់ប្រជាជនទូទៅ។ ហេតុដែលនាំឱ្យប្រជាជន ឈប់ចូលចិត្តស្ដាប់ការនិទានរឿងនោះ ព្រឹទ្ធាចារ្យអះអាងថា ទំនងមកពីការវិវត្តិនៃបច្ចេកកវិទ្យា សិល្បៈចម្រុះកាន់តែសម្បូរបែប ពិសេសគឺវិស័យភាពយន្តតែម្ដង។
 
ព្រឹទ្ធាចារ្យ រំលឹក៖«បើគេអញ្ជើញខ្ញុំទៅ គេឱ្យ៣០០រៀល។ មានគេជួលរហូតអរហើយ ប៉ុន្តែមិនមានអ្នកជួល។ បើទៅរកគេ បានតម្លៃថោក ប៉ុន្តែបើមិនទៅកូនអត់បាយ។ ខ្ញុំដើរច្រើនស្រុកណាស់ ដើម្បីសុំគេលេងល្ខោន នៅតាមរោងបុណ្យ។ ពេលលេងចប់ គេរៃអង្គាសប្រាក់ឱ្យខ្ញុំ បានអង្ករមួយកន្តាំង លុយ១៥០រៀល អ៊ីចឹងទៅ ព្រោះគេត្រូវរៃគ្នាឱ្យល្ខោនខោលផង វីដេអូផង និងជួលគោជាន់ផង(ឧបករណ៍សិល្បៈ ច្នៃពីធុងសាំង ដោយមានប្រដាប់ជាន់ បង្កើតឱ្យមានជាចង្វាក់ភ្លេង និងមានអ្នកច្រៀងផង)។ តែកន្លែងខ្លះក៏អត់បានសម្ដែងដែរ តែយ៉ាងហោច ខ្ញុំអាចបានបាយបុណ្យហូបនិងបានស្នាក់នៅផ្ទះបុណ្យមួយយប់ដែរ»។ 
 
ដំណើរឆ្ពោះទៅក្នុងប្រព័ន្ធមរតកមនុស្សរស់
 
ក្នុងឆ្នាំ១៩៩៩ គឺនៅពេលដែលលោកមានអាយុ៤៦ឆ្នាំ។ លោក ចាប៉ិច មានឱកាសបានទៅសម្ដែងល្ខោនទោល ក្នុងពិធីបុណ្យបញ្ចុះសីមា នៅវត្តស្វាយក្រវាន់ នាទីរួមខេត្តកំពង់ស្ពឺ រយៈពេល៣យប់៣ថ្ងៃ។ កាលនោះ លោកទទួលបានប្រាក់កម្រៃ២០ម៉ឺនរៀល ដោយចែកជាមួយអ្នកជូនលោកទៅពាក់កណ្ដាល។
 
ជាសំណាងល្អ ពិធីបុណ្យនោះ មានមន្ត្រីខាងក្រសួងមួយរូប បានទៅចូលរួមដែរ។ មន្ត្រីនោះបានកោតសរសើរចំពោះទេពកោសល្យរបស់ សិល្បករ ពៀក ចាប៉ិច ហើយបានសន្យាថា នឹងនាំដំណឹងនោះទៅជម្រាបថ្នាក់លើ។  
 
ក្រោយមកទៀត សិល្បករល្ខោនទោលរូបនេះ បានទៅបង្ហាញទេពកោសល្យរបស់ខ្លួន ក្នុងកម្មវិធីផ្ទះលេខ១១។ បន្ទាប់មក ទៅសម្ដែងសម្រាប់វិទ្យុអប្សរា ហើយនៅចុងឆ្នាំ១៩៩៩ លោកបានទៅសម្ដែង ក្នុងមហោស្រពសហស្សវត្សរ៍ នៅខេត្តសៀមរាប ទឹកដីអង្គរ។ កាលនោះលោកសម្ដែងចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃ ទី១ ខែមករា ដើមឆ្នាំ២០០០។ ក្នុងការសម្ដែងនោះ លោកទទួលបានសញ្ញាបត្រកិត្តិយសមួយ។
 
