ជាតិ
សង្គមជាតិ
លោក វុធ លីណូ អាចបង្កើត «ឥន្ទធនូសិប្បនិមិត្ត» ដែលផ្គុំដោយតំណក់ទឹក និងពន្លឺ
10, Jan 2022 , 7:59 am        
រូបភាព
លោក វុធ លីណូ ជាសិល្បករខ្មែរមួយរូប ដែលអាចបង្កើត «ឥន្ទធនូសិប្បនិមិត្ត» ដោយប្រព័ន្ធតំណក់ទឹក និងពន្លឺ
លោក វុធ លីណូ ជាសិល្បករខ្មែរមួយរូប ដែលអាចបង្កើត «ឥន្ទធនូសិប្បនិមិត្ត» ដោយប្រព័ន្ធតំណក់ទឹក និងពន្លឺ
ភ្នំពេញ៖ លោក វុធ លីណូ ជាសិល្បករខ្មែរមួយរូប ដែលអាចបង្កើត «ឥន្ទធនូសិប្បនិមិត្ត» ដោយប្រព័ន្ធតំណក់ទឹក និងពន្លឺ។ ស្នាដៃឥន្ទធនូរបស់លោក លីណូ បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញដល់សាធារណជនឱ្យបានទស្សនាឥន្ទធនូ ដោយមិនចំបាច់រង់ចាំទស្សនា តែមានបាតុភូតធម្មជាតិនោះទេ។ បច្ចុប្បន្នស្នាដៃនេះកំពុងដាក់តាំងបង្ហាញនៅ Udom Garden Park រាជធានីភ្នំពេញ។

 
«ឥន្ទធនូ» គឺជាបាតុភូតធម្មជាតិមួយ ដែលកើតឡើងដោយពន្លឺព្រះអាទិត្យ ប៉ះនឹងតំណក់ទឹក នៅទីតាំងមុមជាក់លាក់ណាមួយ ហើយបង្កើតបានជាបណ្ដុំពន្លឺកោងស្រដៀងនឹងរាងធ្នូ ដែលបញ្ចេញពណ៌ នៅលើផ្ទៃអាកាស។ ដ្បិត «ឥន្ទធនូ» ជាបាតុភូតធម្មជាតិ កើតឡើងដោយឯងៗ ប៉ុន្តែ លោក វុធ លីណូ ក៏អាចបង្កើតបាតុភូតមួយនេះ បានដែរ។ 
 
លោក វុធ លីណូ  ជាសិល្បករសហសម័យខ្មែរមួយរូប បានបង្កើតស្នាដៃមួយ ហៅថា « Indadhanu-ឥន្ទធនូ»។ ស្នាដៃសិល្បៈថ្មីនេះ គឺជាការបង្កើតបាតុភូតឥន្ទធនូ តាមរយៈការបង្កើតភ្លៀងសិប្បនិមិត្ត និងពន្លឺ។ លោក ពន្យល់ពីស្នាដៃរបស់ខ្លួនដូច្នេះថា៖«អ្វីដែលយើងចង់បង្កើតនោះ គឺយើងចង់បង្កើតជាភ្លៀងសិប្បនិមិត្តមួយ ដោយប្រើប្រាស់ពន្លឺ ហើយនៅពេលដែលពន្លឺថ្ងៃ វាមកប៉ះទង្គិចជាមួយតំណក់ទឹក នោះវាបង្កើតបានដូចនឹងស្ថានភាពធម្មជាតិ។ នៅពេលមេឃភ្លៀងហើយនោះ មានឥន្ទធនូកើតឡើង។ អ៊ីចឹងអ្វីដែលខ្ញុំចង់បង្កើតនោះ គឺខ្ញុំចង់បង្កើតឥន្ទធនូ ដែលជាធម្មតាយើងឃើញ ក្នុងបាតុភូតធម្មជាតិ ដែលយើងអាចរៀបចំតាមរយៈស្នាដៃសិល្បៈបាន»។ 


 
ស្នាដៃសិល្បៈឥន្ទធនូរបស់ លោក លីណូ ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីភាពអស្ចារ្យ ដោយយកគំរូចេញពីធម្មជាតិ និងបង្កើតជាអ្វីមួយថ្មី ក្នុងន័យពាំនាំភាពស្រស់ស្អាតនៃឥន្ទធនូ មកកៀកនឹងខ្លួនមនុស្ស។ បើតាមលោក លីណូ ការជ្រើសរើសយកគំរូបាតុភូតធម្មជាតិ មកបង្ហាញសាធារណជនពេលនេះ គឺមានគោលបំណងដើម្បីបង្ហាញពីភាពចម្រុះនៃលក្ខណសម្បត្តិមនុស្សគ្រប់រូប និងភាពសុខដុមរមនានៃភាពចម្រុះ ក៏ដូចជាការលើកនិយាយពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ+) ផងដែរ។ 
 
