អន្តរជាតិ
កូរ៉េខាងត្បូង ស្វែងរកការពង្រឹងទំនាក់ទំនងជាមួយតំបន់អាម៉េរិកឡាទីន
10, Jan 2022 , 10:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
កូរ៉េខាងត្បូង នៅឆ្នាំ២០២២  ប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស ១៥ នៅអាម៉េរិកឡាទីន។​ ក្នុងខួបលើកទី៦០ នេះ កូរ៉េខាងត្បូង និងអាម៉េរិកឡាទីនមានបំណងពង្រឹងទំនាក់ទំនងឡើងវិញប្រកបដោយចីរភាព ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបន្តចាប់ដៃគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងឌីជីថល។

 
 
ចាប់តាំងទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង ជាមួយបណ្តាប្រទេសអាម៉េរិកឡាទីន បានរីកសាយយ៉ាងឆាប់រហ័ស។​ មកទល់ពេលនេះ ​​កូរ៉េខាងត្បូងនៅតែមានទំនាក់ទំនងរឹងមាំជាមួយបណ្តាប្រទេសទាំងនោះ។​ ខណៈបណ្តាប្រទេសទាំងនោះ កំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ កូរ៉េខាងត្បូង បានត្រៀមខ្លួនជាស្រេច​ដើម្បីជួយជ្រោមជ្រែងទំនាក់ទំនង ជាពិសេសវិស័យសេដ្ឋកិច្ចឌីជីថល និងបៃតង។ 
 
បណ្តាប្រទេស១៥ នៅតំបន់អាម៉េរិកឡាទីនដូចជាម៉ិកស៊ិក នីការ៉ាហ្គា អាហ្សង់ទីន កូឡុំប៊ី ហុងឌូរ៉ាស ស៊ីលី សាធារណរដ្ឋដូមីនីក ប៉ារ៉ាហ្គាយ កូស្តារីកា អែលសាល់វ៉ាឌ័រ ហៃទី ប៉ាណាម៉ា អេក្វាទ័រ ហ្សាម៉ាអ៊ីក និងក្វាតេម៉ាឡា  មានសារៈសំខាន់កាន់តែខ្លាំងឡើង នៅក្នុងយុទ្ធសាស្ត្រពង្រីកទំនាក់ទំនង (ពិពិធកម្មការទូត) របស់កូរ៉េខាងត្បូង។​ ការពង្រឹងទំនាក់ទំនងជាមួយអាម៉េរិកឡាទីនត្រូវបានដាក់បញ្ចូលក្នុងគម្រោងសំខាន់ៗរបស់ក្រសួងការបរទេសរបស់កូរ៉េខាងត្បូងសម្រាប់ឆ្នាំនេះផងដែរ។
 
«ឆ្នាំនេះ កូរ៉េប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស ១៥ នៅអាម៉េរិកឡាទីន ដែលប្រហែលស្មើនឹងពាក់កណ្តាលនៃបណ្តាប្រទេសនៅក្នុងតំបន់»។ ក្រសួងការបរទេសកូរ៉េខាងត្បូងប្រកាសបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា រដ្ឋាភិបាលកូរ៉េនឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីរំលឹកខួបនេះ និងបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសតំបន់ទាំង២ និងបន្តផ្លាស់ប្តូរក្នុងកម្រិតខ្ពស់។ ​
 
លើសពីនេះ សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា កូរ៉េខាងត្បូង និងបណ្តាប្រទេសនៅអាម៉េរិកឡាទីន មានគោលបំណងស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោយជំងឺកូវីដ-១៩ ។ ដោយហេតុនេះ កូរ៉េ និងបណ្តាប្រទេសនៅអាម៉េរិកឡាទីនអាចសហការគ្នាបន្ថែមទៀតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមិនប៉ះពាល់ដល់បរិស្ថាន ឌីជីថលនីយកម្ម និងវិស័យសុខាភិបាល។ 
 
គណៈកម្មការសេដ្ឋកិច្ចសម្រាប់អាម៉េរិកឡាទីន និងការីប៊ីន (ECLAC) បានព្យាករណ៍ថា សេដ្ឋកិច្ចអាម៉េរិកឡាទីននឹងកើនឡើង ២,៩ភាគរយ ដោយសារជំងឺកូវីដ-១៩ នៅឆ្នាំ២០២២ ​បន្ទាប់ពីកើនឡើង ៥,៩ ភាគរយនៅឆ្នាំ២០២១ ។ បើតាមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចអាម៉េរិកឡាទីននៅទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម-វិនិយោគកូរ៉េ ជំងឺកូវីដ-១៩ ផ្តល់អំណោយផលដល់គម្រោងឌីជីថលនីយកម្មនៅតំបន់អាម៉េរិកឡាទីន ហើយនេះជាឱកាសផ្តល់ឱ្យកូរ៉េខាងត្បូងអាចធ្វើប្រតិបត្តិការក្នុងវិស័យឌីជីថយ៕

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិកឡាទីន
© រក្សាសិទ្ធិដោយ thmeythmey.com