រហូតដល់ឆ្នាំ២០០៣ លោកបានប្រឡងផ្នែកនិទានរឿង នៅវាលមេន ក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ដោយលោកអាចធ្វើសំឡេងបានជាង១០សំឡេង និងការធ្វើសំឡេងទ្រដោយមាត់ផងដែរ។ កាលនោះ លោកទទួលបានចំណាត់ថ្នាក់លេខ១ និងសញ្ញាបត្រកិត្តិយស។ សិល្បករទៅពីខេត្តប៉ៃលិន ជាប់ចំណាត់ថ្នាក់លេខ២ ដោយអាចប្រើសំឡេងបាន៣ តួប្រុសពីរនាក់ និងតួស្រីម្នាក់ រួមទាំងអាចធ្វើសំឡលេងទ្រនឹងមាត់។ ចំណែកអ្នកលេខ៣ ទៅពីខេត្តតាកែវ សម្ដែងរឿងព្រះវេសន្តរ និទានដោយធ្វើកាយវិកាផង ប៉ុន្តែមានសំឡេងតែមួយ។
ព្រឹទ្ធាចារ្យ បន្ថែម៖«អ្នកមកពីប៉ៃលិន គេធ្វើសំឡេងពីរោះជាងខ្ញុំ តែគេធ្វើសំឡេងបានតិច។ ចំណែកខ្ញុំចេះធ្វើសំឡេងបានច្រើន»។  
 
សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៧៩ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច អាចធ្វើសំឡេងបានប្រមាណ ១៥សំឡេង មានសំឡេង តួឯកស្រី តួឯកប្រុស ម្ដាយ ឪពុក តាព្រានព្រៃ តាកសិករ ចៅប្រុស ចៅស្រី យក្សប្រុស យក្សស្រី យក្សឪពុក យក្សកូន តាព្រះមុនីឥសី និងតាព្រះមុនីឥសូរ។ លោកថែមទាំងអាចធ្វើបានសំឡេងឧបករណ៍ទ្រដោយមាត់ថែមទៀតផង។ ប៉ុន្តែបច្ចុប្បន្ន ដោយសារវ័យកាន់តែចាស់ និងមានជំងឺជាប់ប្រាណផង ព្រឹទ្ធាចារ្យ នៅអាចប្រើសំឡេងបាន ប្រហែលតែ៧សំឡេងប៉ុណ្ណោះ ហើយលោកអះអាងថា មិនសូវពីរោះដូចមុនឡើយ។
 
«ហេតុអ្វីទើបបានជាខ្ញុំហ៊ានអះអាងថាខ្ញុំអាចធ្វើសំឡេងបានច្រើន គឺមកពីគេបានថតសំឡេងរបស់ខ្ញុំ កាលពីនៅក្មេង ហើយខ្ញុំស្ដាប់មើលទៅ ឃើញថាសំឡេងនោះខុសគ្នាមែន។ អ្នកខ្លះក៏គេមិនជឿដែរ រហូតដល់មានការភ្នាល់គ្នា។ គេភ្នាល់ដាក់ថ្នាំជក់ កាលនោះថ្នាំជក់១គីឡូ២០រៀល ហើយខ្ញុំថា ប្រមូលថ្នាំជក់ឱ្យគ្រប់៣០០រៀលទើបខ្ញុំទៅសម្ដែង។ កាលនោះខ្ញុំឈ្នះបានប្រាក់៣០០រៀល»។ នេះជាការអះអាងរបស់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច។
 
