អន្តរជាតិ
រដ្ឋមន្រ្តីអង់គ្លេស ប្រកាសគាំទ្រការកាត់បន្ថយពេលចត្តាឡីស័ក លើអ្នកជំងឺកូវីដ-១៩ មកត្រឹម៥ថ្ងៃ
10, Jan 2022 , 9:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
រដ្ឋមន្រ្តីអប់រំអង់គ្លេសលោក Nadhim Zahawi នៅថ្ងៃទី៩ ខែមករា បានលើកឡើងថា ការ​កាត់បន្ថយរយៈពេលធ្វើ ចត្តាឡីស័ក ចំពោះបុគ្គលដែលឆ្លងជំងឺកូវីដ-១៩ ពី ៧ថ្ងៃមកត្រឹម ៥ថ្ងៃ នឹងជួយសម្រួលផលវិបាកក្រុមហ៊ុនដែលរងផលប៉ះពាល់ និងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះបុគ្គលិក។ ការលើកឡើងរបស់រដ្ឋមន្រ្តីអប់រំបែបនេះ ធ្វើឡើងស្របពេលអង់គ្លេស កំពុងមានករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងយ៉ាងខ្លាំង។

 
 
ចាប់តាំងពីជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួន អូមីក្រុងផ្ទុះឡើង​នៅអង់គ្លេស អាជីវកម្ម ​សាលារៀន និងមន្ទីរពេទ្យជាច្រើន កំពុងប្រឈមការខ្វះខាតបុគ្គលិក។ បញ្ហានេះ បាននាំឱ្យមានការអំពាវនាវកាត់បន្ថយរយៈពេលដាក់ចត្តាឡីស័កបន្ថែមទៀត លើអ្នកឆ្លងជំងឺកូវីដ-១៩។ បន្ទាប់ពីការអំពាវនាវនេះ រដ្ឋមន្រ្តីអប់រំអង់គ្លេស បានប្រកាសគាំទ្រវិធានខាងលើ។ 
 
«ខ្ញុំតែងតែទទួលយកនៅដំបូន្មានវិទ្យាសាស្រ្តលើរឿងនេះ។ វាពិតជា ជួយកាត់បន្ថយសម្ពាធមួយចំនួនដល់សាលារៀន  អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម និងបណ្តាវិស័យផ្សេងទៀត»។ លោក Zahawi​​ បានថ្លែងបែបនេះទៅកាន់សារព័ត៌មាន​ Sky News ។ លោករដ្ឋមន្រ្តី បានបន្ថែមថា​ ទីភ្នាក់ងារសន្តិសុខសុខាភិបាលជាតិអង់គ្លេស កំពុងពិនិត្យមើលរយៈពេលនៃការធ្វើចត្តាឡីស័កនោះ។ 
 
ខណៈអត្រាឆ្លងជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងនៅអង់គ្លេស គ្រូបង្រៀន បានអវត្តមាននៅក្នុងសាលារៀន ចំនួន ៨,៥ភាគរយ ហើយអាចនឹងកើនឡើងបន្ថែមទៀត។ រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់បែបនេះ ដោយបន្តថា ក្រសួងអប់រំ កំពុងរៀបចំផែនត្រៀមសម្រាប់អវត្តមានគ្រូកើនរហូតដល់ ២៥​ភាគរយ ក្នុងនោះ ក៏មានផែនការស្នើសុំឱ្យគ្រូចូលនិវត្តន៍មកជួយបង្រៀនវិញដែរ។
 
អត្រាអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅថ្ងៃ៨ ខែមករា បានកើនលើស១៥ម៉ឺននាក់។ ជុំវិញករណីអ្នកស្លាប់នេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក ​​​បូរីស ចនសុន ចេញមុខអំពាវនាវជាថ្មីឱ្យប្រជាជនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ករណីឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។
 
គិតត្រឹមថ្ងៃទី១០ខែមករា ​​អង់គ្លេសមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៤ លាននាក់។ ទន្ទឹមនេះ អង់គ្លេស បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៣៥លានដូស ដោយប្រជាជនខ្លួន ខណៈប្រជាជនអង់គ្លេសចំនួន ៤៧,៧ លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕ 

Tag:
 កូវីដ-១៩
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com