COVID-19
អន្តរជាតិ
ទីក្រុងធានជីន ធ្វើតេស្តប្រជាជនជាង១៤លាននាក់ ក្រោយរកឃើញវីរុសអូមីក្រុង២ករណី
09, Jan 2022 , 4:59 pm        
រូបភាព
ទីក្រុងកំពង់ផែចិនធានជីនដែលស្ថិតនៅភាគខាងជើងប្រទេស នៅថ្ងៃទី៩ ខែមករាបានចាប់ផ្ដើម​យុទ្ធនាការធ្វើតេស្ដរកជំងឺកូវីដ-១៩ ទូទាំងទីក្រុង បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺនេះក្នុង​សហគមន៍ចំនួន២០ករណី។ ក្នុងនោះ ២ករណី ជាវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។

 
បើតាមការអះអាងរបស់អាជ្ញាធរទីក្រុងធានជីន ការវិភាគហ្សែនបានបង្ហាញពីការពាក់ព័ន្ធរវាងករណី​ឆ្លងវីរុសអូមីក្រុងទាំង២ករណី ដែលគ្មានប្រវត្តិទៅក្រៅប្រទេសឡើយ។ អ្នកជំងឺទាំងពីរនាក់នោះ មានម្នាក់ជាបុគ្គលិកថែទាំសិស្ស រីឯម្នាក់ទៀតជាសិស្សក្នុងកម្រិតថ្នាក់បឋមសិក្សា។ ​ករណី​ចំនួន​១៨ផ្សេងទៀតត្រូវបានរកឃើញនៅពេលតេស្តរកជំងឺកូវីដ-១៩ចំពោះ អ្នកដែលបានទាក់ទងជិតស្និទ្ធ​ជាមួយអ្នកជំងឺពីរនាក់ខាងលើ។
 
អ្នកផ្សេងទៀតដែលបានឆ្លងជំងឺគឺជាសិស្សដែលបានទៅកន្លែងថែទាំដូចគ្នា ឬសាលារៀនដូចគ្នា ហើយ​ក៏មានឪពុកម្តាយរបស់ពួកគេផងដែរ។ ករណីទាំង២០នេះត្រូវបានរកឃើញនៅខណ្ឌជីងណាន ទីក្រុង​ធានជីនដែលជាទីក្រុងដែលមានប្រជាជនជាង​១៤លាននាក់ឯណោះ។ 
 
«តាមរយៈការវិនិច្ឆ័យពីទំនាក់ទំនងរវាងករណី និងខ្សែច្រវាក់ចម្លង ករណីទាំង១៨ បានចម្លងជំងឺ​បន្ត​ទៀតយ៉ាងហោចណាស់ទៅកាន់មនុស្សបីជំនាន់»។ នាយករងមជ្ឈមណ្ឌលគ្រប់គ្រង និង​បង្ការ​ជំងឺ​ធានជីន Zhang Ying បានលើកឡើងបែបនេះនៅល្ងាចថ្ងៃទី៨ ខែមករា មុនបន្តថា ការរីករាលដាល​ក្នុង​សហគមន៍ប្រហែលបានកើតឡើងក្នុងរយៈពេលជាក់លាក់ណាមួយមុនពេលបានរកឃើញ​ករណីឆ្ល​ង​ខាងលើនៅព្រឹកថ្ងៃទី៨ ខែមករា។ ករណីឆ្លងជាច្រើនទៀត ទំនងជាត្រូវបានរកឃើញនៅក្នុង ការធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុង។
 
អាជ្ញាធរផ្នែកសុខាភិបាលបានបញ្ជាក់ថា បុគ្គលិកថែទាំសិស្សដែលផ្ទុកវីរុស អូមីក្រុងនោះមិន​បាន​ធ្វើ​ដំណើរចេញពីទីក្រុងនោះទេក្នុងអំឡុងពីរសប្ដាហ៍មកនេះ។ បន្ថែមពីនេះ លំដាប់ហ្សែន​នៃអ្នកជំងឺ​ទាំងពី​រមិនបានបញ្ជាក់ថា ទាក់ទងនឹងករណីនាំចូលនោះឡើយ។ ការសិក្សាបន្ថែម​ទៀត​អំពី​ដើមចមនៃការឆ្លងក្នុងសហគមន៍នេះកំពុងតែធ្វើឡើង។
 
គួរបញ្ជាក់ថា ទីក្រុងធានជីន មានទីតាំងក្បែងរដ្ឋធានីប៉េកាំងដេលអាចចំណាយពេលតែពី​រ​ម៉ោងប៉ុណ្ណោះ​ពី​ទីក្រុង​នេះ។ ករណីបែបនេះ រឹតតែបង្កការព្រួយបារម្ភសម្រាប់ទីក្រុង ប៉េកាំងដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com