ជាតិ
មណ្ឌលគិរី ដែនដីរុក្ខជាតិចម្រុះ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ
09, Jan 2022 , 10:39 am        
រូបភាព
ភ្នំពេញ៖ មណ្ឌលគិរី ជាខេត្តឆ្ងាយមួយទៀត ដែលស្ថិតនៅលើខ្ពង់រាប សម្បូរភ្នំ និងព្រៃក្រាស់ ជាប់នឹងព្រំដែនវៀតណាម។ ខេត្តនេះ ជាដែនដីព្រៃភ្នំ ដែលមានរុក្ខជាតិជាច្រើនប្រភេទដុះពាសពេញ ដែលបង្កើតបានជាព្រៃរបោះ និងព្រៃឫស្សីជាដើម។ ភាពសម្បូរនៃព្រៃឈើ បានធ្វើឱ្យមណ្ឌលគិរី ក្លាយជាខេត្តដែលសម្បូរសត្វព្រៃច្រើនប្រភេទ និងមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងដែរ។

 
ខេត្តមណ្ឌលគិរី ជាខេត្តដែលមានអាកាសធាតុត្រជាក់ និងភ្លៀងច្រើន នៅតំបន់ទំនាបកណ្តាល។ ការណ៍នេះ បានធ្វើឱ្យរុក្ខជាតិទាំងឡាយ ដុះលូតលាស់យ៉ាងល្អ។ រុក្ខជាតិប្រភេទផ្សេងៗជាច្រើន ដុះទ្រុបទ្រុល បង្កើតបានជាព្រៃឈើប្លែកៗខុសគ្នា ដូចជាព្រៃស្តុក ព្រៃរបោះ និងព្រៃឫស្សីជាដើម។ ព្រៃឈើទាំងនេះ ជាជម្រកសត្វព្រៃ ដែលប្រភេទខ្លះជាប្រភេទកម្រ ឬក៏ជាប្រភេទដែលមានតែក្នុងប្រទេសកម្ពុជាទៀតផង។ 
 
បន្ទាប់ពីមើលឃើញពីសក្តានុពលព្រៃឈើ និងសត្វព្រៃផងនោះ រដ្ឋបានបង្កើតតំបន់ការពារជាច្រើនដូចជា ដែនជម្រកសត្វព្រៃនៅភ្នំណាមលៀ ដែលមានទំហំ ៤៧ ៥០០ហិកតា និងនៅភ្នំព្រិច មានទំហំ ២២២ ៥០០ហិកតា។ បើតាមសៀវភៅខ្ញុំដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើង«ដំណើរឡើងតាមទន្លេមេគង្គលើ» មណ្ឌលគិរី ក៏មានផ្នែកមួយ នៃដែនជម្រកសត្វព្រៃ នៅស្នួលជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ និងផ្នែកមួយរបស់ដែនជម្រកសត្វព្រៃនៅលំផាត់ ជាប់ព្រំដែនប្រទល់ខេត្តរតនគិរី។ ក្រៅពីនេះ ក៏មានដែនជម្រកសត្វព្រៃដំរី ឬច្រើនហៅថា ដែនជម្រកសត្វព្រៃដំរី។ 
 
ទន្ទឹមនឹងអំណោយផលនៃធម្មជាតិ រួមជាមួយសត្វព្រៃប្លែកៗជាច្រើន បានធ្វើឱ្យមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ទាក់ទាញជាច្រើនកន្លែង។ រៀងរាល់ឆ្នាំ ទេសចរធ្វើដំណើរទៅកម្សាន្តខេត្តមណ្ឌលគិរី ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល ព្រៃស្អាតៗ សត្វប្លែកៗ និងទឹកធ្លាក់។ ទេសចរមួយចំនួន ក៏បានជិះដំរីទៅមើលភូមិជនជាតិដើមភាគតិចព្នង ដែលនៅមិនឆ្ងាយប៉ុន្មានទីក្រុង ឬទៅលំហែតាមព្រៃ ឆ្លងកាត់ភ្នំតូចធំ ដើម្បីទស្សនាធម្មជាតិព្រៃភ្នំ ដោយក្តីរីករាយ។ ទេសចរណ៍ធម្មជាតិ ក្នុងខេត្តនេះរីកលូតលាស់សន្សឹមៗ ដោយសារបញ្ហាផ្នែកគមនាគមន៍ក្នុងខេត្ត។ 
 
ដ្បិតការរីកលូតលាស់ក្នុងខេត្តនេះយឺតបន្តិចក្តី តែភាពសម្បូរបែបនៃធម្មជាតិ បានទាក់ចិត្តទេសចរជិតឆ្ងាយជាច្រើន មកកម្សាន្តខេត្តនេះ។ សមុទ្រឈើ ជាទីដែលទេសចរកម្ររំលងណាស់ ព្រោះទីនោះមានខ្យល់អាកាសល្អ ជាពិសេសអាចមើលឃើញទេសភាពស្រស់ត្រកាល នៃព្រៃឈើដ៏ក្រាស់ឃ្មឹក ដាច់កន្ទុយភ្នែកជាប់ជើងមេឃ ប្រៀបដូចជាសមុទ្រ។ ក្រៅពីនេះ ក៏មានភ្នំដោះក្រមុំ ភ្នំណាមលៀ ចំការកាហ្វេ និងរមណីយដ្ឋានដំណាក់ស្តេចផងដែរ។ 
 
មិនត្រឹមតែសម្បូររមណីយដ្ឋានធម្មជាតិ មណ្ឌលគិរី ក៏មានទឹកជ្រោះស្អាតដាច់គេដ៏ល្បីឈ្មោះ ដែលគ្រប់គ្នាស្គាល់ថា ទឹកជ្រោះប៊ូស្រា។ ទឹកជ្រោះនេះ មានទឹកធ្លាក់ជាពីរថ្នាក់ គឺថ្នាក់លើកម្ពស់ជាង ១៨ម៉ែត្រ និងថ្នាក់ក្រោមកម្ពស់ជាង ៥២ម៉ែត្រ ហើយមានទឹកហូរគ្រប់រដូវ។ មណ្ឌលគិរី ក៏មានទឹកជ្រោះជាច្រើនកន្លែងទៀត ដូចជាទឹកជ្រោះជ្រៃធំ សែនមនោរម្យ ដាក់ដាំ ជ្រោះអូតាំងឡាំង និងទឹកធ្លាក់អូផ្លាយផងដែរ៕ 

Tag:
 ថ្មីៗ២៥
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  ដំណើរឡើងតាមទន្លេមេគង្គលើ
© រក្សាសិទ្ធិដោយ thmeythmey.com