ជាតិ
ទេសចរជាង ៤៥ម៉ឺននាក់ ដើរកម្សាន្តទូទាំងប្រទេស នាថ្ងៃ៧មករា និងចុងសប្តាហ៍
10, Jan 2022 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្ងៃ៧មករា និងចុងសប្តាហ៍ ទេសចរដើរកម្សាន្តទូទាំងប្រទេសមានជាង ៤៥ម៉ឺននាក់ ក្នុងនោះមានទេសចរជាតិប្រមាណ ៤៤ម៉ឺននាក់ និងទេសចរបរទេសផ្ទៃក្នុងមានជាង ១ម៉ឺននាក់។ ទេសចរភាគច្រើនទៅកម្សាន្តនៅ រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ពោធិ៍សាត់ និង បាត់ដំបង។



បរិបទដើរកម្សាន្តរបស់ទេសចរ ចាប់ផ្ដើមប្រែប្រួលចាប់តាំងពីមានការរីករាលនៃជំងឺកូវីដ-១៩។ ពីមុនទេសចរ ចេញដើរលេង តែពេលមានពិធីបុណ្យទានធំៗប៉ុណ្ណោះ តែបច្ចុប្បន្នរៀងរាល់ចុងសប្តាហ៍ភ្ញៀវជាតិ តែងដើរកម្សាន្តតាមរមណីយដ្ឋាននានា។


 
ការណ៍នេះ​បានធ្វើឱ្យទិន្នន័យភ្ញៀវទេសចរ តែងកើនឡើងស្ទើរគ្រប់ចុងសប្តាហ៍។ យោងតាមរបាយការណ៍ទិន្នន័យភ្ញៀវទេសចរ ពីក្រសួងទេសចរណ៍ ថ្ងៃឈប់សម្រាក ៧មករា និង ចុងសប្តាហ៍ទី២នៃខែមករានេះ ទេសចរដើរកម្សាន្តទូទាំងប្រទេសមាន ៤៥៦ ៣៣៤នាក់ ក្នុងនោះទេសចរជាតិមាន ៤៤៣ ៣៧៨នាក់ និង ទេសចរអន្តរជាតិ ១២ ៩៥៦នាក់។ រាជធានី-ខេត្តចំនួន៥ មានទេសចរដើរកម្សាន្តច្រើនជាងគេ គឺរាជធានីភ្នំពេញមានទេសចរ ៨៥ ៤៥៨នាក់, ខេត្តព្រះសីហនុ មានទេសចរ ៧០ ៦៤៨នាក់, ខេត្តសៀមរាបមាន ៥០ ៤៥៥នាក់, ខេត្តពោធិ៍សាត់មាន ៤៤ ២៩១នាក់  និងខេត្តបាត់ដំបងមានទេសចរ ៣៥ ៩៥២នាក់។ 


 
ចំណែកខេត្តនៅតំបន់សមុទ្រក៏នៅតែមានភ្ញៀវទេសចរទៅកម្សាន្តច្រើនដែរនាថ្ងៃទី ៧ ដល់ ៩ ខែមករានេះ។ ជាក់ស្ដែង រយៈពេល៣ថ្ងៃនេះ ខេត្តកំពតទទួលបានទេសចរ ៣២ ០៤២នាក់, ខេត្តកោះកុងមានភ្ញៀវ ១៤ ៣២៦នាក់ ខណៈ ខេត្តកែប មានភ្ញៀវទេសចរចំនួន ៣ ១៣៥នាក់។
 
បន្ថែមពីនេះ តំបន់ឦសាន្ត ក៏មិនស្ងាត់ភ្ញៀវនោះដែរ។ ខេត្តមណ្ឌលគិរីទទួលបានទេសចររហូតដល់ ១៨ ៣៥៣នាក់, ខេត្តស្ទឹងត្រែងមានភ្ញៀវចំនួន ១១ ៩៩៩នាក់, ខេត្តរតនគិរីទទួលបានទេសចរ ៩ ២៩២នាក់ និងខេត្តក្រចេះ មានទេសចរដើរកម្សាន្ត ៧ ៣២០នាក់។ 


 
គួរបញ្ជាក់ផងដែរថា កាលពីទី៣១ធ្នូ និង ១មករា ដែលជាពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២១-២០២២ ទេសចរដើរកម្សាន្តទូទាំងមានរហូតដល់ជាង ១លាន១សែននាក់ ក្នុងនោះទេសចរអន្តរជាតិមានជិត ៦ពាន់នាក់ ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com