អន្តរជាតិ
ទីក្រុងធានជីន ចាប់ផ្ដើម​រឹតបន្តឹងការធ្វើដំណើរ​ ខណៈវីរុសអូមីក្រុងកំពុងរីករាលដាល
10, Jan 2022 , 5:29 pm        
រូបភាព
ប្រជាជនក្នុងក្រុងធានជីន មកធ្វើតេស្តរកជំងឺកូវីដ-១៩ ។ រូបភាព៖ Reuters
ប្រជាជនក្នុងក្រុងធានជីន មកធ្វើតេស្តរកជំងឺកូវីដ-១៩ ។ រូបភាព៖ Reuters
បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២១ករណី និង២ករណី ជាវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង នៅថ្ងៃទី៩ ខែមករា អាជ្ញាធរក្រុងកំពង់ផែចិនធានជីន បានសម្រេចចិត្តរឹតបន្តឹងការធ្វើ ដំណើរចេញក្រៅទីក្រុង។ អ្នករស់នៅក្នុងទីក្រុងមួយនេះ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរតំបន់ និងនិយោជកជាមុន ដោយមានភ្ជាប់ជាមួយលទ្ធផលធ្វើតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩ ប្រសិនបើចង់ចេញពីក្រុង។

 
 
ទីក្រុងធានជីន ដែលមានប្រជាជនជាង១៤លាននាក់ ត្រូវបានដាក់ក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង បន្ទាប់ពីគណៈកម្មការសុខភាពជាតិចិន នៅថ្ងៃទី៩ ខែមករា បានប្រកាសថា ទីក្រុង មួយនេះមានករណីឆ្លងជំងឺកូវីដ-១៩ រោគសញ្ញាចំនួន ២១ករណី។
 
អាជ្ញាធរទីក្រុងមួយនេះ នៅចុងសប្តាហ៍មុខ ក៏បានប្រកាសថា ខ្លួនបានរកឃើញករណី ឆ្លងក្នុងស្រុកចំនួន២ករណីដែរ ទាក់ទងនឹងវីរុសអូមីក្រុង។ ទាក់ទិននឹងករណីឆ្លងវីរុសអូមីក្រុង រដ្ឋាភិបាលក្រុងធានជីង បានប្រកាសអនុវត្តវិធានមួយចំនួន ទាក់ទិននឹងការចាកចេញពីក្រុង  នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃ៩ ខែមករា។
 
វិធានថ្មីទាំងនោះ រួមមានតម្រូវការដែលប្រជាជនរស់នៅក្នុងក្រុង ត្រូវទទួលការអនុញ្ញាតពីនិយោជក ឬអាជ្ញាធរក្នុងសហគមន៍ ព្រមទាំងការធ្វើតេស្តរកជំងឺកូវីដ-១៩ រួចទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈ ពេល ៤៨ ម៉ោង មុនពេលចាកចេញពីទីក្រុងនោះ។ 
 
ចំណែកឯនៅទីក្រុង Anyang ខេត្តហឺណានឯណោះវិញ ករណីឆ្លងក្នុងសហគមន៍នៃវីរុស អូមីក្រុងចំនួន ២ករណីផ្សេងទៀត ត្រូវបានរកឃើញ។ ករណីទាំង២នេះ មានពាក់ព័ន្ធជាមួយ សិស្សមកពីទីក្រុងធានជីន។ នេះបើតាមរបាយការណ៍មួយគាំទ្រដោយ អាជ្ញាធរបក្សកុម្មុយនីស្តនៅទីក្រុង Anyang នៅថ្ងៃទី១០ ខែមករា។ បន្ថែមពីនេះ ទីក្រុង ​Anyang ដែលមានប្រជាជន៥,៥លាននាក់ ត្រូវបានផ្អាកសេវាកម្មរថយន្តក្រុងទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃទី៩ ខែមករាមក។
 
យ៉ាងណាមិញ ចំពោះចំនួនករណីឆ្លងវីរុសអូមីក្រុង នៅទីក្រុងធានជីន និង Anyang មិនទាន់ដឹងប្រាកដថាមានប៉ុន្មានឱ្យច្បាស់នោះទេ។ នៅទូទាំងចិនដីគោក របាយការណ៍ពី ករណីឆ្លងថ្មីក្នុងសហគមន៍មានក្នុងថ្ងៃទី៩ ខែមករាមានចំនួន ៩៧ករណី ។ ក្នុងនោះ ៦០ ករណីត្រូវបានរកឃើញនៅទីក្រុងហឺណាន។ 
 
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ របស់ចិនសរុបមានចំនួនជាង ១០ម៉ឺនករណី និងអ្នកស្លាប់សរុបមានចំនួន ៤៦៣៦នាក់។ ទន្ទឹមនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២,៨៨ពាន់លានដូស ដោយប្រជាជនចំនួន ១,២១ពាន់លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕ 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com