ជាតិ
ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលចំណាយជិត១៥០លានដុល្លារ បានសាងសង់រួចរាល់ហើយ
10, Jan 2022 , 8:59 pm        
រូបភាព
ទិន្នភាពផ្លូវ ក្នុងក្រុងសៀមរាប ក្រោយការកែលម្អ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។
ទិន្នភាពផ្លូវ ក្នុងក្រុងសៀមរាប ក្រោយការកែលម្អ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។
ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលចំណាយទឹកប្រាក់ជិត ១៥០លានដុល្លារ បានសាងសង់រួចរាល់ហើយ តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ និងចំណាយពេល១៣ខែ។ បច្ចុប្បន្ន នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពបន្ថែមប៉ុណ្ណោះ។

 
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុង ខេត្តសៀមរាបនេះ ក្នុងគោលបំណងប្រែក្លាយក្រុងសៀមរាប ក្លាយជាទីក្រុងទំនើប ប្រកបដោយសោភ័ណភាព បរិស្ថានល្អ ទាក់ទាញទេសចរ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលត្រូវបានសាងសង់ក្នុងក្រុងសៀមរាប រួមមាន ផ្លូវជួសជុលអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១,៧៧គីឡូម៉ែត្រ។ ស្ថាបនាផ្លូវក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ និងអ៊ុតក្រាលបេតុងកៅស៊ូពីលើ កម្រាស់៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែង៧,៨៦គីឡូម៉ែត្រ។ 
 
ជួសជុលផ្លូវដោយក្រាលថ្មម៉ិច អ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ, ស្ថាបនាផ្លូវដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។
 
ជាមួយគ្នានេះ ក៏មានការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹក ប្រវែង២៤៨,៧២គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែង១៤៧,០០គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់ ប្រវែង១០១,៧១គីឡូម៉ែត្រផងដែរ។ 


 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន(ពាក់អាវខៀវក្រម៉ៅ) នាឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រៅពីការងារជួសជុលផ្លូវ និងប្រព័ន្ធលូ ក៏មានការដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន បំពាក់កាមេរ៉ាសុវត្ថិភាព ចំនួន២០០ទីតាំង, ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ៥០០៣ដើម, បំពាក់បរិក្ខារចរាចរណ៍, ដំឡើងភ្លើងសញ្ញាចរាចរណ៍ ២០ទីតាំង, ដាំដើមឈើ៣១២៥ ដើម លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ សម្រេចបាន ៧២,៧៤%។
 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងចំណោមទឹកប្រាក់ប្រមាណ ១៤៩ ២១៦ ៥៩៥ ដុល្លារ ក្នុងនោះចំនួន៩លានដុល្លារ ចំណាយលើ ការស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះពលរដ្ឋចំនួន ១២ ២៩៩នាក់។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ដែលបានចុះពិនិត្យវឌ្ឍនភាព គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅថ្ងៃទី៩ ខែមករា បច្ចុប្បន្នការតភ្ជាប់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ សម្រាប់ពលរដ្ឋ សម្រេចបាន៥០ភាគរយហើយ។ 
 
លោក ស៊ុន ចាន់ថុល បន្ថែមដូច្នេះ៖ «ការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ ពីខ្នងផ្ទះប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេ ហើយបង្ហូរចូលទៅប្រព័ន្ធចម្រោះទឹកកខ្វក់ សាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រួចក្នុងជំហានទី១»។ 
 
បើតាម លោក ស៊ុន ចាន់ថុលដដែល បច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយភាគីកូរ៉េបន្ថែមទៀតក្នុងជំហានទី២ ក្រោយបញ្ចប់ជំហានទី១ ដើម្បីពង្រីកសមត្ថភាពនៃការចម្រោះទឹកកខ្វក់ ក្នុងក្រុងសៀមរាប និងលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង៕
 

Tag:
 ThmeyThmey25
  ផ្លូវ៣៨ខ្សែ
  សៀមរាប
  ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com