COVID-19
អន្តរជាតិ
ពលរដ្ឋបារាំងជាង១០ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងវិធានការរដ្ឋាភិបាលលើអ្នកមិនចាក់វ៉ាក់សាំង
09, Jan 2022 , 11:09 am        
រូបភាព
ពលរដ្ឋបារាំង ធ្វើបាតុកម្មប្រឆាំងគម្រោងរបង្ហាញលិខិតចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ រូបថត AFP
ពលរដ្ឋបារាំង ធ្វើបាតុកម្មប្រឆាំងគម្រោងរបង្ហាញលិខិតចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ រូបថត AFP
ពលរដ្ឋបារាំងជាង១០ម៉ឺននាក់ ធ្វើបាតុកម្មទូទាំងប្រទេសនៅថ្ងៃទី៨ ខែមករា ដើម្បីប្រឆាំងគម្រោងរបស់រដ្ឋាភិបាលប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ក្នុងការចាត់វិធានការលើអ្នកមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ អ្នកតវ៉ាខ្លះ ថែមទាំងនិយាយវាយប្រហារលោក ម៉ាក្រុង ចំពោះការប្រើពាក្យសម្ដីធ្ងន់ៗរបស់លោកទៀតផង។

 
នៅបារាំង សេចក្ដីស្នើច្បាប់ដែលកំហិតសកម្មភាពប្រជាជនមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កំពុងស្ថិតក្នុងដៃរដ្ឋសភា ស្របពេលដែលប្រជាជនមិនពេញចិត្តនឹងគម្រោងនេះ ហើយប្រមូលផ្ដុំតវ៉ានៅតាមទីក្រុងក្នុងប្រទេស។ តាមគម្រោង ពេលចូលធរមាន ច្បាប់នេះតម្រូវឱ្យប្រជាជនបារាំងបង្ហាញលិខិតទទួលបានវ៉ាក់សាំង មុនចូលភោជនីយដ្ឋាន ប្រើសេវារថភ្លើង ឬចូលរួមព្រឹត្តិការណ៍ផ្សេងៗ។ 
 
បើតាមក្រសួងមហាផ្ទៃបារាំង បាតុកម្មនៅថ្ងៃទី៨ ខែមករា មានអ្នកចូលរួមជាង១០ម៉ឺននាក់។ រដ្ឋធានីប៉ារីស រាយការណ៍អ្នកតវ៉ាជាង១៨ ០០០នាក់ ដោយក្នុងនោះ មនុស្សបីនាក់ ត្រូវចាប់ខ្លួន ស្របពេលប៉ូលិស៣នាក់រងរបួសស្រាល។ មនុស្សប្រមាណ៦ពាន់នាក់ តវ៉ានៅទីក្រុងទូឡុង ខណៈនៅទីក្រុងម៉ុងប៉េលីយេ ប៉ូលិសបារាំងប្រើឧស្ម័នបង្ហូរទឹកភ្នែកក្នុងប៉ះទង្គិចជាមួយក្រុមបាតុករ។
 
នៅឯទីក្រុងប៉ារីស បាតុករភាគច្រើនដែលត្រូវមើលឃើញថា​ មិនបានពាក់ម៉ាស ស្រែកតវ៉ាប្រឆាំងវិធានការរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដោយលើកបដាសរសេរឃ្លាផ្សេងដូចជាការពិត និងនិយាយថាទេចំពោះវ៉ាក់សាំងជាដើម។ បាតុករខ្លះ យកពាក្យលោក ម៉ាក្រុង ដែលចង់បំបិទអ្នកមិនចាក់វ៉ាក់សាំងពីសកម្មភាពសង្គម ទៅប្រើចម្អកឱ្យលោកវិញផង ហើយខ្លះទៀតចោទប្រធានាធិបតីថា យកចិត្តទុកដាក់ប្រជាជនមិនស្មើគ្នា។
 
លោក ម៉ាក្រុង បានបង្ហាញការមិនសប្បាយចិត្តចំពោះប្រជាជនបារាំងមួយចំនួនដែលចចេសមិនចាក់វ៉ាក់សាំង នៅពេលដែលប្រជាជនជាង៧០ភាគរយទទួលរួចហើយនោះ។ សម្រាប់លោក បើទោះជាប្រជាជនបារាំងមានសិទ្ធិសេរីភាពក្ដី ពួកគេក៏មានកាតព្វកិច្ចដែលត្រូវអនុវត្តផងដែរ។ ដោយសារហេតុនេះ លោក ម៉ាក្រុង ក៏ប្រកាសចង់ហាមឃាត់អ្នកទាំងនោះពីសង្គមតែម្ដងរហូតដល់ពួកគេទទួលបានវ៉ាក់សាំងសិន៕

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com