ប្រហែលក្នុងឆ្នាំ២០០៥ លោកបានទៅសម្ដែងក្នុងកម្មវិធី អង្គរព្យុងយូ រយៈពេល៣យប់៣ថ្ងៃ។ ក្រោយមក នៅឆ្នាំ២០០៧ លោកទៅសម្ដែងនៅមជ្ឈមណ្ឌលវប្បធម៌បារាំង។ ក្រោយមកទៀត ប្រហែលក្នុងឆ្នាំ២០១០ លោកទទួលបានសញ្ញាបត្រវរសិល្បករ មុននឹងទទួលបានគោរមងារ ជាវោហាកោសល្យវដ្ដី និងបញ្ចូលក្នុងបញ្ជីប្រព័ន្ធមរតកមនុស្សរស់កម្ពុជា ពីព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១២។ ក្រោយមកទៀតលោកបានទៅសម្ដែងនៅខេត្តសៀមរាប ក្នុងកម្មវិធីអក្សរសិល្ប៍វគ្គទី១ និងបានទៅសម្ដែងក្នុងកម្មវិធីអក្សរសិល្ប៍ខ្មែរ នៅខេត្តបាត់ដំបងនៅឆ្នាំបន្ទាប់។
 
បណ្ដុះអ្នកបន្តវេន
 
កាលពីអំឡុងឆ្នាំ២០០៥-២០០៦ ព្រឹទ្ធាចារ្យ បានបង្រៀនជំនាញសិល្បៈនិទានរឿង ឬសិល្បៈសម្ដែងល្ខោនទោលនេះ ទៅដល់សិស្ស៧នាក់ ហើយក្នុងនោះ ក៏មានកូនប្រុសទី៣របស់លោកម្នាក់ដែរ។ ប៉ុន្តែក្រោយមកពួកគេក៏ឈប់រៀន ហើយបែរទៅធ្វើសំណង់វិញ ព្រោះយល់ថាជំនាញនេះមិនមានទីផ្សារ។
 
«ខ្ញុំស្រណោះតែអត់ពីខ្ញុំទៅ ប្រាកដជាមិនមានអ្នកបន្តវេនទេ។ កូនខ្ញុំគេស្រឡាញ់ ប៉ុន្តែគ្នាពុំសូវមានទេពកោសល្យ។ គេធ្វើសំឡេងបានតែ៣នាក់ មនុស្សចាស់១ តួឯកប្រុស១ និងតួស្រី១។ បច្ចុប្បន្នអ្នកនិទានរឿងនៅមាន ប៉ុន្តែឱ្យធ្វើសំឡេងបានច្រើន ខ្ញុំជឿថាមិនមានតែម្ដង។ ក្មេងឥឡូវគេច្រើនរៀនខាងកុន»។ នេះបើតាមព្រឹទ្ធាចារ្យ ចាប៉ិច។
 
មរតកមនុស្សរស់ ពៀក ចាប៉ិច មានប្រសាសន៍ថា ដើម្បីអាចធ្វើសំឡេងបានច្រើន ត្រូវព្យាយាមសង្កេតសំឡេងផ្សេងៗ ឧស្សាហ៍ស្ដាប់សំឡេងគេ និងរៀនត្រាប់តាមគេផង។ មានន័យថា បើសំឡេងមនុស្សប្រុសចាស់ គេត្រូវបើកបំពង់កឱ្យធំ។ រីឯសំឡេងយាយ ក៏ដូចគ្នាដែរ។ ចំណែកសំឡេងមនុស្សវ័យកណ្ដាល បើកបំពង់កល្មម។ បើសំឡេងកូនក្មេង ត្រូវត្បៀតសំឡេង។ ទាំងនេះ ជាទេព្យកោសល្យរបស់មរតកមនុស្សរស់ ពៀក ចាប៉ិច ដែលចង់ឃើញយុវជនជំនាន់ក្រោយ មានសមត្ថភាពបន្តការប្រើប្រាស់សំឡេង និងសម្ដែងដោយខ្លួនឯងនេះ៕

Tag:
 សិល្បៈ
  ល្ខោន
  ល្ខោនទោល
  និទាន
  ព្រឹទ្ធាចារ្យ
  ពៀក ចាប៉ិច
  និទានរឿង
© រក្សាសិទ្ធិដោយ thmeythmey.com