ជាតិ
លោក អាគីរ៉ា បង្ហាញអារម្មណ៍សោកស្ដាយចំពោះការស្លាប់អ្នកដោះមីន៣នាក់
11, Jan 2022 , 9:57 am        
រូបភាព
 លោក អាគីរ៉ា ប្រធានអង្គការដោះមីនកម្ពុជា។
លោក អាគីរ៉ា ប្រធានអង្គការដោះមីនកម្ពុជា។
ដោយ: ថ្មីៗ
សៀមរាប៖ លោក អាគីរ៉ា ដែលបានបង្ហាញអារម្មណ៍សោកស្ដាយជាពន់ពេក ចំពោះការបាត់បង់សមាជិកដោះមីនចំនួន៣នាក់ ក្នុងហេតុការណ៍ផ្ទុះមីនតោននៅខេត្តព្រះវិហារ ។ ចំណែកជនរងគ្រោះម្នាក់នៃហេតុការណ៍នេះ បានដឹកមកព្យាបាលនៅខេត្តសៀមរាប។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១១ មករា នេះ ប្រធានអង្គការដោះមីនកម្ពុជា លោក អាគីរ៉ា ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា លោកបានធ្វើដំណើរទៅខេត្តព្រះវិហារទាំងទឹកភ្នែក ដើម្បីទៅទទួលជនរងគ្រោះ និងអ្នកស្លាប់មកខេត្តសៀមរាប។ លោកបន្តថា នេះជាហេតុការណ៍ដំបូងដែលកើតមានករណីផ្ទុះស្លាប់នេះ ចាប់តាំងពីអង្គការលោក បានប្រតិបត្តិការដោះមីន ពីឆ្នាំ ២០០៨មក។ 
 
លោក អាគីរ៉ា ពន្យល់ពីមូលហេតុនៃការផ្ទុះមីនយ៉ាងដូច្នេះថា៖« កើតឡើងនៅតំបន់មុំបី ជាមីនច្នៃ មីនដាក់អន្ទាក់បង្កៃ អ្នកដោះមីនព្យាយាមជីកកាយដាក់ប្រឡោះកម្ទេចចោល តែវាផ្ទុះទៅ គ្រាប់វាច្រើន ដាក់ត្រួតគ្នា»។ លោក អាគីរ៉ា បន្ថែមទៀតថា ក្រុមការងារបស់លោក តែងដោះមីននៃស្រុកជាំក្សាន្តនេះជារៀងរាល់ឆ្នាំ ហើយប្រតិបត្តិការលើកនេះ មានរយៈពេល២៥ថ្ងៃ។
 
សូមរំលឹកថា ហេតុការណ៍ផ្ទុះមីនតោន កើតឡើងនៅព្រឹកថ្ងៃទី១០ មករា ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យស្លាប់៣នាក់ និងរងរបួសម្នាក់។ ក្រៅពីនេះ ក៏មានហេតុការណ៍ដោយឡែកមួយទៀត ដែលនៅតំបន់ក្បែរគ្នានោះដែរ បណ្ដាលឱ្យស្លាប់ពលរដ្ឋម្នាក់ដែលកំពុងដុតសម្អាតដីដាំដំឡូង៕

Tag:
 អង្គការដោះមីនកម្ពុជា
  អាគីរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com