សិល្បករ លោក វុធ លីណូ លើកឡើងថា៖ «ខ្ញុំធ្វើ [ឥន្ទធនូសិប្បនិមិត្ត] នេះឡើង គឺទីមួយ ដែលសំខាន់បំផុតនោះ គឺខ្ញុំចង់បង្កើតនូវបទពិសោធដល់ទស្សនិកជន [ដោយ] គិតថាវាអស្ចារ្យ  គិតថាអ្វីមួយដែលមិនអាចទៅរួច តែវាអាចកើតឡើងសឹងតែមិនគួរឲ្យជឿ។ ទីពីរ [ខ្ញុំ] ចង់ឱ្យមានបទពិសោធល្អមួយ ដែលជាភាពស្រស់ស្អាត»។
 
ស្នាដៃសិល្បៈនេះ ត្រូវបានបង្កើតឡើងសម្រាប់យុទ្ធនាការ «ខ្ញុំទទួលយក» ឬ «I accept» ដើម្បីលើកកម្ពស់ ឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ក្រោមការគាំទ្រពីសហគមន៍ឥន្ទធនូកម្ពុជា(RoCK) ស្ថានទូតកាណាដា និង Odom Garden Park។  លើសពីការងារសិល្បៈ ការបង្កើតឥន្ទធនូសិប្បនិមិត្តនេះ ក៏ជាការបញ្ជូលគ្នារវាងផ្នែកស្ថាបត្យកម្មនិងវិស្វកម្ម ដើម្បីរក្សាលំនឹងគ្រឿងផ្គុំ សោភណភាព និង សុវត្ថិភាព ផងដែរ។ លោក លីណូ បានចំណាយអស់ប្រមាណ៣ខែ ដើម្បីសម្រេចជោគជ័យក្នុងការបង្កើត ឥន្ទធនូសិប្បនិមិត្ត។ 


«ឥន្ទធនូសិប្បនិមិត្ត» ដែលបង្កើតឡើងពីការផ្គុំដោយប្រព័ន្ធតំណក់ទឹក និងពន្លឺ
 
បច្ចុប្បន្នស្នាដៃរបស់លីណូ ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈ នៅសួនឧត្ដម (Odom Garden Park) តាមបណ្តោយដងវិថីព្រះនរោត្ដម រហូតដល់ថ្ងៃទី៩មករា ឆ្នាំ២០២២។ សម្រាប់ពេលវេលា ដែលអាចទស្សនាឥន្ទធនូសិប្បនិមិត្តនេះបានច្បាស់នោះ គឺចន្លោះម៉ោង៣:៤០នាទី ដល់៤:៤០នាទីពេលរសៀល ខណៈពេលយប់ក៏សាធារណជនអាចទស្សនាទិដ្ឋភាពនេះបានដែរ គ្រាន់មានសភាពមិនច្បាស់ដូចពេលថ្ងៃ។ នេះបើតាមការពន្យល់របស់លោក លីណូ។ 
 
គួររម្លឹកផងដែរថា លោក វុធ លីណូ ជាសិល្បករសហសម័យ ជាអ្នករៀបចំកម្មវិធីសិល្បៈ និងជាអ្នកអប់រំមួយរូប។ លោកចាប់អារម្មណ៍ ពីលំហ ប្រវត្តិសាស្ត្រវប្បធម៌ និងការកសាងចំណេះដឹង។ ស្នាដៃសិល្បៈរបស់លោក ភាគច្រើន គឺផ្តោតប្រវត្តិសាស្ត្រ ទស្សនៈអំពីសហគមន៍ ការបង្កើតកន្លែង និងការកសាងទំនាក់ទំនងសង្គម ដោយប្រើប្រាស់សម្ភារៈចម្រុះរួមទាំងរូបថត វីដេអូ ចម្លាក់ ពន្លឺ និងសំឡេង៕
 

Tag:
 ThmeyThmey
  លោក វុធ លីណូ
  ឥន្ទធនូ
© រក្សាសិទ្ធិដោយ thmeythmey.com